តំ​បន់Sumyនៃប្រទេសអ៊ុយក្រែន​ត្រូវបានវាយប្រហារជា​បន្តបន្ទាប់ជាមួយនឹងការ​ផ្ទុះជិត៥០០ក្នុងរយៈ​ពេ​លពីរបីថ្ងៃ

មន្ត្រីអ៊ុយក្រែនបាននិយាយថាប្រទេសរុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួនយ៉ាងខ្លាំងទៅលើតំបន់Sumy នៅភាគឦសាននៃប្រទេសនេះ ជាមួយនឹងការផ្ទុះចំនួន៤៨៦ដែលត្រូវបានកត់ត្រាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

ទំព័រUNNរបស់ប្រទេសអ៊ុយក្រែនបានដកស្រង់សម្តីអភិបាលនៃតំបន់Sumyលោក Volodymyr Artyukhថាកាលពីចុងសប្តាហ៍តំបន់ Sumy បានទទួលរងការវាយប្រហារចំនួន៨៣ដង(ការបំផ្ទុះចំនួន៤៨៦ដង) រួមទាំងការវាយប្រហារដោយមីស៊ីលចំនួន៦និងការវាយប្រហារតាមអាកាសចំនួន១១លើក។ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រើប្រាស់កាំភ្លើងធំញឹកញាប់ជាងមុន។អ៊ុយក្រែន​បន្ត​ត្រូវ​ជម្លៀស​ប្រជាជន​ចេញ​ពី​ការ​តាំង​ទីលំនៅ​តាម​ព្រំដែន។យោងតាមលោកArtyukhកងកម្លាំងរុស្ស៊ីបានបាញ់ផ្លោងទៅលើការតាំងទីលំនៅចំនួន៤៦ក្នុងតំបន់ចំនួន១៦ក្នុងតំបន់ហើយការវាយប្រហាររបស់រុស្ស៊ីទៅលើទីក្រុងSumyកំពុងមានការបំផ្លិចបំផ្លាញកាន់តែខ្លាំងឡើង។ ទីក្រុង Sumy, Konotop និង Okhtyrka ត្រូវបានវាយប្រហារដោយគ្រាប់មីស៊ីល។ថ្លែងតាមទូរទស្សន៍កាលពីថ្ងៃទី១៨ខែមីនា អភិបាលខេត្ត Sumy បាននិយាយថាបើធៀបនឹងសប្តាហ៍មុន ការវាយប្រហារបានកើនឡើងយ៉ាងខ្លាំងហើយការប្រើប្រាស់យន្តហោះយុទ្ធសាស្ត្រនិងគ្រាប់មីស៊ីលក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ។ ភូមិ Velyka Pysaivka បានរងការបាញ់ផ្លោងយ៉ាងធ្ងន់ធ្ងរបំផុត។ លោក Artyukh បាន​បន្ថែម​ថាតំបន់ Sumy ត្រូវ​បាន​គេ​ទម្លាក់​គ្រាប់​បែក​ជាង៣ពាន់​ដង​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ។រដ្ឋាភិបាលក្នុងតំបន់Sumyបាននិយាយថាខ្លួនបានជម្លៀសអ្នកស្រុក២៨៥នាក់ រួមទាំងកុមារ២៦នាក់ ចេញពីតំបន់ព្រំដែនកាលពីសប្តាហ៍មុន។ បន្ថែម​ពី​នេះអាជ្ញាធរ​បាន​ប្រាប់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ភ័យ​ស្លន់ស្លោ ហើយ​ជឿជាក់​តែ​ព័ត៌មាន​ផ្លូវការ​ប៉ុណ្ណោះ។អ្នកនាំពាក្យបញ្ជាការប្រតិបត្តិការភាគខាងជើងនៃកងទ័ពអ៊ុយក្រែន លោកVadym Mysnyk បាននិយាយថា កងកម្លាំងរបស់ប្រទេសកំពុងពង្រឹងខ្សែការពារទី១ ទី២ និងទី៣ នៅក្នុងតំបន់ Sumy ជាប់ព្រំដែនរុស្ស៊ី។ "កងកម្លាំងការពារនៅ Sumy អនុវត្តបេសកកម្មប្រយុទ្ធដើម្បីការពារព្រំដែនជាតិនិងរារាំងក្រុមអ្នកស៊ើបការនិងក្រុមចារកម្មរុស្ស៊ីមិនឱ្យឆ្លងកាត់ព្រំដែន" ។តំបន់ Sumy មានព្រំប្រទល់ជាប់តំបន់ Kursk និង Belgorod របស់រុស្ស៊ី ដែលបានទទួលការវាយប្រហារជាច្រើនពីកងកម្លាំងប្រឆាំងរុស្ស៊ីក្នុងរយៈពេលថ្មីៗនេះ៕ពុតសាម៉ាត់
Powered by Blogger.