នាយករដ្ឋមន្ត្រីហ៊ុនសែនថ្លែងថាឆ្នាំ២០២២ជាឆ្នាំដែលជោគជ័យដ៏ធំបំផុតមួយសម្រាប់ការងារទូតរបស់កម្ពុជា
សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារសៀលថ្ងៃទី ០៣ ខែកុម្ភៈឆ្នាំ២០២៣ នៅវិមានសន្តិភាពបានថ្លែងថាឆ្នាំ២០២២ជាឆ្នាំដែលជោគជ័យដ៏ធំបំផុតមួយសម្រាប់ការងារទូតរបស់កម្ពុជា។សម្ដេចហ៊ុនសែនបានមានប្រសាសន៍កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធផលសំខាន់ៗជាច្រើនដែលថ្នាក់ដឹកនាំ មន្ត្រីនិងបុគ្គលិកក្រសួងការបរទេសសម្រេចបានក្នុងឆ្នាំ២០២២កន្លងទៅ និងសរសើរដល់វិភាគទានដ៏សំខាន់ដែលបានចូលរួមចំណែកពីស្ថាប័នអង្គភាពពាក់ព័ន្ធបានចូលរួមចំណែកក្នុងការធ្វើឱ្យឆ្នាំ២០២២ក្លាយជាឆ្នាំជោគជ័យក្នុងការងារទូតរបស់កម្ពុជាយើង។សម្ដេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថាអង្គសន្និបាតបានពិនិត្យពិភាក្សាអំពីសភាពការណ៍តំបន់និងពិភពលោក វិភាគនិងវាយតម្លៃអំពីឥទ្ធិពលនិងផលប៉ះពាល់នៃការប្រែប្រួលដ៏ជ្រាលជ្រៅ និងស្មុគស្មាញខាងភូមិសាស្ត្រនយោបាយយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចមកលើតំបន់ និងប្រទេសកម្ពុជាយើងដោយបានពិចារណានិងរិះរកជំរុញការកែទម្រង់ស្ថាប័នបន្ថែមទៀតដើម្បីបង្កើនប្រសិទ្ធភាពការការងារ។ សម្ដេចបន្តថាឆ្នាំ២០២២ គឺជាឆ្នាំមិនធម្មតាសម្រាប់សមរភូមិកាទូតរបស់យើងគឺជាឆ្នាំដែលកម្ពុជាទទួលតួនាទីជាប្រធានប្ដូរវេនរបស់អាស៊ានក្នុងខណ:ដែលមានការប្រឈមធំៗ ស្មុគស្មាញនិងច្រើនបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិនៃសហគមន៍តំបន់យើងនេះ។ទោះបីកម្ពុជាបានគ្រប់គ្រងដោយជោគជ័យនៃជំងឺរាតត្បាតនូវជំងឺកូវីដ-១៩ និងបើកប្រទេសឡើងវិញហើយក៏ដោយ។ប៉ុន្តែលេចឡើងនូវបរិបទថ្មីៗ នៅបន្តដាក់សម្ពាធធ្ងន់ធ្ងរលើវិស័យសុខាភិបាលសាធារណៈការប្រកួតប្រជែងរវាងមហាអំណាចធំបំផុតទាំង២កាន់តែមានលក្ខណៈអួអាប់ស្មុគស្មាញឡើងទៀតកាន់តែច្រើនបង្កជាសម្ពាធកាន់តែធ្ងន់ធ្ងរមកលើប្រទេសនានាក្នុងតំបន់ ពិសេសមកលើកម្ពុជាយើង។សម្តេចបញ្ជាក់ថា វិបត្តិនយោបាយ សន្តិសុខ សេដ្ឋកិច្ចនិងមនុស្សធម៌ នៅមីយ៉ាន់ម៉ា នៅជាបញ្ហាសម្រាប់អាស៊ាន ហើយបន្ទុកនៃការជួយស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនេះបានធ្លាក់មកលើកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាននិងប្រេសិតពិសេសរបស់ប្រធានអាស៊ាន។ ទន្ទឹមនេះ ស្ថានការណ៍នៅឧបទ្វីបកូរ៉េបន្តធ្លាក់ចុះដុនដាប ដោយសារការបាញ់សាកល្បងមីស៊ីលក្នុងចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិកូរ៉េខាងជើង។ក្នុងពេលសភាពការណ៍នៅសមុទ្រចិនខាងត្បូងរក្សាបានភាពស្ងប់ស្ងៀមបង្គួរ បញ្ហាតៃវ៉ាន់បានក្លាយទៅជាចំណុចក្តៅក្នុងទំនាក់ទំនងចិន-អាម៉េរិក ពិសេសបន្ទាប់ពីទស្សនកិច្ចរបស់ប្រធានសភាអាមេរិកដែលកើតឡើងចំថ្ងៃដែលរដ្ឋមន្ត្រីការបរទេសអាស៊ានបើកកិច្ចប្រជុំរបស់ខ្លួននៅទីក្រុងភ្នំពេញ។ ប៉ុន្តែរឿងដ៏រន្ធត់ផ្នែកសណ្តាប់ធ្នាប់អន្តរជាតិការធ្វើសង្គ្រាមរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែនដែលមកដល់ពេលនេះបានបង្កឱ្យទាហាននិងជនស៊ីវិលរាប់ម៉ឺននាក់ស្លាប់ រាប់លាននាក់ភៀសខ្លួនហើយហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង និងទ្រព្យសម្បត្តិដ៏សន្ធឹកសន្ធាប់ត្រូវបានបំផ្លាញ។សម្ដេចគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ដែលបានកើតឡើងនៅតំបន់ខាងលើពិតជាបានជះឥទ្ធិពលផ្ទាល់ឬប្រយោលមកលើកម្ពុជាយើងបង្កជាសម្ពាធធ្ងន់ធ្ងរមកលើអធិបតេយ្យ ឯករាជ្យភាពអព្យាក្រឹត្យភាពនិងការសម្រេចចិត្តនានាខាងនយោបាយរបស់យើងទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ។ប៉ុន្តែដោយសារការប្រកាន់ខ្ជាប់គោលនយោបាយការបរទេសមួយដែលឯករាជ្យផ្អែកលើច្បាប់ផ្អែកលើផលប្រយោជន៍ស្នូលរបស់ជាតិនិងប្រជាជនយើងយើងបានប្រែក្លាយការប្រឈមឱ្យទៅជាកាលានុវត្តភាពនិងបានបង្ហាញឱ្យឃើញសុឆន្ទៈយ៉ាងពិតប្រាកដក្នុងការគោរពច្បាប់គោលបំណងនិងគោលការណ៍ទាំងឡាយនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ នៅក្នុងឱកាសគម្រប់ខួបមួយឆ្នាំនៃសង្គ្រាមនៅអ៊ុយក្រែនប្រទេសចិនបានដើរតួនាទីឈានមុខមួយក្នុងការស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយលើកឡើងសំណើដែលមាន១២ចំណុច។ កម្ពុជាគាំទ្រសំណើរ១២ ចំណុចរបស់ប្រទេសចិនដោយសារសំណើរបស់ប្រទេសចិនចែងអំពីការគោរពច្បាប់អន្តរជាតិគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិដែលជាវិធានសម្រាប់ទំនាក់ទំនងរវាងរដ្ឋអធិបតេយ្យដូចជាអធិបតេយ្យភាពបូរណភាពដែនដីនិងឯករាជ្យភាព។ សំណើខាងលើបានអំពាវនាវឱ្យបញ្ឈប់ភាពប្រទូសរ៉ាយផ្នែកយោធា ហើយសម្ដេចក៏បានគូសបញ្ជាក់ថាតាមបទពិសោធន៍សង្គ្រាមគឺជាមធ្យោបាយដ៏អាក្រក់បំផុតសម្រាប់បញ្ចប់។ឯបទឈប់បាញ់គឺជាមធ្យោបាយល្អបំផុតដើម្បីឈានទៅបញ្ចប់សង្គ្រាម។សំណើរនេះក៏បានអំពាវនាឱ្យមានកិច្ចសន្ទនាសន្តិភាព និងបញ្ឈប់ទណ្ឌកម្មជាឯកតោភាគីផងដែរ។ សម្ដេចបន្ថែមថា គោលការណ៍ខាងលើស្របគ្នាជាមួយនឹងជំហររបស់កម្ពុជាបន្ថែមលើនេះសំណើរបស់ចិនក៏បានផ្ដោតលើទិដ្ឋភាពមនុស្សធម៌សន្តិសុខស្បៀងនិងស្ថាបនាឡើងវិញក្រោយជម្លោះ។កម្ពុជាអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ពិចារណាដ៏យកចិត្តទុកដាក់ចំពោះសំណើររបស់ចិនដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាបញ្ចប់ការឈឺចាប់ របស់ប្រជាជន និងការបំផ្លិចផ្លាញទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ និងនាំត្រឡប់មកវិញនូវសន្តិភាព។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់គោលការណ៍ណែនាំនិងទិសដៅគោលនយោបាយដល់មន្ត្រីការទូតកម្ពុជាទាំងអស់សំដៅរក្សាផលប្រយោជន៍ស្នូលរបស់កម្ពុជាធានាឱ្យបាននូវអធិបតេយ្យភាពនិងសន្តិភាពព្រមទាំងជំរុញទំនាក់ទំនងសេដ្ឋកិច្ច៕AKP
Post a Comment