លោកហ៊ុ​ន ម៉ាណែតអះអាង​​ថាកម្ពុជាមិន​មែន​ជាប្រទេស​មានខ្លាំងរដ្ឋមិនខ្វះ​ទឹកចិត្តជួយ​ពលរដ្ឋនោះ​​ទេ

ប្រ​មុខ​រដ្ឋា​ភិបាល​កម្ពុជាលោក ហ៊ុន ម៉ាណែតបាន​អះ​អាង​ថា​កម្ពុជា​មិន​មែន​ជា​ប្រទេស​មាន​ខ្លាំង។ប៉ុន្តែ​រដ្ឋាភិ​បាល​កម្ពុជា​មិន​មែនខ្វះ​ទឹក​ចិត្ត​ក្នុង​ការ​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​ខ្លួន​ឯង​នោះ​ទេ​។ ​

ការ​លើក​ឡើង​បែប​នេះ​របស់​លោក​ ហ៊ុន​ ម៉ាណែត​គឺ​ជា​ការ​ឆ្លើយ​តប​នឹង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ចោទ​សួរ​ថាតើ​រដ្ឋា​ភិបាល​កម្ពុជា​ បាន​គិត​គូរ​ពីជីវ​ភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ដែល​មាន​ជីវភាព​លំបាក​យ៉ាង​ណាខ្លះ​។ ​ការ​ចោទ​សួរ​នេះ​ ដោយ​ពលរដ្ឋ​មួយ​ចំនួន​បាន​ប្រៀប​ធៀប​រវាង​រដ្ឋា​ភិបាល​ថ្មី​របស់​កម្ពុជានិង​រដ្ឋាភិ​បាល​ថ្មី​របស់​ប្រទេសថៃ​ ដែល​ចាប់​កំណើត​ដំណាល​គ្នាដឹក​នាំ​ដោយ​មនុស្ស​ថ្មី​ដូច​គ្នា ​តែ​ពលរដ្ឋ​ខ្លះ​មើល​ឃើញ​ថា​ ម្ចាស់​ឆ្នោត​បែរ​ជា​ទទួល​បាន​មកវិញ​មិន​ដូច​គ្នា​។ទោះ​ជា​យ៉ាង​ណា​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​ម៉ាណែត​ នៅ​ថ្ងៃ​ទី​២៩​កញ្ញា ​បាន​លើក​យក​ឧទាហរណ៍​នៃ​របាយ​ការណ៍​ប្រចាំ​ថ្ងៃ ​ពី​ក្រសួង​សង្គម​កិច្ច​ អំពី​ទិន្នន័យ​សាច់​ប្រាក់​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ដើម្បី​ជួយ​ទៅ​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ ​និង​ងាយ​រង​គ្រោះ,​ ស្ត្រី​មាន​ផ្ទៃ​ពោះ ​និង​កុមារ​ក្រោម​អាយុ​ ២​ ឆ្នាំ​ និង​គ្រួសារងាយ​រង​ហានិ​ភ័យ​ដោយ​អតិផរណា​ឬ​ការឡើង​ថ្លៃ​ទំនិញ​។បើ​តាម​ប្រ​មុខ​រដ្ឋា​ភិបាល​ដែល​ទើប​កាន់​អំណាច​បាន​ជាង​មួយ​ខែ​មក​នេះ​ គឺ​រដ្ឋ​បាន​ចំណាយ​ប្រាក់​អស់​ជាង ​១​ពាន់​ ២​រយលាន​ដុល្លារ​ហើយ​ សម្រាប់​ឧបត្ថម្ភ​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​គ្រោះក្នុង​អំឡុង​ពេល​កូវីដ​ ១៩ ដែល​កម្មវិធី​នេះ​ចាប់​ផ្ដើម​អនុវត្ត​តាំង​ពី​ ថ្ងៃ​ទី​២៤ ​ខែ​មិថុនា​ ឆ្នាំ​២០២០​ និង​បាន​ដំណើរ​បាន​អស់​រយៈ​ពេល ​៣៩​ ខែ​ ។ប្រជា​ពលរដ្ឋ​ដែល​ទទួល​បាន​ផលពី​កម្មវិធី​នេះមាន​ជាង​ ២លាន​៧​សែន​នាក់​ ដែល​រដ្ឋ​បាន​ចំណាយ​ថវិកាសរុប​ចំនួន​ ជិត​ ១ពាន់​២០០​លាន​ដុល្លារ​។ ​លើសពី​នេះរដ្ឋ​ក៏​បាន ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ស្ត្រីមាន​ផ្ទៃ​ពោះ និង​កុមារ​ក្រោម​អាយុ​ ២​ឆ្នាំ ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី១​ ខែ​មិថុនា ​ឆ្នាំ២០១៩ ​ដែល​មក​ទល់ពេល​នេះបាន​ចំណាយ​ថវិកា​ជិត​ ២៧ ​លាន​ដុល្លារ​។​ ចំណែក​ ការឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ដោយ​សម្ពាធអតិ​ផរណា ​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ចាប់​ពី​ ថ្ងៃ​ទី​៣ ​ខែធ្នូ​ ឆ្នាំ២០២២​នោះ ​ ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​ផល​ពី​កម្មវិធី​នេះមាន​ចំនួន​ ជាង ​១លាន​៨សែននាក់​ បាន​ចំណាយ​ថវិកា​សរុប ជាង​៤២​លានដុល្លារ​ គិត​ត្រឹម​ថ្ងៃទី ​២៨​ ខែ​កញ្ញា ​២០២៣​។សូម​បញ្ជាក់​ថា ​ការ​ចំណាយ​ថវិកា​ជាតិ​សម្រាប់​ជួយ​ពល​រដ្ឋ​ទាំង​៣​ប្រភេទ​នេះ ​គឺ​បាន​អនុវត្ត​តាំង​ពី​រដ្ឋាភិបាល​អាណត្តិ​ទី​៦​មក​ម្ល៉េះ ​និង​កំពុង​បន្ត​អនុវត្តន៍​នៅ​អាណត្តិ​ទី​៧​នេះ​ទៀត​៕RFI
Powered by Blogger.