វៀតណាម មិនធ្លាប់ជួបរឿងប្រធានាធិបតីលាលែងពីតំណែងពាក់​កណ្ដាលទី

កាលពីថ្ងៃអង្គារកន្លងទៅ គណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្តវៀតណាម បានសម្រេចយល់ព្រមឲ្យលោក Nguyen Xuan Phuc លាលែងពីតំណែងជាប្រធានាធិបតីនៃប្រទេសវៀតណាម រួមទាំងតំណែងជាសមាជិកនៅក្នុង​ការិយាល័យនយោបាយ ក៏ដូចជានៅក្នុងគណៈកម្មាធិការមជ្ឈិម ដោយស្របទៅតាមការស្នើរបស់លោកផ្ទាល់ ។

ការចាកចេញពីតំណែងរបស់លោក Phuc ជាប្រធានាធិបតីវៀតណាមកើតឡើង បន្ទាប់ពីលោកកាន់តំណែងនេះអស់រយៈពេលជិត ២ ឆ្នាំ ហើយលោកក៏ជាប្រធានាធិបតីដំបូងគេដែលចូលនិវត្តន៍ ក៏ដូចជាលាលែងពីតំណែងនៅពាក់កណ្តាលអាណត្តិ ចាប់តាំងពីឆ្នាំ ១៩៧៦ មក ពោលរយៈពេល ៤៧ ឆ្នាំ ។

ចំពោះមូលហេតុនៃការលាលែងពីតំណែងនេះ ត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ថា គឺបណ្ដាលមកពីលោក Phuc បានបណ្ដោយឲ្យមន្ត្រីរដ្ឋាភិបាលមួយចំនួន រួមទាំងឧបនាយករដ្ឋមន្ត្រី ២ រូប និងរដ្ឋមន្ត្រី ៣ រូប ប្រព្រឹត្តអំពើប្រាស់ចាកផ្សេងៗពាក់ព័ន្ធនឹងវិធានការកូវីដ ១៩ ដែលបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរ ។

គួរបញ្ជាក់ថា លោក Phuc ដែលមានវ័យ ៦៩ ឆ្នាំគឺជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តនៅក្នុងការិយាល័យនយោបាយ និងនៅក្នុងរដ្ឋសភាអស់រយៈពេលជាច្រើនអាណត្តិមកហើយ ហើយពីឆ្នាំ ១៩៩៧ ដល់ ២០០៦ លោកជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam ។

ក្រោយមកលោក Phuc ត្រូវបានតែងតាំងជាប្រធានការិយាល័យរដ្ឋាភិបាលក្នុងឆ្នាំ ២០០៦ និងជាឧបនាយករដ្ឋមន្ត្រីក្នុងឆ្នាំ ២០១១ មុនពេលក្លាយជានាយករដ្ឋមន្ត្រីនា ៥ ឆ្នាំក្រោយ ពោលនៅឆ្នាំ ២០១៦ ខណៈនៅខែមេសា ឆ្នាំ ២០២១ លោក Phuc ​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធានាធិបតីតែម្ដង ៕

Powered by Blogger.