រថភ្លើង១គ្រឿងរបស់ក្រុមហ៊ុន Royal Rail Way បានឆេះក្បាលម៉ាស៊ីនភ្លើង ក្នុងអំឡុងកំពុងរត់ដឹកទំនិញ

រថភ្លើង១គ្រឿងរបស់ក្រុមហ៊ុន Royal Rail Way បានឆេះក្បាលម៉ាស៊ីនភ្លើង ក្នុងអំឡុងកំពុងរត់ដឹកទំនិញ។ ហេតុការណ៍ឆេះក្បាលម៉ាស៊ីនរថភ្លើងនេះ កើតឡើងនៅចំណុចភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២។

នាយកដ្ឋានផ្សព្វផ្សាយអប់រំនៃក្រសួងមហាផ្ទៃ បានផ្សាយលើគេហទំព័រ ដោយផ្អែកតាមសម្តីរបស់លោកវរសេនីយ៍ទោ ប៉ាង ផង់ អធិការស្តីទីនៃនគរបាលស្រុកថ្មគោលថា មូលហេតុ គឺបណ្តាលមកពី ក្បាលរថភ្លើងតូច តែសណ្តោងទូចំនួន១២ទូ ដែលផ្ទុកស្រូវដល់ទៅ៧២០តោន ដែលលើសកម្លាំងម៉ាស៊ីន ទើបធ្វើឲ្យម៉ាស៊ីន ប្រឹងអូសរហូតកកិតចេញផ្កាភ្លើង ហើយក៏ឆាបឆេះតែម្តង។


លោកអធិការស្តីទីរូបនេះ អះអាងថា ក្បាលម៉ាស៊ីនរថភ្លើង ខូចប្រហែល៥០ភាគរយ តែមិនបង្កឲ្យមានរបួសដល់មនុស្ស និងមិនមានការខូចខាតដល់ស្រូវឡើយ។ កម្លាំងនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងទៅចុះពន្លត់អគ្គិភ័យនេះ រហូតដល់អាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕

Powered by Blogger.