ឃាត់រថយន្ដស៊េរីទំនើបមួយគ្រឿង ជ្រកក្រោមពាក់ស្លាកលេខនគរបាល សង្ស័យគ្មានពន្ធ
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចុះឃាត់រថយន្ដស៊េរីទំនើបមួយគ្រឿង ពាក់ស្លាកលេខនគរបាល ដែលម្ចាស់ចតទុកនៅផ្ទះ លុះសួររកឯកសារពាក់ព័ន្ធនឹងរថយន្ដ ប៉ុន្តែម្ចាស់រថយន្តមិនមានឯកសារគ្រប់គ្រាន់នោះទេ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយ ក៏សម្រេចធ្វើការឃាត់រថយន្ដនោះតែម្តង ដោយសង្ស័យថា ជារថយន្ដអត់ពន្ធ។
សេចក្តីរាយការណ៍បន្តថា នៅក្នុងរង្វង់ប្រតិបត្តិការឃាត់រថយន្ដខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ១៣៦ ចំណុចមុខផ្ទះគ្មានលេខ ដែលនៅជាប់នឹងឱសថស្ថាន « ហេង ហេង» ចំណុចផ្សារតាប៉ាង ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា រថយន្តខាងលើម៉ាក Cadillac escalade ពណ៌ខ្មៅ ពាក់ស្លាក នគរបាល 2-7898 ដែលម្ចាស់រថយន្តតែងតែយកមកចតនៅទីនោះជាប្រចាំ ហើយម្ចាស់រថយន្ត គឺជាមន្ត្រីនគរបាលនៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃផងដែរ។
តាមប្រភពពីអ្នកជិតស្និទ្ធនៃម្ចាស់រថយន្តខាងលើបានប្រាប់អោយដឹងថា រថយន្តខាងលើ ជារថយន្តមានឯកសារត្រឹមត្រូវ គ្រាន់តែម្ចាស់រថយន្តបំពាក់ស្លាកនគរបាល ដើម្បីបម្រើនៅអង្គភាពប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា រថយន្ដខាងលើ ត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះមកឃាត់ និងត្រួតពិនិត្យរកឯកសារពាក់ព័ន្ធរបស់រថយន្ត ប៉ុន្តែម្ចាស់រថយន្តមិនមានឯកសារគ្រប់គ្រាន់ ដើម្បីបង្ហាញទៅកាន់មន្ត្រីជំនាញគយ និងរដ្ឋាករកម្ពុជានោះទេ ទើបមន្ត្រីជំនាញសម្រេចចិត្តនាំយករថយន្តនោះទៅរក្សាទុកនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាតែម្តង ដើម្បីដោះស្រាយ និងចាត់ការបន្តតាមនីតិវិធីជំនាញនៃច្បាប់៕
Post a Comment