ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគម្រោងរៀបចំការសិក្សាសមិទ្ធិលទ្ធភាពផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះថ្មីនិងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ(Metro) ត្រូវបានក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group ធ្វើបទបង្ហាញជូនគណៈកម្មការអន្តរក្រសួងកាលពីថ្ងៃសៅរ៍ ដើម្បីពិនិត្យសុំធាតុចូលបន្ថែម។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI5RBc-mt8sasO2jJi3LVOxMx3iILrFlOoMV8TXq-3UMjrwLeHqWmzRD0T8Zq0AQb6jIolBHrQcAt6x-2kRRNi4SAjoeKadkRm0eE0y7mAyWTbq75n0loQbt4-Ge3NE83vX2AujtbFOv-znltKEQ_liVpb5WBBBgFKi_QYjA3DiDnOeHddXVh3Dy8wo5kM/w640-h426/432045197_822685089889759_8701924412659173489_n.jpg) |
|
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំពិភាក្សាជាមួយក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group អំពីគម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ។ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីលោកប៉េង ពោធិ៍នាក្រសួងសាធារណការ និងជាសមាជិកគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោងទាំងនេះ។កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីស្ដាប់បទបង្ហាញរបស់ក្រុមហ៊ុនអំពីទស្សនាទានជារួមរបស់ទីក្រុងភ្នំពេញរួមមានទំហំទីក្រុងចំនួនប្រជាពលរដ្ឋ ស្ថានភាពនៃការប្រើប្រាស់ផ្លូវថ្នល់ ក៏ដូចជាពិនិត្យលទ្ធភាពដំបូងលើគម្រោងរៀបចំការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងទាំងនេះ។លោក ស៊ុន ចាន់ថុល ក៏បានជម្រាបជូនអំពីសវតាខ្លះៗកន្លងមកនៃការសិក្សាសមិទ្ធិលទ្ធភាពលើប្រទេសរថភ្លើងផ្សេងគ្នាពីស្ថាប័នផ្សេងៗដើម្បីពិនិត្យមើលជម្រើសដែលសមសម្របសម្រាប់ទីក្រុងភ្នំពេញ រួមមានការសិក្សាសមិទ្ធិលទ្ធភាពលើប្រភេទរថភ្លើង AGT ដោយ JICA ជប៉ុន ការសិក្សាសមិទ្ធិលទ្ធភាពលើប្រភេទរថភ្លើង Monorail ដោយក្រុមហ៊ុន CCECC និងការសិក្សាសមិទ្ធិលទ្ធភាពលើប្រភេទផ្លូវរថភ្លើងក្រោមដី ដោយក្រុមហ៊ុន CCCC ផងដែរ។
កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងក្រោយដំណើរទស្សនកិច្ចទាក់ទាញវិនិយោគិនរបស់លោក ឧបនាយករដ្ឋមន្ត្រី កាលពីពេលកន្លងទៅដើម្បីឈ្វេងយល់អំពីការអភិវឌ្ឍគម្រោងផ្លូវរថភ្លើងក្រោមដី(Metro) ក្នុងទីក្រុងក្វាវចូវ ដែលសាងសង់ដោយក្រុមហ៊ុន Guangzhou Metro Group រួមសម្របសម្រួលដោយក្រុមហ៊ុន China Metro Group។ស្ថានីយ៍រថភ្លើងក្រោមដីក្វាវចូវមានប្រហែល៥០ខ្សែហើយត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើប និងប្រព័ន្ធឌីជីថលដើម្បីតាមដាននិងគ្រប់គ្រងប្រតិបត្តិការរបស់រថភ្លើងនិងស្ថានីយ៍៕
Post a Comment