ឧកញ៉ា ស្រី ចាន់ថន ប្រកាសផ្ដល់ផ្ទះវីឡាតម្លៃ២៧ម៉ឺនដុល្លារ និងប្រាក់ឧបត្ថម្ភ១០ឆ្នាំ បើកីឡាករខ្មែរណា ផ្ដួលស្ដេចប្រដាល់ថៃ ប៊ូខាវ
អនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកឧកញ៉ា ស្រី ចាន់ថន បានប្រកាសថា នឹងផ្ដល់ជូនផ្ទះវីឡា ដែលមានតម្លៃ ២៧ម៉ឺនដុល្លា និងប្រាក់ឧបត្ថម្ភ រយៈពេល១០ឆ្នាំ ប្រសិនបើកីឡាករគុនខ្មែររូបណា អាចវាយយកឈ្នះស្ដេចប្រដាល់ថៃ ប៊ូ ខាវ បាន ដើម្បីនាំជ័យជំនះជូនជាតិ ។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកឧកញ៉ា ស្រី ចាន់ថន ៖ «ជាសម្ដីចេញពីមាតុ ប៊ូខាវ មិនអីទេ ខ្មែរមិនចង់បានលោកប៊ូខាវទេ ក្នុងនាមខ្ញុំបាទ ជាអនុប្រធានកិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ ខ្មែរក៏មានអ្នកខ្លាំងដែរ បើខ្មែរ វ៉ៃប៊ូខាវឈ្នះ អោយវីឡាមួយ ឡានមួយ និងថវិការបន្ថែម ប្រចាំរយៈពេល១០ឆ្នាំ។
នេះជាការលើកទឹកចិត្តដល់កីឡាករខ្មែរ តស៊ូដើម្បីមាតុជាតិរបស់យើង ។ ខ្ញុំស្រឡាញ់កម្ពុជា» ។
ជុំវិញហេតុការណ៍ ប្រកាសស្វែងរកជើងខ្លាំងប្រដាល់កម្ពុជា មកផ្ដួលស្ដេចប្រដាល់ថៃរូបនេះ ដោយសារតែមានវិវាទ រវាងអ្នកគាំទ្រកីឡាប្រដាល់«គុនខ្មែរ» និង«មួយថៃ» ជុំវិញការដាក់ប្រភេទកីឡាករគុនខ្មែរ នៅស៊ីហ្គេម ក្នុងប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដោយមិនដាក់បញ្ជូលប្រភេទកីឡាប្រដាល់មួយថៃ ។
ហើយបន្ទាប់មក ស្ដេចប្រដាល់ថៃ ប៊ូខាវ បានប្រកាសលើទំព័រហ្វេសប៊ុកខ្លួនថា រូបគេមិនជាប់សាច់ឈាមខ្មែរទេ គេមានដើមកំណើតជាជនជាតិភាគតិច(កួយ) ។
ហើយមិនតែប៉ុណ្ណោះ ថ្មីៗនេះលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានអំពាវនាវឱ្យបញ្ចប់ការឈ្លោះប្រកែកគ្នា ដែលលោកហៅថា ជាជម្លោះដែល “គ្មានន័យ” ជុំវិញថា តើកីឡាប្រដាល់ប្រពៃណី គួរត្រូវបានគេហៅថា Maay Thai ឬ គុនខ្មែរ ពេលដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ក្នុងខែឧសភាខាងមុខនោះ ប៉ុន្តែបែរជាកីឡាករប្រដាល់ល្បីឈ្មោះរបស់ថៃនេះ បាននិយាយទៅកាន់ទាំងសារព័ត៌មានថៃ និងអន្តរជាតិ នៅថ្ងៃទី០១ ខែកុម្ភៈថា ៖ «រឿងកម្ពុជា ដាក់គុនខ្មែរ នៅស៊ីហ្គេម ជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី ។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original លេខ១ទៅហើយ» ៕
Post a Comment