នាយ​ករដ្ឋមន្ត្រីកម្ពុជាបញ្ជាឲ្យគណៈអ​ភិបាលរាជធានី-ខេត្តចាត់វិ​ធានការបន្ទាន់នូវល្បែងផ្សងសំ​ណាងតាមមូ​លដ្ឋាន

សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារជាសម្លេងនារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាដល់ឯកឧត្តមលោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ឲ្យចាត់វិធានការជាបន្ទាន់នូវការត្រួតពិនិត្យល្បែងផ្សងសំណាងនៅតាមមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីដែលមានបន្តបើកថ្មីថែមទៀត ត្រូចាត់វិធានការបិទជាបន្ទាន់។

សម្តេចធិបតីបានបញ្ជាក់ថាកាលពីថ្មីៗកន្លងទៅនេះសម្តេចចេញបទបញ្ជារួចហើយឱ្យផ្អាកការចេញអាជ្ញាបណ្ណផ្តល់សិទ្ធិឱ្យមានការបើកល្បែងផ្សងសំណាង នៅតាមមូលដ្ឋាន។ ជាមួយគ្នានេះសម្តេចក៏បានឱ្យគណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ចំណុះឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដឹកនាំប្រជុំជាបន្ទាន់ជាមួយអាជ្ញាធររាជធានីខេត្តដើម្បីពិនិត្យឡើងវិញនូវគោលការណ៍និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានា នៅទូទាំងប្រទេសកម្ពុជា។សម្តេចបានបន្ថែមដូច្នេះថា៖ «ខ្ញុំសូមឱ្យឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ចាត់វិធានការជាបន្ទាន់នូវការត្រួតពិនិត្យល្បែងផ្សងសំណាងនៅតាមមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្នុងករណីដែលមានបន្តបើកថ្មីថែមទៀតសូមចាត់វិធានការបិទជាបន្ទាន់ហើយរាយការណ៍ត្រង់មកខ្ញុំដើម្បីចាត់វិធានការដើម្បីឈានទៅដកអាជ្ញាបណ្ណនៅក្នុងខេត្តគឺនៅទូទាំងប្រទេសតែម្តង»។សម្តេចហ៊ុនម៉ាណែតបានលើកឡើងទៀតថាពេលវេលានេះទៅមុខគឺជាពេលវេលាដែលភាគីទាំងអស់ត្រូវចូលរួមទាំងអស់គ្នាអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការកសាងនិងពង្រាយសមិទ្ធផលវិជ្ជមាន ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវថ្នល់ ភ្លើងប្រឡាយទឹក ពង្រាយមន្រ្តីកសិកម្ម នៅមូលដ្ឋាន បង្កើតរោងចក្រសហគ្រាស នៅតាមមូលដ្ឋាន ដើម្បីជួយបង្កើតការងារ និងចំណូលជូនដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន មិនមែនជាពេលវេលាដែលត្រូវយកចិត្តទុកដាក់ ពង្រាយទីតាំងល្បែងនោះទេ ទោះបីជាមានច្បាប់អនុញ្ញាតក៏ដោយ៕ 

Powered by Blogger.