កម្ពុជា-ម៉ាឡេស៊ីរីករាយចំពោះទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២សម្រេចបាន៦២០លានដុល្លារក្នុងឆ្នាំ២០២២
សម្ដេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡើស៊ីបានសម្ដែងនូវការរីរាយ ដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២សម្រេចបាន៦២០លាន ដុល្លារអាម៉េរិកក្នុងឆ្នាំ២០២២ កើនឡើង ២៤ភាគរយ ធៀបទៅនឹងឆ្នាំ២០២១ ដែលសម្រេចបានត្រឹម ៥០០លានដុល្លារអាម៉េរិក ហើយក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំង២។សម្ដេចហ៊ុន សែន បានស្នើបង្កើនការទិញទំនិញដែលបំពេញតម្រូវការឱ្យគ្នាទៅវិញទៅមក ដោយសម្ដេចបានលើកទឹកចិត្តឱ្យវិនិយោគិន និងក្រុមហ៊ុនម៉ាឡេស៊ីមកធ្វើធុរកិច្ច និងវិនិយោគ ឱ្យបានកាន់តែច្រើន។ សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី បន្ទាប់ពីជំនួបទ្វេភាគីនាព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នៅវិមានសន្តិភាពក្នុងខណៈដែលលោកអាន់វ៉ា អ៊ីប្រាហ៊ីម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ីមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។សម្ដេចហ៊ុន សែន មានប្រសាសន៍ថាមេដឹកនាំទាំង២បានពិភាក្សាគ្នាលើវិស័យជាច្រើន និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វភាគីរវាងប្រទេសទាំង២និងបានប្ដេជ្ញាបន្តលើកកម្ពស់ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមាន ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ថាមពល ការតភ្ជាប់ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ទន្ទឹមនេះ មេដឹកនាំប្រទេសទាំង២ក៏បានលើកទឹកចិត្តឱ្យបន្តការផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់ឱ្យកាន់តែញឹកញាប់និងគ្រប់កម្រិតដើម្បីពង្រឹងមិត្តភាពឱ្យកាន់តែជិតស្និទ្ធបង្កើនទំនុកចិត្តឱ្យកាន់តែខ្ពស់និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយថែមទៀត។ មេដឹកនាំប្រទេសទាំង២ក៏បានឯកភាពពង្រឹងយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ជាពិសេសគណៈកម្មការចម្រុះ កម្ពុជា-ម៉ាឡេស៊ី។ចំពោះវិស័យទេសចរណ៍សម្ដេចបានស្នើឱ្យអនុវត្តន៍អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីសហប្រតិបត្តិការទេសចរណ៍ឱ្យមានប្រសិទ្ធភាព និងស្នើម៉ាឡេស៊ីជួយគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍការងារទេសចរណ៍មូស្លីម តាមរយៈការបណ្ដុះបណ្ដាលនិងបច្ចេកទេស។ចំពោះវិស័យកសិកម្ម ភាគីទាំង២បានឯកភាពគ្នាបន្តជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាព នូវអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ជាមួយគ្នានេះ សម្ដេចក៏បានស្នើឱ្យម៉ាឡេស៊ី បន្តបង្កើនការទិញអង្ករនិងកសិផលពីកម្ពុជា តាមរយៈការបង្កើតក្រុមហ៊ុនប្រមូលទិញ និងកែច្នៃ ដែលកម្ពុជាសម្រាប់លក់នៅលើទីផ្សារកម្ពុជានិងនាំចេញទៅម៉ាឡេស៊ី និងទីផ្សារផ្សេងទៀត តាមផ្លូវដឹកជញ្ជូនត្រង់ពីក្រុងព្រះសីហនុ ទៅរដ្ឋប៉េណាំង និងរដ្ឋប៉ាហាំង។ល។ ពាក់ព័ន្ធនឹងវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សសម្ដេចនាយករដ្ឋមន្ត្រីបានអរគុណម៉ាឡេស៊ីដែលបានឯកភាពគ្នាលើកកម្ពស់ការបណ្ដុះបណ្ដាល