យុទ្ធនាការ«អន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា»ដំណាក់កាលទី២ចំនួន៦ខេត្ត
ដើម្បីចូលរួមក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាក្រសួងបរិស្ថានដោយមានការសហការជាមួយអង្គការដៃគូនៅថ្ងៃទី០២ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំសន្និសីទសារព័ត៌មានមួយដើម្បីឆ្ពោះទៅបើកយុទ្ធនាការ«អន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា»ដំណាក់កាលទី២ នៅខេត្តចំនួន៦នៃតំបន់ជួរភ្នំក្រវាញ។សន្និសីទសារព័ត៌មាននេះដឹកនាំដោយលោកនេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានតំណាងអង្គការដៃគូរួមមានអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) អង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance) អង្គការអភិរក្សអន្តរជាតិ (CI), អង្គការ ACCB, អង្គការ Wild Earth Allies និងអង្គការមូនិធិ MJP នៅទីស្តីការក្រសួងបរិស្ថាន។យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល៥ខែដោយចាប់ផ្តើម នៅថ្ងៃទី៣ ខែមីនាដល់ខែកក្កដាឆ្នាំ២០២៣ហើយត្រូវអនុវត្តក្នុងខេត្តចំនួន៦គឺ៖ ខេត្តកំពង់ស្ពឺ ពោធិ៍សាត់ កោះកុង សៀមរាប បាត់ដំបង និង ប៉ៃលិន។ក្នុងយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នេះ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រសួងបានកំណត់រយៈពេល៥ខែ ដោយរាប់ចាប់ពីថ្ងៃទី០៣ខែមីនាដល់ខែកក្តដាឆ្នាំ២០២៣នេះហើយខេត្តដែលក្រសួងត្រូវអនុវត្តនោះគឺ ខេត្តកំពង់ស្ពឺ ពោធិ៍សាត់ កោះកុង បាត់ដំបង និងបៃលិន ដែលជាខេត្តស្ថិតក្នុងតំបន់ជួរភ្នំក្រវាញ។លោក នេត្រភក្ត្រាបន្តថាយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធនធានធម្មជាតិដំណាក់កាលទី២នេះទៀតសោធក្រសួងក៏បានដាក់ចេញនូវទិសដៅចំនួន៤រួមមាន៖ ទី១ គឺការការពារ និងអភិរក្សធនធានធម្មជាតិ, ទី២គឺ ការទប់ស្កាត់ការជួញដូរសត្វព្រៃដោយខុសច្បាប់ ជាពិសេសសត្វព្រៃដែលអាចបង្កមហន្តរាយ និងជំងឺឆ្លងនានា, ទី៣ គឺការពង្រឹងលើការអនុវត្តច្បាប់ និងពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីកាត់បន្ថយចំនួនអន្ទាក់ហើយទី៤គឺការផ្លាស់ប្តូរឥរិយាបថរបស់ពលរដ្ឋ ជាពិសេសអ្នកនិយមបរិភោគសាច់ព្រៃ ដែលយល់ច្រឡំថា សាច់ព្រៃ ជាអាហារប៉ូវកម្លាំង បំប៉នសុខភាព និងព្យាបាលជំងឺផ្សេងៗ ឱ្យងាកមកចូលរួមការពារ និងអភិរក្សវិញ។លោក សេង ទៀក ប្រធានអង្គការមូលនិធិសត្វព្រៃពិភពលោក(WWF) បានប្រាប់វិទ្យុបារាំងអន្តរជាតិRFIថាហេតុផលដែលក្រសួង