នាយ​​​ក​​រដ្ឋមន្រ្តីលើ​​ក​​ឡើងថាE​BA២០ភា​​គរ​យរ​ប​​​ស់​ស​​​ហគម​ន៍អឺរ៉ុប​មិ​ន​ប៉ះពាល់ច្រវា​ក់ផ​លិ​​តនៅកម្ពុ​ជា​​​នោះ​​ទេ

 សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងប្រាប់​កម្មករ​ជាថ្មីម្ដងទៀតថាការដកប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)ចំនួន២០ភាគរយរបស់សហគមន៍អឺរ៉ុបមិនប៉ះពាល់ច្រវាក់ផលិតនៅកម្ពុជានោះទេ ដោយ​សម្ដេចគូសបញ្ជាក់ថាEBAគឺគង់តែបាត់បង់ នៅពេលកម្ពុជាក្លាយជាប្រទេសមាន​ចំណូលខ្ពស់។ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង ១ម៉ឺន ៦ពាន់នាក់ មកពីរោងចក្រ សហគ្រាសនានា នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា EBA វាគង់តែបាត់ ១០០​ភាគរយ ក្នុងពេលខាងមុខ អាចនឹងប៉ាន់ប្រមាណនៅឆ្នាំ២០២៦ ឬ២០២៧ ព្រោះប្រទេស​របស់​យើង គឺជាប្រទេស ដែលមិនមែនជាប្រទេសអភិវឌ្ឍន៍តិចតួចទៀតឯណា បន្តិចទៀត​កម្ពុជា​នឹង​ចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួច។ សម្ដេចតេជោថ្លែងបញ្ជាក់ថា៖ «ដូច្នេះរកស៊ីត្រូវតែ​បង់​ពន្ធឱ្យគេ ដូចជា អង្ករក៏ដូច​ជាគ្នា អង្ករអ៊ីតាលី អេស្ប៉ាញ លក់មិនដាច់ ក៏នាំគ្នាដាក់ឱ្យ​អង្ករ​កម្ពុជា និងអង្ករមីយ៉ាន់ម៉ា ត្រូវ​តែ​បង់ពន្ធ ហើយយើងក៏បង់ពន្ធ។ ពេលមិនទាន់បង់ពន្ធក៏យើង​នាំ​ចេញបាន ដល់ពេលគេ​ឱ្យបង់ពន្ធយើងក៏នាំចូលបាន គ្រាន់តែចំណេញតិចជាងមុន​ប៉ុណ្ណោះ។ ដូច្នេះ យើងត្រូវតែពង្រឹងភាពធន់ខ្លួនឯងចាប់ពីឥឡូវនេះទៅ»។

សម្ដេចបានគូសបញ្ជាក់បន្ថែមថាកម្ពុជាបាននិយាយរួចហើយ ជាមួយមិត្ដចិន ជប៉ុន កូរ៉េខាងត្បូង និងធនាគារអភិវឌ្ឍន៍អាស៊ីថា នៅពេលកម្ពុជាងើបចេញ ពីប្រទេសមាន​ការអភិវឌ្ឍន៍តិចតួច សូមបន្តផ្តល់ប្រាក់កម្ចី ជាមួយអត្រាការប្រាក់អនុគ្រោះ។ សម្ដេចបា​នថ្លែងបន្ថែមជាថ្មីថា កម្ពុជាមិនយកអធិបតេយ្យជាតិរបស់ខ្លួន ទៅដោះដូរជាមួយជំនួយ ឬការអនុគ្រោះណាទាំងអស់។គួរបញ្ជាក់ដែរថាកម្ពុជាបច្ចុប្បន្នបានក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតទាប នៅក្នុងឆ្នាំ២០១៦ ហើយរាជរដ្ឋាភិបាលបានកំណត់ទិសដៅ ធ្វើយ៉ាងណាប្រែក្លាយជាប្រទេស​ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។បើតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាន​ឱ្យដឹងថា មកដល់ត្រឹមឆ្នាំ២០២៣នេះ រោងចក្រ សហគ្រាស មានជាង ១ម៉ឺន៧ពាន់ ដែលប្រើ​ប្រាស់កម្លាំងពលកម្មសរុបចំនួនប្រមាណ ១លាន៥សែននាក់ ហើយនៅឆ្នាំ២០២៣ នេះ ផ្នែក​រោងចក្រកាត់ដេរ បានកើនចំនួន ១ ៣២៦ និងមានកម្មករនិយោជិតចំនួនប្រមាណ ៨៤ម៉ឺន​នាក់ (ស្រី ៦៦ម៉ឺននាក់) ការនាំចេញមាន រហូតដល់ប្រមាណ ១៣ពាន់លានដុល្លារអាម៉េរិក ទិន្នន័យឆ្នាំ២០២២ ដែលក្នុងនោះ រាជធានីភ្នំពេញមានចំនួន ៧២៧រោងចក្រ មានកម្មករ និយោជិតប្រមាណ ៣៤ម៉ឺននាក់ (ស្រី ២៦ម៉ឺននាក់)៕AKP

Powered by Blogger.