លោកប៉ែនបូណាអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថាក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងក្នុងសប្តាហ៍នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបាននាំកិត្តិយសដ៏ត្រចះត្រចង់និងផលប្រយោជន៍យ៉ាងធំធេងជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។
|
|
ប្រមុខដឹកនាំរាជរដ្ឋាភិបាលបន្តវេននៃកម្ពុជាត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅលើកម្រាលព្រំក្រហមប្រកបដោយកិត្តិយសពីសំណាក់ប្រធានាធិបតីបារាំងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ក៏ដូចប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីបារាំងក្នុងឋានៈជាភ្ញៀវទស្សនកិច្ចកម្រិតខ្ពស់ដែលទទួលការអញ្ជើញដោយផ្ទាល់ពីឯកឧត្តមប្រធានាធិបតី។ដំណើរទស្សនកិច្ចនេះបានលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែមានលក្ខណៈស៊ីជម្រៅថែមមួយកម្រិតទៀត។សូមកត់សម្គាល់ថាបារាំងគឺជាប្រទេសដ៏មានឥទ្ធិពលបំផុតមួយនៅអឺរ៉ុប។ដូច្នេះភាពស៊ីជម្រៅនៃចំណងទាក់ទងកម្ពុជាបារាំងនឹងជះឥទ្ធិពលទៅលើទំនាក់ទំនងកម្ពុជានិងសហភាពអឺរ៉ុបទាំងមូល។នេះគឺជាជំហានការទូតដ៏សំខាន់មួយទៀតនៃទំនាក់ទំនងកម្ពុជាបារាំង(និយាយដោយឡែក) និងកម្ពុជា-អឺរ៉ុប (និយាយជារួម)ក្នុងយុគសម័យសម្តេចធិបតី ហ៊ុន ម៉ាណែត។នៅលើទិដ្ឋភាពសេដ្ឋកិច្ចវិញគ្រាន់តែឈានជើងជាន់ទឹកដីបារាំងភ្លាមមេដឹកនាំវ័យក្មេងដ៏សកម្មរបស់កម្ពុជាបានទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់បារាំងរហូតដល់ជាង១០ក្រុមហ៊ុនក្នុងនោះក៏មានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនបារាំងចំនួន៦ផងដែរ។ នៅឯប្រទេសស្វីសក្រៅពីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកសម្តេចធិបតី ក៏បានទទួលជួបក្រុមហ៊ុនធំៗនៅអឺរ៉ុបចំនួន៩បន្ថែមទៀតដែលសរុបទៅមានក្រុមហ៊ុនអឺរ៉ុបមិនតិចជាង២០ទេដែលសម្តេចធីបតីទទួលជួបទល់មុខដោយមិនរាប់បញ្ចូលជំនួបក្នុងវេទិកាធុរកិច្ចកម្ពុជា-អឺរ៉ុបដែលមានក្រុមហ៊ុនរាប់រយចូលរួមនោះផងទេ។លទ្ធផលដ៏ត្រចះត្រចង់នេះមិនមែនកើតឡើងដោយចៃដន្យឡើយ។ប៉ុន្តែវាគឺជាស្នាដៃរួមគ្នាដែលសាងឡើងដោយមេដឹកនាំជំនាន់ទី១ គឺសម្តេចតេជោហ៊ុនសែននិងសមត្ថភាពដ៏ប៉ិនប្រសប់របស់មេដឹកនាំជំនាន់ទី២គឺសម្តេចធិបតី ហ៊ុន ម៉ាណែត។ មេដឹកនាំចាស់ពូកែកសាងស្នាដៃ ខណៈអ្នកដឹកនាំថ្មីពូកែថែរក្សាពូនជ្រុំនិងពង្រីកបន្ថែម។ នេះគឺជាចំណុចខ្លាំងរបស់កម្ពុជាដែលជាចលករលើកស្ទួយកិត្យានុភាពនិងមោទនភាពជាតិខ្មែរឱ្យខ្ពស់ត្រដែតលើឆាកអន្តរជាតិនិងដែលផ្តល់ភាពស័ក្តិសមសម្រាប់ប្រធានាធិបតីនាយករដ្ឋមន្ត្រីក៏ដូចជាប្រធានព្រឹទ្ធសភានិងរដ្ឋសភាបារាំងក្នុងការទទួលប្រមុខដឹកនាំកម្ពុជាលើកម្រាលព្រំក្រហមនៅលើទឹកដីនៃទ្វីបអឺរ៉ុប៕
Post a Comment