គ​ណៈរ​ដ្ឋមន្ត្រី​ថ្មី​បើក​កិច្ចប្រជុំ​ដំបូង​​ដោ​យ​នា​យក​រដ្ឋមន្ត្រី​​អា​​ន​យុទ្ធសាស្ត្រ​បញ្ច​​កោណ​ដំណា​ក់កា​ល​ទី​១ ​

គណៈរដ្ឋមន្ត្រី​កម្ពុជា​សម្រាប់​អាណត្តិ​ទី​៧​នៃ​រដ្ឋសភា​ដែលដឹកនាំ​ដោយ​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែតបាន​បើក​កិច្ចប្រជុំ​ជាលើកដំបូង​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ​នៅ​វិមាន​សន្តិភាព ​ដោយមាន​ការ​ចូលរួម​ពី​សមាជិក​របស់ខ្លួន​រួមមាន​ឧបនាយក​រដ្ឋមន្ត្រី ​ទេសរដ្ឋមន្ត្រី ​រដ្ឋមន្ត្រី ​និង​រដ្ឋមន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋមន្ត្រី​ផងដែរ​។ ​

តាម​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​កិច្ចប្រជុំ​នេះ​ផ្តោតទៅលើ​របៀបវារៈ​សំខាន់​ស្តីពី​ការ​ប្រកាស​ឲ្យ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១ ​និង​របៀបវារៈ​ចាំបាច់​មួយចំនួន​ទៀត​។ក្រៅពី​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​ អាន​បទ​ឧទ្ទេសនាម​ដោយ​សង្ខេប​ស្តីពី​«​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាលទី១» និង«វិធានការ​គន្លឹះរបស់​រាជរដ្ឋាភិបាលនីតិកាលទី​៧​ នៃរដ្ឋសភា»​ដែលមាន២២ទំព័រ​ របៀបវារៈ​មួយចំនួន​ទៀត​ក៏ត្រូវ​បាន​ដាក់ឲ្យមានការ​ពិភាក្សា​និង​ឆ្លងកិច្ច​ប្រជុំផង​ដែរ​។ចំណុច​សំខាន់ៗ​ទាំងនោះ​រួមមានការពិនិត្យ​ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា ​និងអធិការកិច្ច ទៅជា​«ក្រសួងអធិការកិច្ច»។ ​ក្រៅពីនេះក៏មានផងដែរ​នូវការពិនិត្យ​ និងសម្រេចលើ​សេចក្តីព្រាងច្បាប់ស្តីពី​ការបង្កើត ​រដ្ឋលេខាធិការដ្ឋាន​កិច្ចការព្រំដែន​ ការណែនាំរបស់​នាយករដ្ឋមន្ត្រីអំពី​របៀបរបបការងារ​ និងកិច្ចដំណើរការ​នៃគណៈរដ្ឋមន្ត្រី ​រួមនឹងបញ្ហាផ្សេង​ៗ​ទៀត។ទាក់ទងទៅនឹង​យុទ្ធសាស្ត្របញ្ចកោណ​ដំណាក់កាលទី១​ និងវិធានការគន្លឹះ​របស់រដ្ឋាភិបាល​អាណត្តិទី​៧ នៃរដ្ឋសភា​ ​ឯកឧត្តមនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ​បានអានដោយផ្ទាល់​នូវចំណុចសំខាន់​ៗជាច្រើន​ ដែលក្នុងនោះ​រួមមានសវតា ​និងការរំលឹកឡើងវិញ​នូវយុទ្ធសាស្ត្រ​នយោបាយត្រីកោណ ​និង​ចតុកោណទាំង​៤ដំណាក់កាល​កន្លងមក​ភាពចាំបាច់នៃ​យុទ្ធសាស្ត្របញ្ចកោណ ​បេសកកម្មនៃ​យុទ្ធសាស្ត្រ និង​អភិក្រមក្នុង​ការអនុវត្តន៍ ​បាវចនា គោលដៅ​យុទ្ធសាស្ត្រ និង​អាទិភាពគន្លឹះនៃយុទ្ធសាស្ត្រ ​រចនាសម្ព័ន្ធនិងខ្លឹមសារសង្ខេបនៃ​យុទ្ធសាស្ត្រ។លើសពីនេះ ក៏មានកម្មវិធី​គោលនយោបាយអាទិភាព​ទាំង៦ សម្រាប់ចាប់ផ្តើម​អនុវត្តភ្លាមក្នុងឆ្នាំ​២០២៣ និងចំណុចសំខាន់​ចុងក្រោយ​គឺយន្តការសម្របសម្រួល ​តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ​ការអនុវត្តន៍​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណេត ​នៅទីបញ្ចប់ក៏បានអំពាវនាវ​ដល់មន្ត្រីរាជការ ​កងកម្លាំងប្រដាប់​អាវុធ ប្រជាពលរដ្ឋ ​អង្គការក្រៅរដ្ឋាភិបាល​ចូលរួម និងគាំទ្រ​ដល់ការអនុវត្តន៍​គោលនយោបាយ​របស់រដ្ឋាភិបាលក្នុងក្របខណ្ឌនៃ​យុទ្ធសាស្ត្របញ្ចកោណ​ដំណាក់កាល​ទី​១ ក៏ដូចជា​វិធានការ​គន្លឹះដែលបាន​ដាក់ចេញ​ផងដែរ​៕RFI

Powered by Blogger.