កាសែតចិនបាន​ចេញផ្សាយអត្ថបទលើក​តម្កើងលោកស៊ី ជីនពីង​ជាអ្នកកែទម្រង់ទី​ផ្សារក្នុងយុគស​ម័យថ្មី

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានលើកសរសើរលោកប្រធានាធិបតីចិន ស៊ី ជីនពីងថាជាអ្នកធ្វើកែទម្រង់ទីផ្សារក្នុងយុគសម័យថ្មីប្រៀបស្មើនឹងអតីតមេដឹកនាំកំពូលចិនគឺលោកតេងស៊ាវពីង។

អត្ថបទដែលមានជិត៦.០០០ពាក្យត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី១២ ខែមីនា ដោយទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua ជាភាសាអង់គ្លេស បានលើកតម្កើង លោកស៊ី ជីនពីង ថាជា “អ្នកកែទម្រង់ដ៏ឆ្នើមម្នាក់ទៀត ”បន្ទាប់ពីលោក តេងដែលបានដឹកនាំការបើកចំហរបស់ប្រទេសចិន នៅចុងសតវត្សទី២០ហើយបានប្រែក្លាយចិនទៅជាមហាអំណាចសេដ្ឋកិច្ច។អត្ថបទដ៏វែងអន្លាយនោះ បានរៀបរាប់លម្អិតអំពីសមិទ្ធិផលរបស់លោក ស៊ី ក្នុងការធ្វើកំណែទម្រង់ទីផ្សារនិងសេដ្ឋកិច្ចក្នុងរយៈពេល២ទសវត្សរ៍កន្លងមក រួមទាំងការរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋ ជំរុញការច្នៃប្រឌិតបច្ចេកវិទ្យា និងការទាក់ទាញការវិនិយោគបរទេ​ស ដូចជា ក្រុ​មហ៊ុនសំណង់ Tesla Gigafactoryជាដើម។ការ​លើកតម្កើងលោក ស៊ី ជីនពីង ជា​អ្នក​ធ្វើ​កំណែ​ទម្រង់​ ហាក់​មាន​ចេតនា​ ដើម្បីស្តារទំនុក​ចិត្ត​លើ​សេដ្ឋកិច្ច​ចិនឡើងវិញ។អត្ថបទដែលមានជិត៦.០០០ពាក្យនេះ ត្រូវបានចុះផ្សាយមួយថ្ងៃ បន្ទាប់ពីការបិទកិច្ចប្រជុំសភាជាតិ ប្រចាំឆ្នាំរបស់ប្រទេសចិននៅទីក្រុងប៉េកាំង។នៅក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំរបស់បក្សកុម្មុយនិស្តចិនបានបង្ហាញនូវគោលដៅកំណើនសេដ្ឋកិច្ច ប្រកបដោយមហិច្ឆិតាសម្រាប់ឆ្នាំ២០២៤ ក្នុងរង្វង់ប្រមាណ៥% ប៉ុន្តែគោលដៅកំណើននេះ បានជំរុញឱ្យមានការជជែកវែកញែក ក្នុងចំណោមក្រុមសេដ្ឋវិទូមួយចំនួន។ជាមួយគ្នានេះក្រុមមន្ត្រីបក្សបានសង្កត់ធ្ងន់លើតួនាទីស្នូលរបស់លោកស៊ីជីនពីងក្នុងការដឹកនាំសេដ្ឋកិច្ចចេញពីជំងឺរាតត្បាត ទោះបីជាការស្ទុះងើបឡើងវិញរបស់សេដ្ឋកិច្ចចិន មិនមានសន្ទុះខ្លាំងដូចការរំពឹងទុកយ៉ាងណាក្តី។អត្ថបទរបស់សារពត៌មាន Xinhua បានសរសេរថា ការថ្លែងរបស់លោក ស៊ី ជីនពីង ក្នុងអំឡុងសម័យប្រជុំសភាប្រចាំឆ្នាំ បានលុបបំបាត់ការព្រួយបារម្ភ អំពីសេដ្ឋកិច្ចចិនដែលកំពុងបាត់បង់សន្ទុះ។អត្ថបទនោះក៏បានគូសរំលេចផងដែរ នូវសន្និបាតបក្សមួយ ដែលបានកោះប្រជុំក្នុងឆ្នាំ២០១៣ ក្រោមការដឹកនាំរបស់លោក ស៊ី ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ប្រៀបដូចជាកិច្ចប្រជុំ ដែលដឹកនាំដោយលោកតេងក្នុងឆ្នាំ១៩៧៨ នៅពេលដែលលោកបានដឹកនាំប្រទេសចិនឈានជើងចូលយុគសម័យកំណែទម្រង់។ទីភ្នាកងារសារពត៌មាន Xinhua បានបន្ថែមថា “ព្រឹត្តិការណ៍ឆ្នាំ២០១៣ បានកត់សម្គាល់ពីការចាប់ផ្តើមនៃយុគសម័យថ្មី នៃកំណែទម្រង់របស់លោក ស៊ី ជីនពីង បន្ទាប់ពីលោកតេង ស៊ីវពីង”៕

Powered by Blogger.