សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្ដែងនូវការស្វាគមន៍ចំពោះបណ្ដាប្រទេសនិងស្ថាប័នអន្តរជាតិដែលចូលរួមសង្កេតការណ៍ សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។
 |
សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។Reuters |
នៅលើបណ្ដាញតេឡេក្រាម នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចហ៊ុន សែន បានសរសេរថា៖ «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោកជំទាវ ទាំង៣៣៣នាក់ មកពី៦៥ប្រទេស និងស្ថាបន័អន្តរជាតិដែលបាននិងកំពុងអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ»។ សម្ដេចនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្ដមប្រធានសភា ប្រទេសម៉ាឡេស៊ី និងឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីស្សូ ដែលអញ្ជើញមកដើម្បីសង្កេតការណ៍ដោយផ្ទាល់និងថ្លែងអំណរគុណ ឯកឧត្តមអតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រធាន អនុប្រធានរដ្ឋសភាទាំង១១រូប ដែលបានចំណាយពេលវេលាធ្វើដំណើរមកកាន់កម្ពុជាដើម្បីធ្វើជាសាក្សីនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ សម្ដេចលើកឡើងថា៖«យើងធ្លាប់បានបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ ៦លើករួចមកហើយ និងលើកទី៧ ឆ្នាំ២០២៣នេះ មានអ្នកសង្កេតការណ៍មកពីក្រៅប្រទេសច្រើនបំផុត និងមានឥស្សរជនជាន់ខ្ពស់ច្រើនបំផុតមកចូលរួមសង្កេតការណ៍»។គួរបញ្ជាក់ដែរថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រារព្ធឡើង នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង ខណៈយុទ្ធនាការឃោសនាបោះឆ្នោត គឺមានរយៈពេល២១ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕AKP
Post a Comment