លោក​យឹម ស៊ី​ណន​តែងតាំង​​ជា​​អនុរដ្ឋលេខាធិ​​ការខណៈ​លោក​ហ៊ុន កុសលស្ថិត​​​នៅក្រៅឃុំ

 សាលាដំបូងរាជធានីភ្នំពេញ​បានសម្រេចដោះលែង​លោក ហ៊ុន កុសល អតីតសកម្មជនគណបក្សសង្គ្រោះជាតិឱ្យស្ថិត​នៅក្រៅឃុំ​បណ្តោះអាសន្ន បន្ទាប់ពីលោក យឹម ស៊ីណន ត្រូវបានព្រះមហាក្សត្រ តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាល​ពីរសៀលថ្ងៃសៅរ៍។លោក ហ៊ុន កុសល ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាមួយ​នឹង​លោក យឹម ស៊ីណន កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ហើយត្រូវបានតុលាការសម្រេចឃុំខ្លួន​បណ្តោះ​អាសន្ននៅពន្ធនាគារព្រៃសបន្ទាប់ពីអ្នកទាំង២​បានបង្ហោះសារនៅលើ​បណ្តាញសង្គមរបស់លោកពាក់ព័ន្ធ​នឹងព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ព្រះរាជទាន​ព្រះអគ្គីជ័យ​កីឡា ​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍លើកទី៣២និង​អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ​នៅខេត្តសៀមរាប​។​លោក ហ៊ុន កុសល និងលោក យឹម ស៊ីណន ត្រូវបាន​តុលាការចោទប្រកាន់២បទល្មើស រួមមានដូចជា បទល្មើស​ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទញុះញង់បង្កឱ្យមាន​ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៣៧(ស្ទួន) នៃ​ច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និង​មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។កាល​ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣  លោក  យឹម ស៊ីណន ត្រូវបាន​តុលាការ​អនុញ្ញាត​ឱ្យនៅ​ក្រៅ​ឃុំ​វិញ​​បន្ទាប់​ពី​លោកបានចេញវីដេអូ និងសរសេរលិខិតមួយច្បាប់ សូម​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ​ និងសូម​ទោស​សម្តេចនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​។កាលពីថ្ងៃទី២២ ខែមេសា តុលាការបានបន្ត​សម្រេច​ឱ្យលោក ហ៊ុន កុសល រស់នៅ​ក្រៅឃុំ​ បន្ទាប់​ពី​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាត​ឱ្យលោក យឹម ស៊ីណន និងគ្រួសារ ចូល​ជួប​នៅគេហដ្ឋាន​នាក្រុង​តាខ្មៅ ខេត្ត​កណ្ដាល និងក្រោយពីព្រះមហាក្សត្រ តែង​តាំងលោក យឹម ស៊ីណន ជា​អនុរដ្ឋលេខាធិការនៃក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ។កាល​ពីថ្ងៃសៅរ៍ ចៅក្រមស៊ើប​សួរ នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​លោកស្រី យី សុខវួច ​បាន​បញ្ជាឱ្យប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី១ នៃ​ក្រសួង​មហាផ្ទៃ ដោះលែង​ហ៊ុន កុសល ប្រសិនបើលោក ហ៊ុន កុសល ​មិន​ត្រូវ​បាន​ឃុំ​ខ្លួន​ពីបទល្មើស​ផ្សេង​ទៀត​នោះ​ទេ។លោក ​យឹម ស៊ីណន  អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បានសរសេរនៅលើបណ្ដាញសង្គមកាលពីថ្ងៃសៅ ដោយ​បាន​ថ្លែង​អំណរអរគុណដល់សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ដែលបានផ្តល់នូវការអនុគ្រោះនិងសម្រប​សម្រួល​ដល់រូប​លោក​ឱ្យបាននៅក្រៅឃុំបណ្តោះអាសន្ន។លោក​បានបន្ត​អរគុណដល់នាយករដ្ឋមន្ត្រី ​ដែល​បាន​ផ្តល់​កិត្តិយសដល់លោក​ និងគ្រួសារបានចូលជួបសម្តែង​ការ​គួរ​សម ដោយ​​មិនរើសអើងផ្នែកនយោបាយព្រមទាំង​ទទួល​យក​រូបលោកចូលជាសមាជិក​គណបក្សប្រជាជន​កម្ពុជា។ ​លោក​បញ្ជាក់ថា៖ «[,,,] ​នាម​ជា​អ្នក​នយោបាយ​ គឺ​ជា​អ្នក​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​បម្រើដល់ពលរដ្ឋ ​និង​សង្គម​ជាតិ​ទាំង​មូល។ ដូច្នេះការផ្លាស់ប្តូរនិន្នាការឬគណបក្សនយោបាយណាមួយ វាមិនមែនជាវីធីកាត់ផ្តាច់ផ្លូវឬជារនាំងរាំងខ្ទប់នូវឧត្តគតិនិងឆន្ទៈជាអ្នកនយោបាយបម្រើសង្គមជាតិនោះទេ»។លោកបន្តថា៖ «ក្នុងន័យនេះ ខ្ញុំមិនមានភាពចាំបាច់ឬមិនមានពេលសោះឡើយសម្រាប់ពន្យល់ដល់អ្នក​មិន​យល់ អ្វីដែលខ្ញុំកំពុងគិតនិងបារម្ភខ្លាំងជាងគេនោះគឺ តើខ្ញុំ​អាច​មាន​លទ្ធភាព និងសមត្ថភាពប៉ុណ្ណា សម្រាប់ជួយ​ដល់​បក្សនិង​សង្គមជាតិ»។ជុំវិញ​បញ្ហានេះ លោក ហ៊ុន កុសល បាននិយាយ​ថា៖ «គិតត្រឹម​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣​ ខ្ញុំត្រូវបានឃុំខ្លួន​ចំនួន​៣១ថ្ងៃគត់។ ក្នុងថ្ងៃនេះដដែល ខ្ញុំត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន។ឱកាស​ដែល​ខ្ញុំអាច​នៅ​ក្រៅ​ឃុំបណ្តោះអាសន្ននេះ ដោយសារមានការ​សម្រប​សម្រួល​ដ៏​សំខាន់ពី​សម្តេចហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា»។លោក​ក៏បានស្នើដល់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ផ្ដល់​ការ​អនុគ្រោះ​ជួយសម្របសម្រួលចំពោះសកម្មជន​នយោបាយ​អតីត​គណបក្សសង្រ្គោះជាតិផ្សេង​ទៀត ​ដែល​កំពុង​ជាប់ឃុំក្នុងពន្ធនាគារ ​និងសកម្មជននយោបាយព្រម​ទាំង​សកម្មជនសង្គមទាំងអស់ ដើម្បី​ឱ្យពួកគេបាន​នៅ​ក្រៅឃុំ អាច​ជួបជុំ​ឪពុកម្តាយ ស្វាមី ភរិយា សាច់ញាតិ និងគ្រួសារដូចដើមវិញ។កាល​ពីម្សិលមិញ សម្តេចហ៊ុន សែនបាន​ប្រកាស​ស្វាគមន៍ លោក ហ៊ុន កុសល ដែលស្នើសូមចុះចូលជាមួយគណបក្ស​ប្រជាជនកម្ពុជា។ សម្តេចនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា៖ «ក្នុង​នាម​គណបក្ស​ប្រជាជនកម្ពុជា ខ្ញុំ​សូម​ស្វាគមន៍ទទួល​យក​លោក ហ៊ុន កុសល ដើម្បីចូលរួមជីវភាពនយោបាយជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា»។កាលពីម្សិលមិញ ​លោក ហ៊ុន កុសល ​បានស្នើសម្តេចហ៊ុន សែន ចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្ស​ប្រជាជន​កម្ពុជា។តាមរយៈ Videoខ្លីមួយលោក​បាន​ប្ដេជ្ញា​ចិត្ត​ចូលរួម​ជាមួយ​រដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិ​ឱ្យកាន់តែរីកចម្រើន។លោកហ៊ុន កុសលបញ្ជាក់​ថា៖«កូនសូមប្តេជ្ញានិង​បង្ហាញ​ចិត្តស្មោះត្រង់ ចំពោះសម្ដេចពុកនិងចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការ​ដឹកនាំដ៏ត្រជាក់ត្រជុំ​របស់សម្ដេច»។លោក​បន្ថែម​ថា៖ «គុណ​ដ៏ធំធេងរ​បស់សម្ដេច​ពុក​គឺ​ជា​គុណ​ដែល​កូន​មិន​អាច​បំភ្លេចបាន​ពេញមួយ​ជីវិត​នេះ។ ដើម្បីជាការតបស្នងសងគុណចំពោះសម្ដេចពុកកូន​សូមប្តេជ្ញាចិត្ត ភក្តីភាព ស្មោះត្រង់ ជាមួយសម្ដេច ដើម្បីចូលរួមកសាងនិងស្ថាបនា របស់ប្រទេសយើង ក្រោមការដឹក​នាំ​ដ៏ឈ្លាសវៃរបស់សម្ដេចពុក ដែលនាំនាវាកម្ពុជាពីភ្លើង​សង្គ្រាមមកសន្តិភាព»។កាល​ពីថ្ងៃទី២១មីនា លោក យឹម ស៊ីណន បាន​បង្ហោះសារនៅលើហ្វេសប៊ុករបស់លោក​ថា  បើតាម​សំឡេង​ពលរដ្ឋតាម​ហាងកាហ្វេ ថ្ងៃនេះយើងអាច​ឃើញ​ច្បាស់​ថា នរណា​ជា​ស្តេចផែនដី​ពិត​ប្រាកដ។ចំណែកលោក ហ៊ុន កុសល ក៏​បាន​សរសេរដែរ​ថាឃើញ​ពួ​គេធ្វើបាបព្រះទ័យនឹងបន្ទាបព្រះចេស្តា​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់ ច្រកបែបនេះ។ ទូលបង្គំជាអ្នក​នយោបាយជំនាន់ក្រោយ​ប្តេជ្ញានឹង​ប្រើសមត្ថភាពដែលមានទាំងប៉ុន្មានចូលរួមពូនផ្តុំជាមួយ​លោក​ប្រធាន កឹម សុខាការពារព្រះចេស្ដាក្សត្រនិងព្រះរាជបល្ល័ង្កដែលប្រជារាស្ត្រខ្មែរមិនអាចខ្វះបាន។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកសារ​របស់​លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដែល​លើក​ឡើង​ខាងលើនេះថា ​ជារឿងបំភ្លៃខុសពីការពិត។សម្តេច​បញ្ជាក់​ថា មាន​តែព្រះមហាក្សត្រទេដែលព្រះអង្គដឹងច្បាស់​។សម្តេច​នាយករដ្ឋមន្ត្រីបន្ថែមថា ​បើគ្មានទោសទើបចម្លែក ព្រោះ​នេះមិនមែនជារបៀបបញ្ចេញមតិទេ តែ​ជា​ការ​បំភ្លៃ​ការ​ពិតមួយដោយចេតនា។ ទោះជាយ៉ាងណា លោក​ចាត់​ទុក​រឿងទាំង២ខាងលើនេះ ទៅស្ថាប័ន​តុលាការ ដើម្បី​ជា​អ្នក​កាត់ក្តី៕​Khmer Times

លោកយឹម ស៊ីណន ចូលជួបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្មីៗកន្លងទៅនេះ។ 


Powered by Blogger.