កម្ពុជា-ហ្វីលីពី​នបន្តពង្រីកកិច្ចស​ហប្រតិបត្តិកា​រឱ្យកាន់​តែរឹង​មាំបន្ថែមទៀត

 សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជានិងឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូសជេអប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីននាព្រឹកថ្ងៃទី៤ខែមីនា ឆ្នាំ២០២៤បានជួបពិភាក្សាការងារទ្វេភាគីក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។


ជាកិច្ចចាប់ផ្តើមថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមកដោយក្ដីសោមនស្សរីករាយនិងបានបញ្ជាក់ថា ជំនួបនេះជាឱកាសដ៏មានសារៈសំខាន់ ដើម្បីពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ក្នុងជំនួបនេះថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាលើវិស័យសំខាន់ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម និងជាផលប្រយោជន៍រួមរវាងកម្ពុជា និងហ្វីលីពីន ដែលរួមមានដូចជា៖ វិស័យពាណិជ្ជកម្ម វិស័យការពារជាតិ និងការតភ្ជាប់។ ក្នុងវិស័យពាណិជ្ជកម្ម ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា ដើម្បីសម្របសម្រួល និងជំរុញការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីននិងបានជំរុញបន្ថែមការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនបន្ថែមទៀតដើម្បីបង្កើនកាលានុវត្តភាពពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ចំពោះការតភ្ជាប់ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដោយ សម្តេចធិបតីនិងឯកឧត្តមប្រធានាធិបតី បានឯកភាពគ្នា ដើម្បីសិក្សា និងជំរុញការតភ្ជាប់ជើងហោះហើរបន្ថែមទៀត និងការតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ រវាងប្រទេសទាំងពីរឱ្យបានកាន់តែសម្បូរបែប។ ដោយឡែក ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការល្អប្រសើរនាពេលកន្លងមក ជាមួយនឹងការប្ដេជ្ញាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីឈានទៅដល់ការធ្វើលំហាត់រួមគ្នាទ្វេភាគីនាថ្ងៃអនាគត។ ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើការងារមួយចំនួនទៀតពាក់ព័ន្ធទៅនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម រវាងកម្ពុជា-ហ្វីលីពីន ៕   

Powered by Blogger.