អង្គការឃ្លាំមើលការបោះឆ្នោតក្នុងតំបន់ANFRELនៅថ្ងៃពុធបានចេញផ្សាយនូវរបាយការណ៍វាយតម្លៃជាមុនអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៅកម្ពុជាពេលខាងមុខនេះ ថាគ្មានឡើយភាពសេរី និងយុត្តិធម៌។
|
ពលរដ្ឋទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅសង្កាត់អូរចារ ខេត្តបាត់ដំបង កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។RFA |
ការវាយតម្លៃនេះធ្វើឡើងដោយផ្អែកទៅលើការសម្ភាសជាមួយភាគីពាក់ព័ន្ធនយោបាយនៅកម្ពុជាខណៈដែលអវត្តមាននៃគណបក្សភ្លើងទៀន គឺជាទឡ្ហីករណ៍នៃការរឹតត្បិតសេរីភាពនយោបាយលើគណបក្សប្រឆាំង។ តាមរយៈរបាយការណ៍ចំនួន៥៤ទំព័រអង្គការបណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតសេរី (ANFREL) បានលើកចំណុចចំនួន៦ មកពន្យល់អំពីការវាយតម្លៃរបស់ខ្លួនដែលសន្និដ្ឋានជាមុនថា ការបោះឆ្នោតនៅថ្ងៃទី២៣កក្កដាខាងមុខនេះគឺមិនអាចមានភាពសេរី និងយុត្តិធម៌។ ចំណុចទាំង៦នៅក្នុងរបាយការណ៍របស់ ANFREL បានលើកឡើងពីការធ្វើវិសោធនកម្មច្បាប់បញ្ហាសមាសភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លំហនយោបាយ ការចូលរួមរបស់អង្គការសង្គមស៊ីវិល សេរីភាពសារព័ត៌មាន និងការចូលរួមពីភាគីដែលគេបានរំលង។របាយការណ៍របស់ ANFREL បានចង្អុលអំពីលក្ខខណ្ឌច្បាប់នៅកម្ពុជាដែលបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាហូរហែនៅក្រោយការរំលាយអតីតគណបក្សសង្រ្គោះជាតិនៅឆ្នាំ២០១៧។ ជាវិសោធនកម្មទាំងឡាយ ដែល ANFREL ថា បានប្រាសចាកពីគន្លងប្រជាធិបតេយ្យដែលកម្ពុជាប្រកាន់យក។ របាយការណ៍នេះបានលើកឡើងទៀតថា លក្ខខណ្ឌច្បាប់នៅកម្ពុជា រួមនឹងច្បាប់ស្តីពីការបោះឆ្នោត ត្រូវតែធានានូវសិទ្ធិមនុស្សជាស្នូល ហើយប្រជាពលរដ្ឋទាំងអស់មានសិទ្ធិក្នុងការបោះឆ្នោតដោយគ្មានឧបសគ្គ និងការរើសអើង។ដោយឡែកបញ្ហាសមាសភាពរបស់គ.ជ.ប នៅពេលបច្ចុប្បន្ន ក៏ជាឧបសគ្គនៃការរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាដែរ។ពោលគឺសមាសភាពមន្ត្រីគ.ជ.ប ទាំង៩រូប មានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច។ នេះបើតាមរបាយការណ៍របស់ ANFREL។ ការណ៍នេះ សមាសភាពរបស់គ.ជ.បគឺជាគន្លឹះសំខាន់ដើម្បីធានាដល់ដំណើរការបោះឆ្នោត ដែលសេរី អព្យាក្រឹត និងយុត្ដិធម៌ ហើយធានាបានទំនុកចិត្ត។រីឯបញ្ហាលំហនយោបាយ គឺ ANFREL បានលើកជាថ្មី ពីការឈានទៅរំលាយអតីតគណបក្សប្រឆាំងដ៏ធំនៅឆ្នាំ២០១៧ ដោយលោក សម រង្ស៊ី ត្រូវនិរទេសខ្លួនទៅប្រទេសបារាំងខណៈដែលលោក កឹម សុខា ត្រូវកាត់ទោសចំនួន២៧ឆ្នាំដោយដកទាំងសិទ្ធិនយោបាយ។ បន្ថែមពីនេះការប្រើប្រាស់ប្រព័ន្ធច្បាប់លើមន្ត្រីបក្សប្រឆាំង ដូចលោក សុន ឆ័យ ដែលរងបណ្តឹងពីបក្សកាន់អំណាចនិងគ.ជ.ប ក៏ត្រូវបានរបាយការណ៍រាប់បញ្ចូលទៅក្នុងបញ្ហានៅមុនការបោះឆ្នោតដែរ។ ម្យ៉ាងវិញទៀតការបាត់បង់ដៃគូប្រកួតដ៏សំខាន់ គឺគណបក្សភ្លើងទៀន គឺជាបញ្ហាដែលនាំការបោះឆ្នោតខាងមុខនេះមិនអាចសេរី។ គណបក្សភ្លើងទៀនដែលធ្លាប់ទទួលបានសំឡេងគាំទ្ររហូតដល់ជាង២លាន កាលពីបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០២២និងត្រូវអវត្តមាននៅក្នុងការបោះឆ្នោតថ្នាក់ជាតិនេះ ដោយសារតែបញ្ហាកង្វះឯកសារច្បាប់ដើម។រីឯបញ្ហាលំហអង្គការសង្គមស៊ីវិល សេរីភាពសារព័ត៌មាន និងការចូលរួមរបស់ភាគីដែលគេមើលរំលង គឺ ANFREL ថារដ្ឋាភិបាលបានប្រើប្រាស់យុទ្ធសាស្ត្របង្ក្រាបទៅលើក្រុមសកម្មជន តាមរយៈការចាប់ខ្លួន ការដាក់ឃុំ និងការគំរាមកំហែងពីសុវត្ថិភាពផ្ទាល់ខ្លួន។ នៅទន្ទឹមនេះ អង្គភាពសារព័ត៌មានមិនចំណុះឲ្យរដ្ឋាភិបាល ក៏ត្រូវបង្រ្កាបជាបន្តគ្នាដែលករណីចុងក្រោយបានកើតមានឡើងលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ VOD។ នេះបើតាម ANFREL។ការណ៍ទាំងនេះ ANFREL បានសន្និដ្ឋានជាមុនថា ការបោះឆ្នោតនៅកម្ពុជាខាងមុខគឺមិនខុសពីការបោះឆ្នោតនៅឆ្នាំ២០១៨ ដែលអវត្តមានគណបក្សប្រឆាំងដ៏សំខាន់និងនាំឲ្យការបោះឆ្នោតមិនអាចទទួលស្គាល់។ មិនអាចទទួលស្គាល់ដែលរបាយការណ៍ ANFREL ថាព្រោះសហគមន៍អន្តរជាតិដែលធ្លាប់ឃ្លាំមើលការបោះឆ្នោត និងផ្តល់ជំនួយកន្លងមកដូចជាអាមេរិក និងសហគមន៍អឺរ៉ុប សម្រេចមិនបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកចូលរួម៕RFI
Post a Comment