កម្ពុជាថាសេចក្ដីថ្លែងការណ៍ក្រុមអ្នករាយការណ៍ពិសេសUNមានចេតនានយោបាយករណីផ្តន្ទាទោសកឹម សុខា
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានការពារការកាត់ទោសអតីតមេបក្សប្រឆាំងលោកកឹម សុខានិងចាត់ទុកសេចក្តីថ្លែងការណ៍ដែលចេញដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិថាមានចេតនានយោបាយនិងមានបំណងបំភ័ន្តសាធារណជនអំពីការផ្ទន្ទាទោស។ប្រតិកម្មរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍ បានធ្វើឡើងបន្ទាប់ពីសេចក្ដីថ្លែងការណ៍មួយរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានអះអាងថាដំណើរការទាំងមូលនៃសំណុំរឿងលោក កឹម សុខា មានភាពមិនប្រក្រតីហើយមិនបានបំពេញតាមស្តង់ដារនៃច្បាប់សិទ្ធិមនុស្សជាតិឬអន្តរជាតិ។ ពួកគេជឿជាក់ថាការផ្ដន្ទាទោសលោក កឹម សុខាគឺមានហេតុផលនយោបាយ។លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារចំនួន២៧ឆ្នាំ កាលពីថ្ងៃទី៣ ខែមីនា បន្ទាប់ពីរកឃើញថា លោកមានពិរុទ្ធពីបទឃុបឃិតជាមួយបរទេស ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលចន្លោះពីឆ្នាំ ២០១០ និងឆ្នាំ ២០១៧។គាត់ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ដោយឃុំខ្លួននៅក្នុងផ្ទះ ហាមមិនអោយឈរឈ្មោះបោះឆ្នោតឬបោះឆ្នោត ហាមជួបអ្នកដ៏ទៃ លើកលែងតែសមាជិកគ្រួសាររបស់គាត់ លើកលែងតែមានការអនុញ្ញាតពីតុលាការក្នុងចំណោមលក្ខខណ្ឌផ្សេងៗទៀត។ទោះយ៉ាងណាស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ថាសេចក្ដីថ្លែងការរបស់ក្រុមអ្នករាយការណ៍ពិសេស មានចេតនានយោបាយ និងមានបំណងបំភ័ន្តសាធារណជន អំពីការផ្ទន្ទាទោស លោក កឹម សុខា។តាមរយៈសេចក្ដីថ្លែងការណ៍ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាពន្យល់ថាការលើកកម្ពស់ និងការធ្វីឱ្យប្រសើរទ្បើងនូវសិទ្ធិមនុស្ស សេរីភាព និងលទ្ធិប្រជាធិបតេយ្យត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។ ទោះបីយ៉ាងនេះក្តី សិទ្ធិ និងសេរីភាពទាំងទ្បាយណាដែលធ្វើឡើងតាមរយៈការឃុបឃិតផែនការសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេសក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺជាអំពើខុសច្បាប់ ទោះបីយោងតាមបទដ្ឋានណាក៏ដោយ។សេចក្ដីថ្លែងការណ៍បន្តថា៖«នៅប្រទេសកម្ពុជា ក៏ដូចសង្គមប្រជាធិបតេយ្យដទៃទៀត បុគ្គលបំពានច្បាប់អាចត្រូវរងការចោទប្រកាន់ និងផ្តន្ទាទោស ដោយឈរលើមូលដ្ឋាននៃបទល្មើសដែលបានប្រព្រឹត្ត និងមិនផ្អែកលើឋានៈនយោបាយឡើយ។ ឋានៈជាអ្នកនយោបាយ មិនថាស្ថិតនៅក្រោមស្លាកបក្សនយោបាយប្រឆាំងឬយ៉ាងណា ពុំបានផ្តល់សិទ្ធិឲ្យបុគ្គលនោះធ្វើសកម្មភាពដោយនិទណ្ឌភាពឡើយ។ បទល្មើសដែលបានប្រព្រឹត្តមិនអាចត្រូវបានប្រើជាទឡ្ហីករណ៍សម្រាប់គោលបំណងផ្ទាល់ខ្លួន ឬនយោបាយណាមួយនោះទេ»។ស្ថានបេសកកម្មអចិន្ត្រៃយ៍បន្ថែមថា ការផ្តន្ទាទោសលោក កឹម សុខា ធ្វើទ្បើងដោយផ្អែកទៅលើបទល្មើសសន្ទិដ្ឋិភាព ឬឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលមានចែងយ៉ាងច្បាស់នៅក្នុង បញ្ញត្តិមាត្រា៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ សវនាការដោយយុត្តិធម៌លើលោក កឹម សុខា ត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ និងបង្ហាញយ៉ាងច្បាស់តាមរយៈការបើកសវនាការដោយតម្លាភាព និងជាសាធារណៈចំនួន ៦៦ លើក។សេចក្ដីថ្លែងការណ៍សរសេរថា៖«ការចោទប្រកាន់របស់ក្រុមអ្នករាយការណ៍ពិសេសខាងលើ អំពីកង្វះការចូលរួមជាសាធារណៈនៅក្នុងបន្ទុកសវនាការមានន័យស្មើនឹងកង្វះយុត្តិធម៌ គឺជាការចំអកលើបទដ្ឋាននៃវិជ្ជាជីវៈច្បាប់ និងតុលាការ។ នៅគ្រប់ប្រទេសប្រជាធិបតេយ្យទាំងអស់ ការសម្រេចឱ្យចូលទៅក្នុងបន្ទប់សវនាការតែងតែជាឆន្ទានុសិទ្ធិរបស់តុលាការ ដោយពិចារណាលើទំហំជាក់ស្តែងនៃបន្ទប់សវនាការ សណ្តាប់ធ្នាប់ និងសន្តិសុខ។ ក្រុមអ្នករាយការណ៍ពិសេសប្រហែលពុំបានដឹងទេថា មានតំណាងអង្គទូតជាច្រើនបានចូលរួមតាមដាន នៅក្នុងបន្ទប់សវនការទាំងមូល»។ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ក៏បានទទូចឱ្យអ្នករាយការណ៍ពិសេស ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវក្រមសីលធម៌សម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស ក្នុងការបំពេញមុខងាររបស់ខ្លួន រួមទាំងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈណាមួយដែលអាចត្រូវបានគេចាត់ទុកថាជាការជ្រៀតជ្រែកក្នុងប្រព័ន្ធតុលាការកម្ពុជា៕Khmer Times
Post a Comment