សម្តេចហ៊ុនសែនស្នើពលរដ្ឋចូលរួមគាំទ្រនិងរក្សាភាពថ្លៃថ្នូរជាតិនៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២
កម្ពុជាកំពុងត្រៀមប្រារព្ធពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២នៅថ្ងៃទី៥ខែឧសភានេះបន្ទាប់ពីកម្ពុជាបានរង់ចាំអស់រយៈពេល៦៤ឆ្នាំមក។ថ្នាក់ដឹកនាំក្នុងអាស៊ានតំណាងទូត អ្នកមុខអ្នកការនិងមហាជនជាច្រើនម៉ឺននាក់បានត្រៀមចូលរួមក្នុងព្រឹត្តិការណ៍នេះដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតតេជោខណៈខ្លះមហាជនខ្លះទៀតក៏កំពុងត្រៀមទស្សនានៅតាមគេហដ្ឋានដែរ។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបានចេញសារថ្លែងអំពាវនាវឱ្យពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមគាំទ្រដោយស្នាមញញឹមមោទនភាពនិងរក្សាភាពថ្លៃថ្នូរជាតិ ក្នុងអំឡុងពេលដែលកម្ពុជាជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍នេះ។ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ពិធីបើកការប្រកួតជាផ្លូវការនៃព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍ឬស៊ីហ្គេមលើកទី៣២នឹងត្រូវប្រារព្ធឡើង នៅពហុកីឡដ្ឋានជាតិមរតតេជោចាប់ពីវេលាម៉ោង៤រសៀលតទៅ ដោយមានការចូលរួមដោយបណ្តាថ្នាក់ដឹកនាំប្រទេសក្នុងអាស៊ាន តំណាងទូតបរទេសនៅកម្ពុជាអ្នកមុខអ្នកការសង្គមស៊ីវិល សិល្បករ-សិល្បការនីនិងមហាជនប្រមាណសរុបជាង៧ម៉ឺននាក់។បណ្តាមហាជនខ្មែរមួយចំនួនបានសម្តែងមតិ ជុំវិញព្រឹត្តិការណ៍កីឡានេះ ជាបន្តបន្ទាប់នៅលើបណ្តាញសង្គមថា នេះគឺជាពេលវេលាដែលកម្ពុជា បង្ហាញនិងលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។អ្នកខ្លះទៀត បានត្រឹមសោកស្តាយដែលមិនបានទៅចូលរួមដោយផ្ទាល់។ តែយ៉ាងណាមិញពីធីបើកព្រឹត្តិការណ៍នេះនឹងត្រូវចាក់បញ្ចាំងបន្តផ្ទាល់ផងដែរ នៅតាមទីតាំងជាច្រើននៅទូទាំងប្រទេសកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ បានចេញសារថ្លែងអំពាវនាវឱ្យពលរដ្ឋកម្ពុជាទាំងអស់ចូលរួមគាំទ្រដោយស្នាមញញឹមមោទនភាពនិងរក្សាភាពថ្លៃថ្នូរជាតិក្នុងអំឡុងពេលដែលកម្ពុជាជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍នេះ។សម្តេចហ៊ុន សែន បានចាត់ទុកថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២បង្ហាញឱ្យឃើញពីស្ថានភាពពិតនៃកម្ពុជា គឺកម្ពុជាមានសន្តិភាព។តាមរយៈព្រឹត្តិការណ៍នេះ កម្ពុជានឹងបង្ហាញកិត្យានុភាពជាតិទៅពិភពលោកឱ្យមានស្គាល់កម្ពុជា។ នេះបើតាមសំណេររបស់សម្តេចហ៊ុន សែន។ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ មានសរុបចំនួន ៣៦ប្រភេទកីឡា ត្រូវធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ រួមទាំងខេត្តចំនួន៤ ផ្សេងទៀតដូចជា ព្រះសីហនុ កែប កំពត និងសៀមរាប។នៅក្នុងព្រឹតិ្តការណ៍ស៊ីហ្គេមលើកទី៣២នេះដែរកម្ពុជាកំពុងតែនាំមុខគេលើចំនួនមេដាយសរុបនិងមេដាយមាស។ គិតត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយមាសចំនួន៤ក្នុងចំណោមមេដាយសរុបចំនួន៩។ តាមពីក្រោយដោយប្រទេសហ្វីលីពីនដែលមានមេដាយសរុបចំនួន៧ ក្នុងនោះមានមាស២បន្ទាប់មកគឺជាប្រទេសថៃទទួលបានមេដាយសរុបចំនួន៣ក្នុងនោះមានមាស១។ កម្ពុជាត្រៀមចំណាយសរុបប្រមាណ ១១៨លានដុល្លារដែលជាថវិកាសន្សំរបស់ជាតិក្នុងការរៀបចំព្រឹត្តិការណ៍នេះ។គួរជម្រាបថា ក្រោយរងចាំអស់ពេល៦៤ឆ្នាំ នេះជាលើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ ដោយមានមេដាយចំនួនសរុប៥៨១ពោលគឺជិត២ដងនៃចំនួនមេដាយឈ្នះក្នុងព្រឹត្តិការណ៍អូឡាំពិកចុងក្រោយនេះ។សូមរំព្ញកផងដែរថា ព្រឹត្តិការណ៍កីឡានេះត្រូវបានធ្វើឡើងដំបូងបង្អស់ នៅប្រទេសថៃ ក្នុងឆ្នាំ១៩៥៩៕RFI
Post a Comment