សម្តេចហ៊ុ​ន សែន៖យើ​ងមិនអា​ចចាត់ទុកកូវីដ១៩​ជាជំងឺផ្ដាសា​យធម្មតា​បានទេ

 សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា​បាន​គូស​បញ្ជាក់ថា យើងមិនអាចចាត់ទុកជំងឺកូវីដ១៩ថាជាជំងឺផ្ដាសាយធម្មតាបានទេ ហើយ​ក៏​មិនទម្លាក់ចោលការការពារជំងឺកូវីដ១៩នោះដែរ។ការគូសបញ្ជាក់របស់​សម្តេចនាយករដ្ឋមន្រ្ដីនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន២ខ្នងនិង​ប្រគល់សញ្ញាបត្រ​ជូន​និស្សិត​នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួនជិត៥ពាន់នាក់ នាព្រឹក​ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានី​ភ្នំពេញ។សម្តេចហ៊ុនសែនមានប្រសាសន៍ថានៅលើពិភពលោកនេះ​មិនទាន់មានប្រទេសណាមួយចេញមកប្រកាសថាជំងឺកូវីដ១៩ជាជំងឺផ្ដាសាយធម្មតានោះទេហើយយើងនៅតែបន្តការខិតខំអំពាវនាវឱ្យប្រជាពលរដ្ឋយើងចាក់វ៉ាក់សាំងបន្តទៀត។ សម្ដេចបានថ្លែងថាយើងមិនអាចចាត់ទុកថាកូវីដ១៩ ជាជំងឺផ្ដាសាយធម្មតានោះទេ។​ដូច្នេះ​យើងមិនទាន់ទម្លាក់ចោលនូវការការពារទប់ស្កាត់ជំងឺកូវីដ១៩ នោះដែរ ។ បើយើងចាត់​ទុកថាជំងឺកូវីដ១៩ ជាជំងឺផ្ដាសាយធម្មតាយើងមិនមានការចាំបាច់ក្នុងការអំពាវនាវឱ្យ​ប្រជា​ពលរដ្ឋមកចាក់វ៉ាក់សាំងការពារកូវីដ១៩នោះទេ។ សម្ដេចបានសង្កត់ធ្ងន់ថា៖ «ខ្ញុំគិតថាយើងមិនប្រកាសថាកូវីដ១៩ គឺជាជំងឺផ្តាសាយធម្មតាដែលប្រទេសមួយចំនួន​អាចប្រកាសចេញថាកូវីដ គឺជាជំងឺផ្តា​សាយ​ធម្មតាយើងជាប្រទេសទន់ខ្សោយ យើងត្រូវ​តែមាន​ការប្រុងប្រយ័ត្នយើងមិន​ដាក់​ជាកាតព្វកិច្ចពាក់ម៉ាសទេ ។ប៉ុន្តែយើងក៏លើកទឹកចិត្ត​ឱ្យប្រជាជនពាក់ម៉ាសបន្តនៅទីប្រជុំ​ជន ឬនៅតាមទីកន្លែងផ្សេងៗ យើងអត់ទាន់បោះ​ចោល​នូវកិច្ចការការពារខ្លួននោះទេ»។ជាមួយគ្នានេះដែរ សម្តេចហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា មានប្រទេស​មួយនៅតំបន់អឺរ៉ុបចង់​ផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កម្ពុជាបន្ថែមទៀត ហើយ​សម្ដេច​​បានប្រាប់​ឱ្យរដ្ឋ​មន្រ្ដី​ក្រសួងសុខាភិបាលធ្វើលិខិតថ្លែងអំណរគុណរួចហើយ ។ប៉ុន្តែកម្ពុជាមិនត្រូវការយកវ៉ាក់​សាំង​មកទុកចោលនោះទេ ព្រោះកម្ពុជា នៅសល់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ ច្រើនដែល​មិនទាន់ប្រើប្រាស់៕AKP



Powered by Blogger.