អ៊ុយក្រែន៖ ទីភ្នាក់ងារសង្គ្រោះបន្ទាន់របស់ប្រទេសអ៊ុយក្រែនកំពុងប្រញាប់ប្រញាល់ជួសជុលប្រព័ន្ធចែកចាយភ្លើងអគ្គិសនីដែលរងការវាយប្រហារយ៉ាងចាស់ដៃកាលពីមុននេះបន្តិចដោយគ្រាប់មីស៊ីលស៊េរីទំនើបរបស់រុស្ស៊ី។ លើកនេះ រុស្ស៊ីលេងដៃធ្ងន់បន្តិច ប្រើប្រាស់សុទ្ធតែប្រភេទគ្រាប់មីស៊ីលលឿនជាងសំឡេង ហាយពើសូនិច (hypersonic) ដែលអាចគេចផុតពីការតាមប្រមាញ់របស់ប្រព័ន្ធការពារដែនអាកាសរបស់បច្ចាមិត្ត។ គេទទួលដំណឹងថាជនស៊ីវិលយ៉ាងតិច៩នាក់បានស្លាប់នៅទូទាំងប្រទេសអ៊ុយក្រែនដោយសារការវាយប្រហារថ្មីបំផុតនេះ។

សូម្បីតែតំបន់ដែលគេគិតថានៅឆ្ងាយពីដៃរបស់រុស្ស៊ីរហូតដល់ចុងប៉ូចខាងលិចប្រទេសអ៊ុយក្រែនដូចជាទីក្រុងល្វីវ(Lviv)ក៏រងការវាយប្រហារផងដែរ។ ដោយហេតុថាគ្រាប់មីស៊ីលដែលរុស្ស៊ីប្រើប្រាស់លើកនេះ ទី១- ហោះហើរបានឆ្ងាយ, ទី២- លឿនជាងសំឡេង និងទី៣- ប្រព័ន្ធរ៉ាដាទំនើបយ៉ាងណារបស់អ៊ុយក្រែនក៏មិនអាចបញ្ឈប់សកម្មភាពរបស់មីស៊ីលទាំងនេះបានដែរ។ ដូច្នេះ ចង់រុស្ស៊ីបាញ់ប្រហារទៅលើទីតាំងណាក៏បានដែរ។ គ្មានអ្វីអាចរារាំងមីស៊ីលទាំងនេះបានឡើយ។ដោយឡែក សមរភូមិស៊ីសាច់ហុតឈាមនៅទីក្រុងបាក់មូតក៏កំពុងតែហែកហួរគ្នាដល់កម្រិតខ្ពស់បំផុតផងដែរ។ ប៉ុន្តែតាមដឹងមកថាក្រុមទាហានស៊ីឈ្នួលវ៉ាកណឺបែរជាបង្អន់ដៃបន្តិចវិញនៅក្នុងការវាយប្រហារជាតាក់ទិច។ នេះបើយោងតាមវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីសង្គ្រាម។ អភិបាលក្រុងខាគីវ (Kharkiv) ថ្លែងថាការផ្គត់ផ្គង់ភ្លើងអគ្គិសនី និងថាមពលដទៃទៀតនៅក្នុងទីក្រុងរបស់លោកកំពុងតែស្ថិតនៅក្នុងស្ថានភាពលំបាក។ ប៉ុន្តែលោកបញ្ជាក់ថាប្រព័ន្ធចែកចាយថាមពលនៅទីតាំងសំខាន់ៗ រួមទាំងទឹកស្អាត អាចដំណើរការឡើងវិញសឹងតែដូចដើម។ងាកទៅមើលក្រុមហ៊ុនទាហានស៊ីឈ្នួលវិញម្ដង។ មេបញ្ជាការក្រុមនេះ លោកព្រីហ្គោហ្ស៊ីន (Prigozhin) ថ្លែងថាក្រុមហ៊ុនរបស់លោកចាប់ផ្ដើមបើកទ្វារការិយាល័យនៅក្នុងទីក្រុងជាងសែសិបទូទាំងប្រទេសរុស្ស៊ីដើម្បីប្រកាសជ្រើសរើសទាហានឯកជនបន្ថែមទៀត។ លោកថាមិនយូរទេ, យុទ្ធជនថ្មីៗបន្ថែមទៀតនឹងចូលរួមនៅក្នុងក្រុមរបស់លោកដើម្បីធ្វើសង្គ្រាមនៅប្រទេសអ៊ុយក្រែន។លោកថាទោះបីកងទ័ពអ៊ុយក្រែនខិតខំទប់ទល់យ៉ាងណាក៏ដោយ នៅទីបញ្ចប់ក្រុមរបស់លោកនៅតែអាចវាយសម្រុកទៅមុខជានិច្ច។ លោកបានប្រៀបប្រដូចស្ថានភាពសង្គ្រាមនៅប្រទេសអ៊ុយក្រែនដែលពេលខ្លះធូរ ពេលខ្លះតឹង ទៅនឹងកង់ឡានដែលកំពុងបើកបរនៅលើផ្លូវ ដែលមានដីបែកភក់ស្អិតតតាត់។ ប៉ុន្តែនៅទីបំផុត ក្រុមរបស់លោកនៅតែអាចជម្នះរាល់បញ្ហាលំបាកទាំងនេះ៕
Post a Comment