លោកហ៊ុន ម៉ាណែតឆ្លើយតបអ្នករិះគន់រឿងបេក្ខភាពជានាយករដ្ឋមន្ត្រីអនាគត
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកបានឆ្លើយតបអ្នករិះគន់ពាក់ព័ន្ធលោកជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគតរបស់គណបក្សប្រជាជនកម្ពុជាដែលតែងវាយប្រហារ(ជេរ)។ប៉ុន្តែលោកធ្វើចិត្តឱ្យត្រជាក់និងស្ងប់ ដោយមិនចំណាយពេលឆ្លើយតបទៅវិញនោះទេ។ការលើកឡើងខាងលើនេះ ត្រូវបានគេមើលឃើញថា ទំនងសំដៅទៅលើលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅប្រទេសបារាំងនិងអ្នកវិភាគដែលកំពុងនិរទេសនៅក្រៅស្រុកគឺលោក គឹម សុខ។ក្នុងវីដេអូឃ្លីបប្រមាណជាង៦នាទី ដែលបានផ្សាយនៅលើបណ្ដាញសង្គមកាលពីថ្ងៃសុក្រ លោក ហ៊ុន ម៉ាណែត បានលើកឡើថាបន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ប្រកាសគាំទ្រលោកជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេនពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាឪពុកបង្កើតនោះគឺមានអ្នកវាយប្រហារ និងមានទាំងអ្នកជេរលោកជាប្រចាំ។លោកបន្ថែមថាជេររាល់ថ្ងៃចឹង តើទ្រាំបានដែរឬទេ? លោក ហ៊ុន ម៉ាណែត ឆ្លើយថាលោកអាណិតអ្នកជេរទៅវិញទេ ព្រោះជេររាល់ថ្ងៃបែបនេះ គឺចង់ឱ្យលោកខឹង ក្តៅក្រហាយ ដើម្បីរកវិធីឆ្លើយតបទៅគេវិញ។ លោកបន្តថា អ្នកជេរទី១ បង្កាច់បង្ខូច ជេរខឹងខ្លួនឯង ក្ដៅចិត្តអត់មានអ្នកតប ហើយយូរៗទៅថែមទាំងបាត់បង់ជំនឿទុកចិត្តពីប្រជាពលរដ្ឋទៀតផង។លោកនិយាយថា ជេរទី១ គេមើលច្រើន តែនៅពេលជេរយូរៗទៅលែងមានអ្នកចូលមើលគឺមានតែអ្នកចូលជេរទៅវិញ ព្រោះអ្នកដែលជេរទាំងនោះអស់ន័យ ជេរហួសហេតុពេក [,,,]។ លោកបញ្ជាក់ថា៖«ម្ដងម្កាលខ្ញុំឆ្លើយដែរ តែមិនមែនបកស្រាយឱ្យគាត់សប្បាយចិត្តឈប់ជេរ មិនមែនទេ គឺនៅតែជេរអ៊ីចឹង បើគាត់ថា ដើមឈើហ្នឹងពណ៌ខៀវ យើងថាបៃតង គាត់ជេរយើងថា យើងខុស នៅពេលយើងឯកភាព [,,,] គាត់ថាខុសទៀត អ៊ីចឹង ការបកស្រាយ ដើម្បីមហាជនបានយល់តែប៉ុណ្ណោះ»។បេក្ខភាពនាយករដ្ឋមន្ត្រីខាងលើពន្យល់ថា នៅពេលអ្នករិះគន់បកស្រាយអាក្រក់ពេក គឺលោកមានសិទ្ធិពន្យល់ ដើម្បីឱ្យមហាជនបានដឹង និងយល់នូវអ្វីដែលជាការពិត ដើម្បីការពារភាពថ្លៃថ្នូររបស់ខ្លួន។ប៉ុន្តែលោកបានប្រកាន់ជំហរថា មិនទៅកើតទុក្ខជាមួយអ្នកជេរនោះទេ ព្រោះអ្នកជេរនោះយកភាពក្ដៅក្រហាយដាក់នៅក្នុងខ្លួន។លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ចំពោះលោកផ្ទាល់ប្រកាន់ភាពត្រជាក់ ទោះអ្នកជេរនោះចង់យកភ្លើងមកដុតខ្លួនលោកឱ្យក្ដៅដែរ ប៉ុន្តែគ្មានប្រយោជន៍នោះទេ ព្រោះលោកមិនក្ដៅជាមួយឡើយ។ លោកអះអាងថា បើស្ដាប់អ្នកជេរហើយស្រាប់តែខឹង ហើយឆ្លើយតបស្មើនឹងលោកដុតកម្តៅខ្លួនឯង ដូច្នេះគ្មានចំណេញសម្រាប់លោកទេ។ ប៉ុន្តែលោកសុខចិត្តត្រជាក់និងធ្វើឱ្យខ្លួនឯងស្ងប់។អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ខាងលើនិយាយថា [,,,] នៅពេលយើងនៅមានជីវិត តើយើងបានធ្វើអ្វីខ្លះ? បន្សល់ទុក្ខអំពើល្អអ្វីខ្លះ? [,,,] ប៉ុន្តែសម្រាប់លោកគឺអនុញ្ញាតឱ្យគេជេរ ព្រោះជេរយូរៗឆេះខ្លួនឯង ហើយអ្នកគាំទ្រ នឹងឆេះដូចតែគ្នាដោយរកភាពស្ងប់ចិត្តមិនបានឡើយ។កាលពីកន្លងទៅថ្មីៗ លោក សម រង្ស៊ី បានលើកឡើងថា បេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត គឺឡើងតាមជើងខោរបស់ឪពុកលោក ។ដូច្នេះ គ្មានសមត្ថភាពធ្វើជានាយករដ្ឋមន្ត្រីឡើយ។ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សម រង្ស៊ី ក៏បានបន្តនិយាយថា លោក ហ៊ុន ម៉ាណែត គ្មានស្នាដៃអ្វីទាល់តែសោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចង់ឱ្យកូនខ្លួនឡើងកាន់តំណែងបន្ទាប់ពីខ្លួន កំពុងតែប្រើអាម៉ីអាថោងឱ្យប្រឌិដ្ឋស្នាដៃកាន់តែអស្ចារ្យ ដើម្បីបញ្ចូលក្នុងប្រវត្តិរូបរបស់កូនខ្លួន។ លោកបន្តថា លោក ហ៊ុន ម៉ាណែត ដែលខំយកលុយទៅទិញទឹកចិត្តជនជាតិខ្មែរ ដែលរស់នៅឯនាយសមុទ្រទទួលបរាជ័យយ៉ាងអាម៉ាស់។ ជនជាតិខ្មែរ នៅឯនាយសមុទ្រ ភាគច្រើនលើសលប់ មានជីវភាពខ្ពង់ខ្ពស់ ហើយមានភាពថ្លៃថ្នូរ គឺពួកគេមិនត្រូវការលក់ឧត្តមគតិឱ្យលោក ហ៊ុន សែន និងក្រុមគ្រួសារ ហ៊ុន សែន ឡើយ។ [,,,] ចុងក្រោយនេះ លោក ហ៊ុន ម៉ាណែត ឈប់ហ៊ានមកឃោសនា នៅចំពោះមុខមហាជនខ្មែរ នៅឯនាយសមុទ្រទៀតហើយ។កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លោក សម រង្ស៊ី បានលើកឡើងថា ពេលណាសម្តេចហ៊ុន សែន ផ្ទេរអំណាចទៅឱ្យ ហ៊ុន ម៉ាណែត នោះរបបគាត់ និងកូនគាត់ គឺជារបបខុសច្បាប់ ដែលប្រជារាស្ត្រខ្មែរ និងសហគមន៍អន្តរជាតិ មិនទទួលស្គាល់ និងមិនទទួលយកដាច់ខាត។កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក គឹម សុខ បានលើកឡើងថា លោករង់ចាំចម្លើយរបស់លោក ហ៊ុន ម៉ាណែត ឡើងតតាំងគ្នា ព្រោះលោក ហ៊ុន ម៉ាណែត ថាបេក្ខភាពនាយករដ្ឋមន្ត្រីថ្ងៃអនាគតរបស់លោកស្របច្បាប់ តែលោកអះអាងថា បំពានច្បាប់ទាំងកំរោល រួមទាំងឪពុកផង។លោក គឹម សុខ និយាយថា បើលោក ហ៊ុន ម៉ាណែត ឡើងជានាយករដ្ឋមន្ត្រី គឺលោកគ្មានសមត្ថភាពរកយុត្តិធម៌ជូនប្រជាពលរដ្ឋឡើយ [,,,] គឺអាចមានចំណេះដឹងស្ទើរ ទោះរៀនចប់បណ្ឌិតក៏ដោយ ព្រោះមានបណ្ឌិតតែសញ្ញាបត្រ តែសញ្ញាប្រតិបត្តិ គឺគ្មានដូច្នេះ អាចមិនយល់ជ្រៅ [,,,]។ លោកថ្លែងថា រាល់ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត គឺភាគច្រើនចម្លងពីឪពុករបស់លោកទាំងស្ទើរតែទាំងស្រុង ហើយភាគច្រើនលើកឡើងពីឧក្រិដ្ឋកម្មរបប ប៉ុល ពត ដើម្បីបិទបាំងភាពអាក្រក់របស់ខ្លួន៕Khmer Times
លោក ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអមរា ខេត្តតាកែវ កាលពីដើមខែមីនា។ រូបភាព Hun Manet
Post a Comment