ការអំពាវនាវរបស់នាយករដ្ឋមន្ត្រីថៃឲ្យបញ្ឈប់ជម្លោះរឿងប្រដាល់ត្រូវបានស្វាគមន៍
មន្ត្រីជាន់ខ្ពស់ដែលគ្រប់គ្រងកីឡាខ្មែរបានសម្តែងការស្វាគមន៍ចំពោះការអំពាវនាវរបស់នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធចាន់អូចាដែលស្នើឲ្យពលរដ្ឋថៃបញ្ឈប់ជម្លោះជាមួយកម្ពុជារឿង«គុនខ្មែរ»និង«MuayThai»។ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលថៃបានធ្វើឡើងក្រោយមានវិវាទគ្នាជាមួយកម្ពុជាហើយថៃបានពហិការក្នុងការចូលរួមប្រកួតវិញ្ញាសារកីឡា«គុនខ្មែរ»ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេមនៅឆ្នាំ២០២៣នេះ។ ក៏ប៉ុន្តែក្រោយមកក៏សម្រេចចូលរួមវិញ។ លោកវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣(CAMSOC)បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFIថាកម្ពុជាសម្តែងការអបអរនូវប្រសាសន៍ដ៏ល្អរបស់លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃប្រទេសថៃដែលបានស្នើឲ្យអ្នកកីឡានិងពលរដ្ឋថៃបញ្ឈប់ជម្លោះជាមួយកម្ពុជាជុំវិញរឿងឈ្មោះកីឡាប្រដាល់។ តាមលោក វ៉ាត់ ចំរើន ការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ នឹងនាំមកនូវសុខុដុមរម្យនាសង្គមជាតិទាំង២និងជិតខាងល្អហើយកម្ពុជាក៏ជៀសវាងឲ្យបានផងដែរ។សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅក្នុងកម្មវិធីកីឡាមួយដែលរៀបចំដោយក្រសួងវប្បធម៌ថៃកាលពីថ្ងៃអង្គារ បានប្រាប់ទៅពលរដ្ឋ ក៏ដូចអ្នកកីឡារបស់ខ្លួនឲ្យបញ្ឈប់ការប្រកែកគ្នាជាមួយកម្ពុជាជុំវិញការប្រើឈ្មោះ«គុនខ្មែរ» ឬ«Muay Thai» ដែលលោកយល់ថាជារឿងឥតប្រយោជន៍ដែលអាចបង្កឲ្យទៅជាជម្លោះ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍កាលពីម្សិលមិញ។ក៏ប៉ុន្តែលោក ប្រាយុទ្ធ បញ្ជាក់ថាកីឡា«MuayThai»គឺជាកម្មសិទ្ធិផ្តាច់មុខរបស់ថៃដែលមិនមាននរណាអាចដណ្តើមយកបានឡើយ។ តាមរយៈជំហរបើកចំហរបស់កម្ពុជាភាគីថៃក្រោយមកក៏បានប្តូរឥរិយាបទ ដោយសម្រេចបញ្ជូនកីឡាកររបស់ខ្លួនមកចូលរួមវិញ្ញាសារ«គុនខ្មែរ»ដែលធ្វើឲ្យប្រទេសចំនួន៨រួមទាំងម្ចាស់ផ្ទះផង ក្នុងចំណោម១១ ប្រទេសនៅអាស៊ី អាគ្នេយ៍ ចូលរួមប្រកួតវិញ្ញាសារ«គុនខ្មែរ»។សូមរំលឹកដែរថា រឿង«គុនខ្មែរ» និង«Muay Thai»នេះ ប្រទេសទាំង២មានវិវាទនឹងគ្នាជាច្រើនទសវត្សរ៍មកហើយ។កន្លងមកកម្ពុជាមិនបានបញ្ជូនកីឡាកររបស់ខ្លួនទៅចូលរួមព្រឹត្តិការណ៍កីឡារបស់ថៃទេ នៅពេលដែលថៃដាក់ឈ្មោះថា«Muay Thai»។ក្រោយមកកីឡាករទាំង២ប្រទេសនេះតែងចេញចូលគ្នាទៅវិញទៅមកដើម្បីប្រកួតក្បាច់គុនមួយនេះ។ក៏ប៉ុន្តែកីឡាករប្រទេសទាំង២ប្រកួតដោយប្រកាន់ថាជាការប្រកួត«គុនខ្មែរ» សម្រាប់កីឡាករខ្មែរ និងជាការប្រកួត«Muay Thai»សម្រាប់កីឡាករថៃ។ទោះយ៉ាងណា លោក វ៉ាត់ ចំរើន បញ្ជាក់ថា កម្ពុជាមិនប៉ះពាល់គេទេតាំងពីមុនមកម៉្លេះ គេថាឬចោទកម្ពុជាមិនតបទេ ពីព្រោះខ្មែរមិនយកឈ្មោះគេនិយាយឈ្មោះគេទេ គឺធ្វើតែរបស់ខ្លួនឯង។សូមរំលឹកដែរក្បាច់គុនប្រដាល់បុរាណខ្មែរ ឬគុនខ្មែរនេះ មានប្រវត្តិជាយូរយារណាស់មកហើយ។ នៅក្នុងតំបន់អង្គរទាំងទ័ពនិងរាស្រ្តសាមញ្ញ ត្រូវបានហ្វឹកហាត់រៀនដោយជនជាតិខ្មែរ។ ក្បាច់យុទ្ធគុននេះ ត្រូវបានគេជឿជាក់ថាជាប្រព័ន្ធវាយប្រយុទ្ធរបស់កងទ័ពខ្មែរនាសម័យអង្គរនិងមូលហេតុមួយទៀត ដែលអាណាចក្រខ្មែរបានវាយគ្រប់គ្រងតំបន់អាស៊ីអាគ្នេយ៍។ ជាក់ស្តែងភស្តុតាងរូបចម្លាក់នៅប្រាសាទបាយ័ននិងដ៏ទៃទៀតនៅប្រាសាទអង្គរវត្ត បានបង្ហាញថា ក្បាច់គុនប្រដាល់សេរីខ្មែរ មានតាំងពីសតវត្សទី៩ មកម្ល៉េះដែលប្រភពដើមជារបស់ខ្មែរ។ ក្រោយមកដោយសារការឈ្លានពានលុកលុយ លួចប្លន់ និង បំផ្លិចបំផ្លាញពីទ័ពសៀម(ថៃ) នៅក្រុងអង្គរ បណ្តាលឲ្យភាគច្រើននៃគម្ពីរក្បាច់យុទ្ធគុនប្រដាល់សេរីខ្មែរ ត្រូវបានបំផ្លិចបំផ្លាញ និងយកធ្វើជារបស់ពួកគេហើយថែមទាំងចាប់ខ្មែរជាឈ្លើយ និង រាជវង្សានុវង្សខ្មែរ ទៅក្រុងអយុធ្យាផងដែរ។ នេះបើតាមប្រភពពីប្រវត្តិក្បាច់គុនបុរាណខ្មែរ៕RFI
Post a Comment