សម្ដេចក្រឡាហោម ស ខេង សន្យាពិនិត្យលទ្ធភាពផ្ដល់ក្របខ័ណ្ឌជូនកីឡាករ កីឡាការិនី ក្នុងក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលដណ្ដើមបានមេដាយនៅពេលប្រកួតម្ដងៗ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ប្រារព្ធនៅសាលប្រជុំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សម្ដេចក្រឡាហោម ស ខេង ក្នុងនាមប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលជួយគាំទ្រប្រភេទកីឡានីមួយៗ របស់ក្រសួង។ សម្ដេចបានកត់សម្គាល់អំពីវឌ្ឍនភាពដ៏ល្អ នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្រោយរៀបចំរចនាសម្ព័ន្ធដឹកនាំថ្មី និងបានថ្លែងអំណរគុណគ្រូបង្វឹក កីឡាករ កីឡាការិនី គ្រប់ប្រភេទវិញ្ញាសារ ដែលខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការប្រកួតកន្លងមក និងសង្ឃឹមថាកីឡាករ កីឡាការិនីក្រសួងមហាផ្ទៃ នឹងសម្រេចបានជោគជ័យបន្ថែមទៀត។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡានៅកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់អំពីការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាឆ្នាំ២០២៣នេះ ដោយបន្ថែមថាព្រឹត្តិការណ៍នេះ នឹងបង្កឱកាសឲ្យកម្ពុជាពង្រឹង និងពង្រីកសក្ដានុពលផ្នែកកីឡារបស់ខ្លួនដែលក្នុងនោះក៏មានកីឡាករ កីឡាការិនី ជម្រើសជាតិមួយចំនួនមានសមាសភាពចេញពីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃនេះដែរ។ សម្ដេចបានបន្ថែមថា ទោះបីជាបានជាប់ជម្រើសជាតិ ឬមិនបានក៏ដោយ កីឡាករ កីឡាការិនីទាំងអស់ត្រូវតែបន្តខិតខំងហ្វឹកហាត់ឲ្យបានកាន់តែខ្លាំងក្លា។

ចំពោះការលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ដែលមានស្នាដៃ សម្ដេចក្រឡាហោម ស ខេង បានសន្យាថា នឹងពិនិត្យលទ្ធភាពដើម្បីផ្ដល់ក្របខណ្ឌមន្រ្តីរាជការ ពិសេសក្របខណ្ឌនគរបាលជាតិ ដល់កីឡាករ កីឡាការិនី ដោយជាបឋមនឹងផ្ដល់អាទិភាពលើកីឡាករ និងកីឡាការិនី មានស្នាដៃដណ្ដើមបានមេដាយមាស ប្រាក់ និងសំរិទ្ធ។ សម្ដេចបានទទូចជាថ្មីទៀតឲ្យកីឡាករ កីឡាការិនី បន្តខិតខំប្រឹងប្រែងដើម្បីទទួលបានឱកាសអភិវឌ្ឍន៍ខ្លួន។

សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អនុសាសន៍ឲ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ យកចិត្តទុកដាក់លើប្រភេទកីឡាមានឧត្តមភាព ហើយជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដែលទទួលជួយប្រភេទកីឡានីមួយៗ ត្រូវបង្កើនការគាំទ្រឲ្យបានកក់ក្ដៅដើម្បីអភិវឌ្ឍន៍ប្រភេទកីឡាទាំងនោះ ឲ្យកាន់តែមានការរីកចម្រើន។ សម្ដេចក៏ប្រកាសប្រគល់តួនាទីជួយក្លិបកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ជូននាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ជំនួសលោក ជួន ណារិន្ទ និងសង្ឃឹមថា ក្លិបនេះនឹងពង្រឹងសមត្ថភាព និងកិត្យានុភាពឡើងវិញ៕





Powered by Blogger.