រាជរដ្ឋាភិបាល​​កម្ពុជាគ្រោងប្រកា​ស៤ខេត្តបន្ថែ​ម​ទៀតនឹ​ងគ្មានមីន

ចាប់ពីឆ្នាំ២០២២រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសរាជធានីខេត្តចំនួន១៤ ជារាជធានី ខេត្តអស់មីន រួមមាន ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ និងខេត្តមណ្ឌលគិរីក្នុងសារលិខិតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណតនាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងឱកាសប្រារព្ធខួបលើកទី២៥នៃទិវាជាតិយល់ដឹងអំពីមីន២៤កុម្ភៈ២០២៤បានឲ្យដឹងថា«ឆ្នាំ២០២៤នេះកម្ពុជាគ្រោងនឹងប្រកាសខេត្ត ចំនួន៤បន្ថែមទៀតរួមមាន ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តសៀមរាបនិងខេត្តរតនគិរីជាខេត្តអស់មីន។

សកម្មភាព​ដោះ​មីន​របស់​ស៊ីម៉ាក់ខេត្តបាត់តំបង​នា​ពេល​កន្លង​មក​។សហការី
សារលិខិតសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាចាប់តាំងពីយើងចាប់ផ្តើមស្ដារការរស់ឡើងវិញនិងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរាជរដ្ឋាភិបាលបានកំណត់យកសកម្មភាពមីនជាផ្នែកមួយដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយកាត់បន្ថយភាពក្រីក្រនិងផែនការយុទ្ធសាស្ត្រជាតិសំខាន់ៗ។ ដោយមើលឃើញពីសារសំខាន់នេះ និងដើម្បីជាការចូលរួមចំណែកជាប្រទេសគំរូមួយក្នុងតំបន់និងពិភពលោក រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់បញ្ចូលសកម្មភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះចូលជាគោលដៅទី៩នៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងដាក់បញ្ចូលជាគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជាដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ដើម្បីអនុម័តរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥នៅទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥។ នាសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ក្នុងនាមជានាយករដ្ឋមន្ត្រីខ្ញុំក៏បានថ្លែង“បន្ថែមពីលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងក្របខ័ណ្ឌសកលកម្ពុជាក៏បានបន្ថែមគោលដៅដោយឡែករបស់ខ្លួនទាក់ទងនឹងសកម្មភាពមីនគឺកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥។ក្នុងការខិតខំប្រឹងប្រែងនេះកម្ពុជាសូមអំពាវនាវឱ្យមានការបន្តផ្តល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសលើសកម្មភាពមីនបន្ថែមទៀត។ យើងក៏សូមលើកទឹកចិត្តឱ្យមានការចូលរួមឱ្យបានកាន់តែទូលំទូលាយពីសហគមន៍អន្តរជាតិដើម្បីបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលជាឃាតកលាក់មុខនិងបន្តគំរាមកំហែងដល់សន្តិសុខមនុស្សជាតិបើទោះបីជាសង្គ្រាមប្រដាប់អាវុធបានបញ្ចប់ក្តី»។សម្ដេចធិបតីបានបញ្ជាក់បន្ថែមថាទោះបីកម្ពុជាជាប្រទេសមួយធ្លាប់បានឆ្លងកាត់និងទទួលរងនូវការបំផ្លិចបំផ្លាញដោយសង្គ្រាមរ៉ាំរ៉ៃព្រមទាំងប្រឈមនឹងបញ្ហាមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ដែលបង្កឱ្យប្រជាជនស្លូតត្រង់ស្លាប់ របួស និងពិការរាប់ពាន់នាក់ក៏កម្ពុជានៅបន្តខិតខំចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុរក្សាសន្តិភាព និងសកម្មភាពបោសសម្អាតមីនទូទាំងសកលលោក ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។គិតពីឆ្នាំ២០០៦មក កម្ពុជាបានខិតខំចែករំលែកនិងបញ្ជូនកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីននិងអ្នកអង្កេតការណ៍របស់ខ្លួនដើម្បីចូលរួមចំណែកសម្រាលទុក្ខលំបាកជូនដល់ប្រទេសផ្សេងៗដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដូចជាប្រទេសស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង ប្រទេសលីបង់ ប្រទេសស៊ីរី ប្រទេសស៊ីប ប្រទេសយេម៉ែន ប្រទេសឆាដ ប្រទេសម៉ាលី ប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសកុងហ្គោ។ជាសមិទ្ធផល កម្ពុជាទទួលបានស្នាដៃដ៏ធំធេងជាច្រើនដូចជាការបោសសម្អាតមីន ការកម្ទេចគ្រាប់មិនទាន់ផ្ទុះការស្ថាបនាសំណង់ផ្តេកសំណង់បញ្ឈរជួសជុលថែទាំព្រលានយន្តហោះពង្រឹងសន្តិសុខសណ្តាប់ធ្នាប់និងបំពេញការងារមនុស្សធម៌ផ្សេងៗដល់ប្រជាជន ក្នុងតំបន់បេសកកម្មដែលមានហានិភ័យខ្ពស់៕


Powered by Blogger.