ក្រុមហ៊ុ​នដ៏ល្បីរប​ស់អូស្រ្តាលីបង្ហាញបំ​ណងវិនិយោគលើ​សេវា​កម្មមជ្ឈមណ្ឌលគាំទ្រប្រតិ​បត្តិកា​រធុរកិច្ចនៅ​កម្ពុជា

 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក Arj Samarakoon នាយកប្រតិបត្តិ និងជាស្ថាបនិក ក្រុមហ៊ុន Plus94 Fund ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។នាឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

ក្នុងជំនួបលោកArjSamarakoonនាយកប្រតិបត្តិបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតីដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។លោកនាយកប្រតិបត្តិបានគោរពជម្រាបជូន សម្ដេចធិបតីអំពីសកម្មភាពអាជីវកមុ្មរបស់ក្រុមហ៊ុន Plus94 Fund ដែលកំពុងមានប្រតិបត្តិការនៅតាមបណ្ដាប្រទេសចំនួន១៤នៅលើពិភពលោក និងមានបុគ្គលិកបម្រើការងារចំនួន ៥ ០០០ នាក់ ដោយផ្ដល់សេវាកម្មប្រឹក្សាយោបល់និងសេវាគាំទ្រប្រតិបត្តិការអាជីវកម្មដូចជា សេវា Call Center និងសេវាគ្រប់គ្រងទិន្នន័យអាជីវកម្ម។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិក៏បានបង្ហាញបំណងវិនិយោគលើការផ្ដល់សេវាកម្មមជ្ឈមណ្ឌលគាំទ្រប្រតិបត្តិការធុរកិច្ច នៅកម្ពុជាផងដែរ។លោកនាយកប្រតិបត្តិ ក៏បានជម្រាបបន្ថែមទៀតថា ក្រោយដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុន កាលពីឆ្នាំ២០២៣នៅប្រទេសកម្ពុជាក្រុមហ៊ុនបានកត់សម្គាល់ឃើញនូវគុណសម្បត្តិប្រកួតប្រជែងរបស់កម្ពុជាដែលមានដូចជាភាពប្រកួតប្រជែងខាងប្រាក់ឈ្នួល ជាមួយនឹងកម្លាំងពលកម្ម ដែលមានសមត្ថភាព ជំនាញ និងភាសាបរទេស ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ដែលជាបុរេលក្ខខណ្ឌដ៏សំខាន់សម្រាប់ការវិនិយោគ។ជាការឆ្លើយតប សម្តេចធិបតីបានសម្តែងនូវការស្វាគមន៍និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកនាយកប្រតិបត្តិ និងអរគុណចំពោះក្រុមហ៊ុន Plus 94 Fundដែលបានបង្ហាញពីបំណងក្នុងការបណ្តាក់ទុនវិនិយោគលើការផ្ដល់សេវាកម្មមជ្ឈមណ្ឌលគាំទ្រប្រតិបត្តិការធុរកិច្ច។សម្តេចធិបតីក៏បានគូសបញ្ជាក់ជូនលោកប្រធានក្រុមហ៊ុន អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ទន្ទឹមនឹងនោះសម្តេចធិបតី ក៏បានគូសបញ្ជាក់ជូនដល់ លោកនាយកប្រតិបត្តិ អំពីសក្ដានុពលនៃកម្លាំងពលកម្មរបស់កម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជន មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យប្រមាណ១លាន៥សែននាក់សំដៅលើកកម្ពស់គុណភាពសមត្ថភាពនិងផលិតភាពនៃពលកម្មរបស់កម្ពុជាដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ទីផ្សារ និងវិនិយោគិន។សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធកម្ពុជា ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសម្របសម្រួល និងគាំទ្រ និងរៀបចំផែនការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ៕

Powered by Blogger.