លោកជំទាវ​​ផេថ​ងថាន ស៊ីណាវ៉ាត់​ត្រាចូលជួបសម្តែងការគួ​រសម​និងពិភាក្សាការងា​​រសម្តេចធិបតី

សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកជំទាវផេថងថាន ស៊ីណាវ៉ាត់ត្រា អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃនិងជាប្រធានគណបក្សភឿថៃចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូចូលជួបសម្តែងការគួរសមព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។លោកជំទាវក៏បានអបអរសាទរផងដែរចំពោះជោគជ័យនៃការបោះឆ្នោតព្រឹទ្ធសភា នៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរដែលបានផ្ដល់ផលប្រយោជន៍ទៅវិញទៅមកចំពោះប្រជាជន និងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោកជំទាវក៏បានសម្តែងអំណរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលបានអញ្ជើញលោកជំទាវមកបំពេញទស្សនកិច្ចនៅកម្ពុជា។លោកជំទាវបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ នឹងកាន់តែរឹងមាំបន្ថែមទៀតនិងត្រូវបានពង្រីកលើវិស័យសំខាន់ផ្សេងៗទៀត រួមទាំង ការលើកកម្ពស់តួនាទីរបស់ស្រ្តី ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាព្រមទាំងបានសម្តែងការអបអរសាទរជូនចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាប្រធានគណបក្សភឿថៃព្រមទាំងបានផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ផងដែរ។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិងបានជម្រាបជូនអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីទៅកាន់ព្រះរាជាណាចក្រថៃ កាលពីខែកុម្ភៈ កន្លងទៅដែលបានរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យជាច្រើនរួមទាំង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការងារ ជាដើម។ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រានិងគណៈប្រតិភូឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ច និងទទួលបានក្តីសោមនស្សរីករាយក្នុងការស្នាក់នៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕

Powered by Blogger.