សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលប្រើកាំភ្លើងកែច្នៃបាញ់ក្រុមសហគមន៍នេសាទកំពុងតែអនុវត្តច្បាប់

ខេត្តក្រចេះ៖ កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសំបូរ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យពីរនាក់ដែលបានប្រើប្រាស់កាំភ្លើងកែច្នៃបាញ់មកលើក្រុមសហគមន៍នេសាទ បណ្ដាលឱ្យរងរបួសដៃ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣...។

យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបានដំណឹងពីក្រុមសហគមន៍នេសាទ ដែលត្រូវបានជនសង្ស័យ២នាក់ យកកាំភ្លើងកែច្នៃបាញ់ក្នុងពេលដែលពួកគាត់ចុះប្រតិបត្តិការបង្ក្រាបសកម្មភាពឆក់ត្រីនៅកណ្ដាលទន្លេមេគង្គ ស្ថិតក្នុងភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ភ្លាមៗកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសំបូរ បានបើកការស្រាវជ្រាវ និងចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ បើទោះបីជាពួកគេបានព្យាយាមរត់គេច និងបំផ្លាញវត្ថុតាងចោលយ៉ាងណាក៏ដោយ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ទី១ ឈ្មោះ អ៊ីម លីតា អាយុ៣០ឆ្នាំ ជាជនដៃដល់ ដែលយកអាវុធកែច្នៃបាញ់ទៅលើក្រុមសហគមន៍ និងទី២ ឈ្មោះ សន សោវី អាយុ៣២ឆ្នាំ ជាអ្នកបើកទូក អ្នកទាំងពីរមានទីលំនៅក្នុង ភូមិបឹងចារ ឃុំកំពង់ចាម ស្រុកសំបូរ ហើយគឺជាមុខសញ្ញាឆក់ត្រីក្នុងទន្លេមេគង្គយ៉ាងសកម្មផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសំបូរ និងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕

Powered by Blogger.