រថក្រោះលោកខាងលិចនឹងមានប្រៀបជាងរថក្រោះរបស់រុស្ស៊ី និងមានសារៈសំខាន់សម្រាប់ការវាយលុករបស់អ៊ុយក្រែន
អ្នកវិភាគយោធាឈានមុខម្នាក់និយាយថា រថក្រោះប្រយុទ្ធដែលផលិតដោយប្រទេសលោកខាងលិច នឹងមានប្រៀបនៅសមរភូមិលើសមភាគីរបស់ពួកគេ នៅពេលដែលរថក្រោះត្រូវបានដាក់ពង្រាយនៅប្រទេសអ៊ុយក្រែន ដោយផ្តល់ឱ្យពួកគេនូវប្រយោជន៍នៅក្នុងការវាយលុកដែលអាចមាន ដើម្បីដណ្តើមយកទឹកដីរបស់ខ្លួនមកវិញ។
សហរដ្ឋអាមេរិក និងអាល្លឺម៉ង់បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ក្នុងការបញ្ជូនរថក្រោះទៅកាន់ប្រទេសអ៊ុយក្រែន ដែលទីក្រុង Kyiv បានសាទរថា ជាចំណុចរបត់ដ៏មានសក្តានុពលនៅក្នុងសមរភូមិ ដើម្បីវាយរុញច្រានការវាយលុកចូលរបស់រុស្ស៊ី។ ការសម្រេចចិត្តរបស់អាល្លឺម៉ង់បានត្រួសត្រាយផ្លូវ សម្រាប់ប្រទេសផ្សេងទៀតដូចជាប្រទេសប៉ូឡូញ អេស្ប៉ាញ ហ្វាំងឡង់ ហូឡង់ និងន័រវេស ដើម្បីផ្គត់ផ្គង់រថក្រោះឡេភឺតមួយចំនួនរបស់ពួកគេដល់អ៊ុយក្រែន។ លោក Ed Arnold អ្នកជំនាញស្រាវជ្រាវសន្តិសុខអឺរ៉ុបនៅវិទ្យាស្ថាន Royal United Services បាននិយាយថា ការផ្គត់ផ្គង់រថក្រោះប្រយុទ្ធរបស់អាមេរិក M1 Abrams, និងរថក្រោះ Challenger 2 របស់អង់គ្លេស និងរថក្រោះឡេភឺត (Leopard 2) ផលិតនៅអាល្លឺម៉ង់ អាចជាមធ្យោបាយក្នុងការរុញច្រានកងកម្លាំងរុស្ស៊ីចេញពីទឹកដី ដែលបានចូលកាន់កាប់នៅអ៊ុយក្រែន។
ប្រទេសលោកខាងលិចមានការស្ទាក់ស្ទើរក្នុងការបញ្ជូនសព្វាវុធវាយលុក ព្រោះខ្លាចបង្កជម្លោះដោយផ្ទាល់នៃមហាអំណាចនុយក្លេអ៊ែររបស់រុស្ស៊ី។ លោក Arnold និយាយថា លោកពុំឃើញពីរបៀបដែលរុស្ស៊ីអាចបង្កើនសង្គ្រាមបន្ថែមទៀតនោះទេ ហើយបង្ហាញពីការដួលរលំទីក្រុង Kherson ជាឧទាហរណ៍ដែលរុស្ស៊ីមិនអាចបង្កើនសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។ រុស្ស៊ីបាននិយាយថា ខ្លួនបានមើលឃើញការសន្យាប្រគល់រថក្រោះរបស់លោកខាងលិចទៅឱ្យអ៊ុយក្រែន ជាភស្តុតាងនៃការចូលរួមដោយផ្ទាល់ និងកើនឡើងរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបនៅក្នុងជម្លោះ។ ពេលនេះអ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងជំរុញសុំយន្តហោះចម្បាំងជំនាន់ទី៤ របស់ប្រទេសលោកខាងលិចដូចជា F-16 របស់អាមេរិក បន្ទាប់ពីការធានាបានការផ្គត់ផ្គង់រថក្រោះប្រយុទ្ធសំខាន់ៗ៕
Post a Comment