សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤បានអនុញ្ញាតឱ្យ លោក សាន ជានមីង (Shan Jianming) ប្រធានក្រុមហ៊ុន Mizuda Group និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព។
|
|
ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន Mizuda Group បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និង សហការី ចូលជួបសម្ដែងការគួរសម និងបានគោរពជម្រាបជូន សម្តេចធិបតី ថា ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mizuda Group ផ្តល់សេវាបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និង សំណល់រឹង នៅរាជធានីភ្នំពេញក្នុងអំឡុងពេលប្រមាណ៣ឆ្នាំដែលក្រុមហ៊ុនទទួលបានការទទួលស្គាល់ពីអាជ្ញាធរនិងសាធារណជនទូទៅ។ក្នុងពេលជាមួយគ្នា ក្រុមហ៊ុនក៏បានផ្តល់សេវាផ្សព្វផ្សាយកម្មវិធីការយល់ដឹងស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹងក្នុងភូមិសាស្រ្តមួយចំនួននៅរាជធានីភ្នំពេញ និងបានបង្កើតការងារដល់ប្រជាជនកម្ពុជាចំនួន៧១០កន្លែង។ លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីគោលបំណងរបស់ក្រុមហ៊ុនMizudaGroupក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងការផលិតថាមពលអគ្គិសនីពីសំណល់ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបច្ចេកទេសទំនើបនិងការការពារបរិស្ថានកម្រិតខ្ពស់នៅក្នុងរាជធានីភ្នំពេញផងដែរ។ជាការឆ្លើយតបសម្តេចធិបតីបានសម្តែងនូវសេចក្តីសោមនស្សរីករាយនិងវាយតម្លៃខ្ពស់ចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ដែលបាន និងកំពុងសហការយ៉ាងល្អ ជាមួយសាលារាជធានីភ្នំពេញនៅក្នុងការផ្តល់សេវាបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមនិងសំណល់រឹងដែលជាការចូលរួមចំណែកនៅក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋក៏ដូចជាការចូលរួមចំណែកនៅក្នុងការថែរក្សាបរិស្ថានក្នុងភូមិសាស្រ្តនៃរាជធានីភ្នំពេញផងដែរ។ចំពោះគោលបំណងក្នុងការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនក្នុងការផលិតថាមពលអគ្គិសនីពីសំណល់ សម្តេចធិបតី បានណែនាំឱ្យក្រុមហ៊ុនពិភាក្សាបន្ថែម ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា។ជាពិសេស ក្រសួងរ៉ែនិងថាមពលនិងក្រសួងបរិស្ថានក្រោមកិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕
Post a Comment