អង្គការ​សុខភាព​ពិភពលោក​នៅតែ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​សម្រាប់​វីរុស COVID-19

WHO៖ អង្គការ​សុខភាព​ពិភពលោក​និយាយថា ​វីរុស Covid-19 នៅតែ​បន្ត​ជា​ភាពអាសន្ន​រួម​ផ្នែក​សុខភាព​សាធារណៈ​នៃ​ការព្រួយបារម្ភ​ជា​អន្តរជាតិ​។ អង្គការ​សុខភាព​ពិភពលោក​នៅតែ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ដែល​ខ្លួន​បានចេញ​សេចក្តីប្រកាស​​កាលពី​ចុងខែ​មករា ឆ្នាំ​២០២០ ស្របតាម​ការណែនាំ​ពី​គណៈកម្មាធិការ​នៃ​ក្រុម​អ្នកជំនាញ​អន្តរជាតិ​ ដែល​បាន​ជួបប្រជុំ​កាលពី​ថ្ងៃ​សុក្រ​មុន​។

​នៅក្នុង​កិច្ចប្រជុំ​នេះ អ្នកជំនាញ​បាន​បង្ហាញ​ការព្រួយបារម្ភ​របស់​ពួកគេ​ ចំពោះ​ចំនួន​អ្នកស្លាប់​ខ្ពស់​ដោយ​សារ​ជំងឺ​ Covid-19 និង​ការទទួល​វ៉ាក់សាំង​បង្ការ​មិន​គ្រប់គ្រាន់​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​។​ ​គណៈកម្មាធិការ​បាន​និយាយថា វីរុស​បំប្លែង​ថ្មី Omicron បាន​រាលដាល​យ៉ាង​ងាយស្រួល ប៉ុន្តែ​មាន​ការ​ថយចុះ​រវាង​ក​រ​ណី​ឆ្លង​វីរុស និង​ជំងឺ​ធ្ងន់ធ្ងរ បើ​ប្រៀបធៀប​ទៅនឹង​វីរុស​បំប្លែង​ខ្លួន​ថ្មី​នៃ​ការ​ព្រួយ​បារម្ភ​កាលពី​ពេលមុន​។ គណៈកម្មាធិការ​បាន​និយាយថា វីរុស​នៅតែ​រក្សា​សមត្ថភាព​ក្នុង​ការវិវត្ត​ទៅជា​វីរុស​បំប្លែង​ខ្លួន​ថ្មី ដោយមាន​លក្ខណៈ​មិនអាច​ស្មាន​ទុកជាមុន​បាន​។​

​វា​បានបង្ហាញ​ពី​តម្រូវការ​សម្រាប់​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការតាមដាន និង​ការរាយការណ៍​អំពី​ការចូល​សម្រាក​នៅ​មន្ទីរពេទ្យ ការចូល​ព្យាបាល​នៅ​ផ្នែក​សង្គ្រោះបន្ទាន់ និង​ចំនួន​អ្នកស្លាប់​។ អង្គការ​សុខភាព​ពិភពលោក​បាន​អំពាវនាវ​ឱ្យភាគី​រដ្ឋ​ទាំងអស់​ បង្កើន​ការចាក់​វ៉ាក់សាំង​ដុស​ជំរុញ​បង្ការ​វីរុស ប្រុងប្រយ័ត្ន​ចំពោះ​វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល​កំពុង​បង្ហាញខ្លួន និង​ផ្តល់ឱ្យ​អង្គការ​សុខភាព​ពិភពលោក​ (WHO) នូវ​ទិន្នន័យ​តាមដាន​លម្អិត៕

Powered by Blogger.