កាលពីថ្ងៃអង្គារសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបាននិយាយថា អាកាសយានដ្ឋានអន្តរជាតិតេជោនឹងជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជំរុញការអភិវឌ្ឍភស្តុភារកម្មនិងលើកកម្ពស់ប្រជាប្រិយភាពរបស់កម្ពុជានៅទូទាំងពិភពលោក ហើយនៅពេលដែលអាកាសយានដ្ឋានអន្តរជាតិនេះបានបញ្ចប់ការសាងសង់នឹងអាចទទួលអ្នកដំណើរបាន៥០លាននាក់ក្នុងមួយឆ្នាំៗ។សម្តេចធិបតីបានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោដំណាក់កាលទី១ ដែលជាអាកាសយានដ្ឋានលំដាប់ 4F ដែលអាចទទួលយន្តហោះខ្នាតធំបំផុតរួមមាន Airbus A380 និង Boeing 747 ។
|
|
សម្តេចនាយករដ្ឋមន្រ្តីបានបន្ថែមថាគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិនេះ ចែកចេញជាបីដំណាក់កាល។ ដំណាក់កាលទី១ អាកាសយានដ្ឋាននឹងអាចសម្រួលអ្នកដំណើរបានប្រហែល១៣លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ អាចទទួលអ្នកដំណើរបានចំនួន៣០ លាននាក់ ហើយដំណាក់កាលចុងក្រោយនឹងអាចទទួលអ្នកដំណើរបានរហូតដល់៥០ លាននាក់នៅពេលដែលគម្រោងត្រូវបានបញ្ចប់។គំនិតផ្តួចផ្តើមសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ កើតចេញពីចក្ខុវិស័យរបស់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានសម្រេចចិត្តសាងសង់អាកាសយានដ្ឋានអន្តរជាតិលើផ្ទៃដីទំហំ២៦០០ហិកតា ជាមួយនឹងទុនវិនិយោគចំនួន ១,៥ ពាន់លានដុល្លារ ដែលទទួលសាងសង់ដោយក្រុមហ៊ុន OCIC។ សម្តេចបានបន្ថែមថា អាកាសយានដ្ឋានអន្តរជាតិដែលស្ថិតនៅនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គឺជាទីតាំងយុទ្ធសាស្ត្ររវាងក្រុងតាខ្មៅ និងខេត្តតាកែវ។សម្តេចបានសង្កត់ធ្ងន់ថា អាកាសយានដ្ឋានអន្តរជាតិនេះ នឹងបម្រើគោលបំណងធំៗចំនួន៣ដោយសារវាមានសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ តាមរយៈគ្រឿងបរិក្ខារទំនើបៗ រួមចំណែកជំរុញការអភិវឌ្ឍន៍ផ្នែកភស្តុភារកម្ម បន្តក្លាយជាគម្រោងប្រវត្តិសាស្ត្រដែលនឹងលើកកម្ពស់ប្រជាប្រិយភាពរបស់កម្ពុជានៅទូទាំងពិភពលោក ហើយគម្រោងនេះនឹងទាក់ទាញលំហូរសេដ្ឋកិច្ចឆ្ពោះទៅកាន់ប្រជាជនដែលរស់នៅតំបន់ភាគនិរតីនៃប្រទេស។សម្តេចធិបតីបានលើកឡើងទៀតថា “អាកាសយានដ្ឋានថ្មីនេះនឹងក្លាយជាកត្តាសំខាន់មួយក្នុងការរួមចំណែកទាក់ទាញភ្ញៀវទេសចរក្នុងរាជធានីភ្នំពេញ និងក្នុងប្រទេសទាំងមូល។ លើសពីនេះ វាក៏នឹងអាចទាក់ទាញពាណិជ្ជករបរទេសមកបណ្តាក់ទុនក្នុងប្រទេសយើង ពង្រីកផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក។ទន្ទឹមនឹងនេះ ការដ្ឋានសំណង់របស់អាកាសយានដ្ឋានបានបង្កើតការងារសម្រាប់ប្រជាពលរដ្ឋប្រមាណ៨ពាន់នាក់»។សម្តេចបានបន្តទៀតថាសម្តេចធ្លាប់បានឃើញអាកាសយាន្តដ្ឋានធំៗជាច្រើនលើពិភពលោក។ប៉ុន្តែវាមិនបានធ្វើអោយលោករំភើបនោះទេ បើធៀបនឹងបានឃើញអាកាសយានដ្ឋានអន្តរជាតិនេះ ព្រោះវាជាកម្មសិទ្ធិរបស់ប្រជាជនកម្ពុជា ហើយគ្រប់គ្នាក្នុងប្រទេសគួរមានមោទនភាពចំពោះសមិទ្ធិផលដ៏អស្ចារ្យនេះ ព្រោះវាជាសមិទ្ធិផលប្រវត្តិសាស្ត្រដំបូងបង្អស់ដែលលេចឡើងនៅលើទឹកដីកម្ពុជា។ពាក់ព័ន្ធនឹងព័ត៌មានអវិជ្ជមានស្តីពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលផ្សាយតាមវិទ្យុ សម្តេចនាយករដ្ឋមន្រ្តីមិនជឿថាមានមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និយាយផលអវិជ្ជមាន លើគម្រោងព្រែកជីកហ្វូណន-តេជោ ដូចការផ្សាយរបស់វិទ្យុនោះទេ។យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់មានតម្លៃ ១,៧ ពាន់លានដុល្លារ ដែលគេស្គាល់ថាជាគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលគ្រោងនឹងបើកការដ្ឋានសាងសង់មុនដំណាច់ឆ្នាំនេះ៕
Post a Comment