ក្រុមហ៊ុន​យក្សអាមេរិកPepsiCoប្រកា​សបណ្តា​ក់ទុន៤០​០លា​នដុល្លារបន្ថែម​នៅក្នុងប្រ​ទេ​សវៀតណាម

 Reutersបានឲ្យដឹងថាក្រុមហ៊ុនផលិតអាហារនិងភេសជ្ជៈដ៏ល្បីឈ្មោះ របស់សហរដ្ឋអាមេរិកPepsiCo Incគ្រោងបណ្តាក់ទុនវិនិយោគបន្ថែមទៀត ក្នុងប្រទេសវៀតណាមដើម្បីសាងសង់រោងចក្រថ្មីចំនួន២ដែលដំណើរការដោយថាមពលកកើតឡើងវិញ។

ការប្រកាសផែនការវិនិយោគបន្ថែមនេះ បានធ្វើឡើងក្នុងឱកាសដែលគណៈប្រតិភូនៃសហគ្រាសអាមេរិកជាង៦០សហគ្រាស រួមទាំងក្រុមហ៊ុន Suntory PepsiCo Vietnam Beverage បានមកបំពេញទស្សនកិច្ចការងាររយៈពេល៣ថ្ងៃនៅប្រទេសវៀតណាមក្នុងសប្តាហ៍មុន។យោងតាមប្រភពពីរដ្ឋាភិបាលវៀតណាមបានគូសបញ្ជាក់ឱ្យដឹងថាក្រុមហ៊ុន PepsiCo គ្រោងសាងសង់រោងចក្រថ្មីចំនួន២បន្ថែមទៀត នៅក្នុងប្រទេសរបស់ខ្លួនជាមួយដើមទុនចំនួន៤០០លានដុល្លារ។រោងចក្រផលិតភេសជ្ជៈមួយនឹងស្ថិតនៅក្នុងខេត្តLongAnភាគខាងត្បូងនៃប្រទេសវៀតណាម ដោយគ្រោងចំណាយប្រាក់ជាង៣០០លានដុល្លារ ហើយរោងចក្រមួយទៀតគឺ រោងចក្រកែច្នៃម្ហូបអាហារ នឹងស្ថិតនៅខេត្តHa Namភាគខាងជើងជាមួយនឹងទុនវិនិយោគ៩០លានដុល្លារ។ទោះបីជាយ៉ាងនេះក្តី របាយការណ៍​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ពេល​វេលា​ នៃ​ការ​ដាក់​ឱ្យដំណើរការ​រោងចក្រ​ទាំង​២នេះនោះ​ទេ។ បច្ចុប្បន្ន ក្រុមហ៊ុន PepsiCo កំពុងដំណើរការរោងចក្រចំនួន៥កន្លែង នៅទូទាំងប្រទេសវៀតណាម ក្រោយពីបានឈានជើងចូលប្រទេសនេះក្នុងឆ្នាំ១៩៩៤។កាលពីចុងឆ្នាំ២០២៣កន្លងទៅក្រុមហ៊ុនPepsiCoធ្លាប់អះអា​ងថាខ្លួនបានទទួលវិញ្ញាបនបត្រវិនិយោគ សម្រាប់សាងសង់រោងចក្រនៅខេត្ត Ha Nam ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងត្រីមាសទី៣នៃឆ្នាំ២០២៥ខាងមុខនេះ៕


Powered by Blogger.