និងអង្គការជាដៃគូបន្តធ្វើយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នេះ ដោយសារយុទ្ធនាការដំណាក់កាលទី១បានបង្ហាញឱ្យឃើញពីផលប៉ះពាល់ច្រើនក្នុងតំបន់ការពារធម្មជាតិខណៈយុទ្ធនាការដំណាក់កាលទី១នៅមិនទាន់គ្របដណ្តប់ឬអនុវត្តឱ្យបានពេញលេញចំពោះខេត្តផ្សេងនៅឡើយ។ ម្ល៉ោះហើយលោកថាដំណាក់កាលទី២នេះ នឹងបន្តចូលរួមផ្សព្វផ្សាយទប់ស្កាត់ការជួញដូរនិងការបរិភោគសាច់សត្វព្រៃតាមរយៈការដាក់អន្ទាក់នេះ។ប្រធានអង្គការWWFរូបនេះយល់ថា ដើម្បីអាចទប់ស្កាត់បញ្ហានេះបានលឿនគឺមានតែការផ្សព្វផ្សាយឱ្យពលរដ្ឋយល់ដឹងពីផលប៉ះពាល់ពីការដាក់អន្ទាក់សត្វព្រៃ។ តែគួរជុំវិញឱ្យពលរដ្ឋរិះរករបរថ្មីដើម្បីរកចំណូលចូលគ្រួសារជាជាងការដាក់អន្ទាក់នេះ។ ជុំវិញយុទ្ធនាការនេះ សកម្មជនការពារព្រៃឈើ និងបរិស្ថានក៏ធ្លាប់បានស្នើឱ្យក្រសួងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បន្ថែមទៀតជាពិសេសដាក់ទោសឱ្យធ្ងន់ធ្ងរចំពោះជនល្មើសនោះ ដើម្បីទប់ស្កាត់ការបាត់បង់សត្វព្រៃ។ជាពិសេសសត្វព្រៃកម្រក្នុងដែនការពារធម្មជាតិរបស់កម្ពុជា។ខណៈសកម្មជនទាំងអស់ ចង់ឃើញក្រសួងបរិស្ថាននិងក្រសួងកសិកម្មទប់ស្កាត់ការជួញដូរនិងលក់សត្វព្រៃនៅលើទីផ្សារផងដែរ។សូមជម្រាបថាយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធនធានធម្មជាតិដំណាក់កាលទី១ ក្នុងខេត្តចំនួន៦រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តកំពង់ធំ ត្រូវបានរកឃើញថា ចំនួនអន្ទាក់បានថយចុះនៅសល់ ៣៥,១៩៣អន្ទាក់ បើធៀបជាមួយទិន្នន័យមូលដ្ឋានដែលមិនទាន់ធ្វើយុទ្ធនាការមានចំនួន ៦១,១៦១ អន្ទាក់។ដោយឡែក កាលពីឆ្នាំ២០២១ អន្ទាក់ចំនួនប្រមាណ ៦១,៦១១ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិ។ក៏ប៉ុន្តែចំនួននេះបានកើនឡើងប្រមាណ២០% ពីចំនួន ៤៣,២៧០ ក្នុងឆ្នាំ២០២០។ ហើយបើតាមការសិក្សាកន្លងមកគឺថាបរិមាណអន្ទាក់ត្រឹមតែ២០%ប៉ុណ្ណោះត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងមួយឆ្នាំ ខណៈ៨០%ទៀត កំពុងមានវត្តមាននៅក្នុងព្រៃនៅឡើយ។ក្នុងនោះ អន្ទាក់ដែលមន្ត្រីឧទ្យានុរក្សរកឃើញ ភាគច្រើនជា អន្ទាក់អង្គប់ដែក អង្គប់មានធ្មេញ ដុំឆក់ ខ្សែកាបរាយប្រវែងប្រមាណ៥០០ម៉ែត្រ ដោយប្រើអាគុយដើម្បីឆក់សត្វ និងមានកាំភ្លើងកែឆ្នៃជាដើម។ ហើយកាលពីឆ្នាំ២០២១កន្លងទៅមន្ត្រីឧទ្យានុរក្សដកហូតកាំភ្លើងកែឆ្នៃចំនួន៧៥៨ដើមផងដែរ៕AKP/RFI
រូបភាពសហការី |
Post a Comment