និងចែករំលែកបទពិសោធន៍បន្ថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ីនិងកម្មវិធីកិច្ចសហប្រតិបត្តិការការពារជាតិម៉ាឡេស៊ី ជាពិសេសក្រោមគំនិតផ្ដួចផ្ដើមថ្មី (5 Digital) របស់រដ្ឋាភិបាលម៉ាឡេស៊ី។ចំពោះវិស័យការងារវិញ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់គូសថា សម្ដេច និងឯកឧត្ដមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានធ្វើជាសាក្សី ក្នុងការចុះហត្ថលខា លើអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលម៉ាឡេស៊ី ចំនួន២ ស្ដីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករ និងពលករការងារផ្ទះដោយសម្ដេចតេជោបានស្នើឱ្យបន្តយន្តការដែលមានស្រាប់ ដើម្បីលើកម្ពស់ការការពារសិទ្ធិពលករកម្ពុជា ដែលធ្វើការនៅប្រទេសម៉ាឡេស៊ី។ ក្នុងវិស័យថាមពល សម្ដេចតេជោក៏បានស្នើឯកឧត្ដមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីផ្ដល់ការគាំទ្រដល់ការស្ថាបនា ខ្សែកាបអគ្គិសនីតាមបាតសមុទ្រ ដែលត្រូវឆ្លងកាត់ដែនសមុទ្រប្រទេសម៉ាឡេស៊ី សម្រាប់គម្រោងពាណិជ្ជកម្មថាមពលបៃតង រវាងកម្ពុជា និងសិង្ហបុរី។ទាក់ទងនឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជាលើកទឹកចិត្តវិនិយោគិនម៉ាឡេស៊ី ឱ្យចូលរួមអភិវឌ្ឍន៍ឧស្សាហកម្មផលិតកម្ម ឧស្សាហកម្មកែច្នៃ ឧស្សាហកម្មហាឡាល់ និងឧស្សាហកម្មផ្នែកចំណេះដឹង និងបច្ចេកវិទ្យានៅកម្ពុជា។ ចំពោះវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ ការផ្លាស់ប្ដូរគណៈប្រតិភូជំនាញ ដើម្បីដកពិសោធន៍ការងារប្រឆាំងការរត់ពន្ធ ការជួញដូរមនុស្ស និងការសម្អាតប្រាក់ ព្រមទាំងពិចារណាបង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គស្នងការនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទម៉ាឡេស៊ី ស្ដីពីសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លដែន។ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងទូរគមនាគមន៍ សេដ្ឋកិច្ចឌីជីថល និងសន្តិសុខតាមប្រព័ន្ធអ៊ិនធឺណិតថែមទៀត។ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនេះដែរ មេដឹកនាំកម្ពុជា និងម៉ាឡេស៊ី ក៏បានផ្លាស់ប្ដូរទស្សនៈគ្នាជុំវិញបញ្ហាតំបន់ និងអន្តរជាតិ ដែលជាបញ្ហាប្រយោជន៍ និងកង្វល់រួម ដូចជា បញ្ហាមីយ៉ាន់ម៉ា បញ្ហារ៉ូហ៊ីនយ៉ា និងបញ្ហាសមុទ្រចិនខាងត្បូង ដែលរាប់បញ្ចូលបន្ថែមនៅបញ្ហា ឧបទ្វីបកូរ៉េ ផងដែរ។ លើសពីនេះទៀត ភាគីទាំងពីរក៏បានលើកបញ្ហាទាក់ទង ជាមួយនឹងសង្គ្រាមរវាងរុស្ស៊ី អ៊ុយក្រែនផងដែរ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីការប្ដេជ្ញាចិត្ត ធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្ដមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដើម្បីបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល មានសុទិដ្ឋិនិយមថា កម្ពុជា និងម៉ាឡេស៊ី នឹងបន្តរួមគ្នា ដោះស្រាយបញ្ហាប្រឈម នៅក្នុងតំបន់និងពិភពលោក ដើម្បីពង្រឹងនូវសាមគ្គីភាព ឯកភាព និងមជ្ឈភាពអាស៊ាន សំដៅរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់សហគមន៍អាស៊ាន និងពិភពលោក៕AKP
Post a Comment