កម្ពុជា-អូស្រ្តាលីរីករាយចំពោះកិច្ចសហប្រតិបត្តិការជាពិសេសលើវិស័យកសិកម្ម
សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្ដែងនូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២(កម្ពុជា-អូស្ត្រាលី)។ជាពិសេសលើវិស័យកសិកម្មដែលអូស្ត្រាលីបានជួយកម្ពុជាបង្កើតវិទ្យាស្ថានCARDIសម្រាប់ការស្រាវជ្រាវហើយការស្រាវជ្រាវនេះទៀតសោត ក៏បាននាំកម្ពុជាដល់ការស្រាវជ្រាវបានពូជស្រូវដ៏ល្អជាប់ចំណាត់ថ្នាក់លេខ១ និងពូជស្រូវដទៃទៀត។លោកអ៊ាង សុផល្លែតជំនួយការផ្ទាល់សម្ដេចតេជោ បានឱ្យដឹងដូច្នេះបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Justin Kevin Whyatt ឯកអគ្គរាជទូតអូស្រ្តាលីថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ ក្នុងជំនួបនោះលោកWhyattបានគោរពជម្រាបជូនសម្ដេចតេជោថាលោកពិតជាមានសេចក្ដីរីករាយណាស់ដែលបានវិលត្រឡប់មកបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីរយៈពេលជាង២០ឆ្នាំកន្លងមក។ លោកបានមានប្រសាសន៍ថា នៅពេលនេះកម្ពុជាមានការរីកលូតលាស់ និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយលោកក៏សូមសម្ដែងនូវការគោរព ចំពោះការដឹកនាំដ៏វ័យឆ្លាតរបស់សម្ដេចតេជោក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩កន្លងមក។ទន្ទឹមនេះការរៀបចំនិងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំកន្លងមក ដែលនាំឱ្យកម្ពុជាទទួលបាននូវកិត្តិស័ព្ទដ៏ល្អរន្ទឺ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថាក្នុងអាណត្តិជាឯកអគ្គរាជទូតនៅព្រះរាជាណាចក្រកម្ពុជាលោកនឹងប្រឹងប្រែងធ្វើយ៉ាងណាពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ និងក្នុងភាពជាដៃគូនៅលើវិស័យដូចជាទី១.គឺជំរុញពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនទី២.ទំនាក់ទំនងរវាងអ្នកវិនិយោគនិងអ្នកវិនិយោគ ទី៣. ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ទី៤. លើវិស័យសុខាភិបាល ទី៥. លើវិស័យដោះមីន ធ្វើយ៉ាងណាជួយគាំទ្រកម្ពុជាឱ្យបានសម្រេចនូវគោលដៅជាប្រទេសគ្មានមីននៅឆ្នាំ២០២៥។ ទី៦. លើវិស័យសង្គមកិច្ច ទី៧. លើវិស័យលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ទី៨. លើវិស័យការពារជាតិ និងទី៩. លើវិស័យទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ជួញដូរគ្រឿងញៀន ជូញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗទៀត។ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរ ចំពោះលោកWhyatt ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់អូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។សម្ដេចតេជោក៏បានសម្ដែងនូវការរីករាយ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ជាពិសេសលើវិស័យកសិកម្ម ដែលអូស្ត្រាលីបានជួយកម្ពុជាបង្កើតវិទ្យាស្ថាន CARDI សម្រាប់ការស្រាវជ្រាវហើយការស្រាវជ្រាវនេះទៀតសោតក៏បាននាំកម្ពុជាដល់ការស្រាវជ្រាវ បានពូជស្រូវដ៏ល្អជាប់ចំណាត់ថ្នាក់លេខ១ និងពូជស្រូវដទៃទៀត។ សម្ដេចតេជោនាយករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណផងដែរ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលកន្លងមកបានជួយកម្ពុជា ក្នុងការផ្ដល់នូវវ៉ាក់សាំងសម្រាប់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ សម្ដេចតេជោមានប្រសាសន៍ថា ជោគជ័យរបស់កម្ពុជាលើការទប់ស្កាត់ជំងឺកូវីដ១៩ គឺមិនអាចកាត់ផ្ដាច់បាន ពីការគាំទ្រនិងជួយពីប្រទេសអូស្ត្រាលីទេ។សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ជូនដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានជួយដល់កម្ពុជា លើបញ្ហាដោះមីននិងកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យវិនិយោគ រួមនឹងវិស័យដទៃទៀត៕AKP
Post a Comment