គ.ជ.បប្រតិកម្មនឹងវិទ្យុអាស៊ីសេរី
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានប្រតិកម្មទៅនឹងវិទ្យុអាស៊ីសេរីដែលមានទីស្នាក់ការផ្សាយនៅក្រៅប្រទេសដែលលើកឡើងថាលោកប្រាជ្ញ ចន្ទដឹកនាំស្ថាប័នឯករាជ្យ។ប៉ុន្តែស្មោះត្រង់ជាមួយនឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែននិងលម្អៀងទៅរកគណបក្សកាន់អំណាចសព្វថ្ងៃ។កាលពីថ្ងៃអង្គារ គ.ជ.ប បានចេញសេចក្ដីបំភ្លឺថាការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគឺមានបំណងបំភាន់ទស្សនមហាជននិងបម្រើផលប្រយោជន៍របស់បក្ខពួកខ្លួន។ស្ថាប័នខាងលើនេះបន្ថែមថារាល់សេចក្តីសម្រេចរបស់ គ.ជ.ប ជាសេចក្តីសម្រេចរបស់សមាសភាព គ.ជ.ប ទាំងមូលហើយប្រធាន គ.ជ.ប គ្រាន់តែជាអ្នកដឹកនាំរាល់ការប្រជុំតាមបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប។ប្រភពដដែលបន្តថាវិទ្យុខាងលើនេះផ្សាយថាក្រុមអ្នកសង្កេតការណ៍ឯករាជ្យទាំងជាតិ និងអន្តរជាតិវាយតម្លៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ មិនមែនជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។ ប៉ុន្តែក្រោយការបោះឆ្នោត បក្សនយោបាយឈរឈ្មោះបោះឆ្នោតនិងអង្គការសង្កេតការណ៍ភាគច្រើន បានចេញសេចក្តីថ្លែងការណ៍គាំទ្រ។ស្ថាប័នកំពូលនេះបន្ថែមថា៖«ករណី គ.ជ.ប ដាក់ពាក្យបណ្តឹងប្រឆាំងនឹង លោក សុន ឆ័យ ដោយសារលោក សុន ឆ័យ បានផ្ដល់បទសម្ភាសជាមួយលោក តាំង សារ៉ាដា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២គឺជាអំពើបរិហារកេរ្តិ៍ជាសាធារណៈ ស្របតាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌប្រទេសកម្ពុជា ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសស្ថាប័ន គ.ជ.ប ដែលត្រូវបំពេញភារកិច្ចដោយឯករាជ្យ និងអព្យាក្រឹតដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌»។ស្ថាប័នខាងលើបន្តថាបណ្តឹងប្រឆាំងនឹង លោក សុន ឆ័យ គឺស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សអនុលោមតាមមាត្រា ១៥០ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ មាត្រា ៣ នៃច្បាប់ស្តីពីការៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ប្រភពដដែលថាការសម្រេចរបស់តុលាការទាំង ៣ ថ្នាក់ កាលពីកន្លងមកគឺបានផ្តល់នូវភាពស្អាតស្អំ កិត្តិយស និងសេចក្តីថ្លៃថ្នូរមក គ.ជ.ប ដែលជាស្ថាប័នកំពូលចែងក្នុងរដ្ឋធម្មនុញ្ញ។ស្ថាប័ននេះថ្លែងថាចំពោះការផ្ញើលិខិតមួយច្បាប់របស់លោក ប្រាជ្ញ ចន្ទ ទៅកាន់នាយករដ្ឋមន្រ្តីគឺមិនពាក់ព័ន្ធនឹងឯករាជ្យភាពរបស់ គ.ជ.ប នោះទេ។ប៉ុន្តែជាការចូលរួមរបស់លោក ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីអបអរសាទរសម្តេច ហ៊ុន សែន ដែលមានស្នាដៃ និងកិត្តិយសទទួលបានពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់ថ្នាក់ដឹកនាំឆ្នើមពិភពលោកដែលប្រគល់ដោយវិទ្យាស្ថានយុទ្ធសាស្រ្តសម្រាប់អាស៊ីប៉ាស៊ីហ្វិក (KSI)។ គ.ជ.ប បន្តថា ការផ្ញើលិខិតខាងលើនេះមិនមានច្បាប់ណាបិទសិទ្ធិស្ថាប័នឯករាជ្យមិនឱ្យចូលរួមអបអរសាទរនិងជូនពរដល់ឥស្សរជនខ្មែរនោះទេ។កាលពីថ្ងៃទី២២ និងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ វិទ្យុអាស៊ីសេរី បានចេញផ្សាយដោយដាក់ចំណងជើងថា «ប្រវត្តិលោកប្រាជ្ញា ចន្ទ ប្រធាន គ.ជ.ប ស្មោះនឹងសម្តេចហ៊ុន សែន»។ វិទ្យុនេះបានលើកឡើងថា វិញ្ញាសារដំបូងរបស់លោក ប្រាជ្ញ ចន្ទ គឺជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ កាលពីឆ្នាំ២០២២ ដែលលោកអះអាងថា ប្រព្រឹត្តទៅដោយរលូន សេរី និងយុត្តិធម៌។ប៉ុន្តែក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ បានវាយតម្លៃការបោះឆ្នោតនេះ គ្មានសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ៕Khmer Times
លោកប្រាជ្ញ ចន្ទប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ។រូបភាពសហការី
Post a Comment