រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បើកកិច្ចប្រជុំលើកទី៧ ក្រុមការងារឧត្តមមន្ដ្រីទទួលបន្ទុកព័ត៌មានអាស៊ាន នៅខេត្តសៀមរាប, កម្ពុជាគាំទ្រការបង្កើតក្រុមការងារអាស៊ានស្តីពីព័ត៌មានក្លែងក្លាយ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំលើកទី៧ ក្រុមការងារឧត្តមមន្រ្តីទទួលបន្ទុកព័ត៌មានអាស៊ាន ស្តីអំពីព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តុះបណ្តាល (7th ASEAN SOMRI Working Group Meeting on Information, Media and Training)។
កិច្ចប្រជុំនេះ ធ្វើឡើងនៅសណ្ឋាគារ រីជែនស៊ី អង្គរ ខេត្តសៀមរាប ដោយបានចាប់ផ្តើមពីថ្ងៃទី៦-៩ ខែធ្នូ ឆ្នាំ២០២២ ដោយមានការអញ្ជើញពីមន្រ្តីជាន់ខ្ពស់ផ្នែកព័ត៌មាន តំណាងបណ្តាប្រទេសនីមួយៗជាសមាជិកអាស៊ានទាំង១០ ដោយធ្វើការប្រជុំផ្ទាល់ និងតាមប្រពន្ធ័វីដេអូ អនឡាញ។
រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានលើកឡើងថា នេះជាលើកទីមួយហើយ សម្រាប់ក្រសួងព័ត៌មានកម្ពុជា ដែលរៀបចំកិច្ចប្រជុំប្រព័ន្ធផ្សព្វផ្សាយអាស៊ាន បន្ទាប់ពីរងគ្រោះដោយជំងឺរាតត្បាតកូវីដ១៩ នៅចុងឆ្នាំ២០១៩ ដែលបានផ្លាស់ប្តូររបៀបរស់នៅ និងការងាររបស់ និងបង្កផលប៉ះពាល់លើសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀត នៅទូទាំងពិភពលោក។
បើតាមលោករដ្ឋមន្ដ្រី ចំពេលមានការរីករាលដាលនៃកូវីដ១៩ ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត កើនឡើងដល់កម្រិតខ្ពស់ ជះឥទ្ធិពលលើនយោបាយ សេដ្ឋកិច្ច សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងវប្បធម៌ គឺមិនអាចប្រកែកបាន ហើយវារំខានដល់ការរួបរួម និងសន្តិភាពរបស់ប្រទេស ធ្វើឲ្យមានការមិនទុកចិត្តគ្នា ការបែកបាក់ និងអំពើហិង្សារវាងប្រជាជនកាន់តែធ្ងន់ធ្ងរ និងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។
ក្នុងអំឡុងពេលជំងឺរាតត្បាតសកល ព័ត៌មានមិនពិត រីករាលដាលលឿនជាងមេរោគទៅទៀត វាបានបង្កឲ្យមានការថប់អារម្មណ៍ និងការភ័យខ្លាចយ៉ាងខ្លាំង នៅក្នុងចិត្តរបស់មនុស្ស និងការមិនទុកចិត្តនៅក្នុងសហគមន៍មួយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅដើមឆ្នាំ២០២០ បានបញ្ជាក់សារជាថ្មីថា «ជំងឺកូវីដ-១៩ ជាជំងឺដ៏កាចសាហាវ ប៉ុន្តែព័ត៌មានក្លែងក្លាយ គឺសាហាវជាង»។
ចំណេះដឹងអំពីប្រព័ន្ធផ្សព្វផ្សាយ និងចំណេះដឹងផ្នែកព័ត៌មានបានក្លាយជាឧបករណ៍សំខាន់ជាងនៅក្នុងសង្គម សម្រាប់ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយបានបង្រៀនប្រជាជនអំពីរបៀបប្រមូលផ្ទៀងផ្ទាត់ និងប្រើប្រាស់ព័ត៌មានឲ្យបានត្រឹមត្រូវ និងប្រកបដោយក្រមសីលធម៌ នៅក្នុងពិភពប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលនាំទៅដល់ការកាត់បន្ថយព័ត៌មានក្លែងក្លាយ។
លោក ខៀវ កាញារីទ្ធ បានធ្វើការចែករំលែកបទពិសោធន៍ខ្លះៗ ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ នៅក្នុងសង្គមកម្ពុជា ក្រៅពីការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មព័ត៌មាន ក្រសួងព័ត៌មាន ក៏បានបង្កើតគណៈកម្មាធិការប្រឆាំងព័ត៌មានក្លែងក្លាយ នៅថ្នាក់រដ្ឋមន្ត្រី នៅពាក់កណ្តាលឆ្នាំ២០២០។
គណៈកម្មាធិការធ្វើការជាចម្បងដើម្បីផ្តល់ការពិតដល់សាធារណជន ផ្ទៀងផ្ទាត់ប្រភព និងពេលខ្លះចាត់វិធានការតាមផ្លូវច្បាប់ ហើយបានប្រើវិធីសាស្ត្រផ្សេងៗ ដើម្បីដោះស្រាយបញ្ហា ព័ត៌មានក្លែងក្លាយជាមូលដ្ឋាន រឿងរ៉ាវដែលប្រឌិត ឬរៀបចំខ្លឹមសារក្លែងបន្លំ និងព័ត៌មានក្លែងក្លាយភាគច្រើនពឹងផ្អែកលើបច្ចេកវិទ្យាថ្មីដោយប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ជាវិធីសាស្រ្តប្រឆាំង បានប្រើបច្ចេកវិទ្យាដូចគ្នា ដើម្បីផ្ទៀងផ្ទាត់ប្រភព និងបង្ហាញការពិត។ ភាពជាអ្នកដឹកនាំដ៏រឹងមាំ ការងារជាក្រុម និងកិច្ចសហប្រតិបត្តិការ គឺជាវិធីសាស្រ្តដ៏ល្អបំផុត ដើម្បីកាត់បន្ថយការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
លោករដ្ឋមន្ដ្រី បានបន្ថែមទៀតថា ត្រូវពិនិត្យមើលឡើងវិញនូវកម្រិត នៃកិច្ចសហប្រតិបត្តិការក្នុងចំណោមអ្នកសារព័ត៌មាន និងយុទ្ធសាស្ត្រទំនាក់ទំនងដែល មានស្រាប់ក្នុងការចែករំលែកព័ត៌មាន លើកកម្ពស់ភាពជឿជាក់របស់អ្នកសារព័ត៌មាន ការរាយការណ៍ព័ត៌មានត្រឹមត្រូវ ព្រមទាំងការបង្កើតខ្លឹមសារដែលមានឥទ្ធិពល រវាងអ្នកសារព័ត៌មានក្នុងរដ្ឋសមាជិកអាស៊ាន។ កិច្ចសហប្រតិបត្តិការជាមួយប្រតិបត្តិករប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា facebook, tiktok ជាដើម ក៏ស្ថិតនៅក្រោមរបៀបវារៈនៃការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំនៅក្នុងប្រទេសកម្ពុជាផងដែរ។
ក្រសួងព័ត៌មានកម្ពុជា គាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតក្រុមការងារអាស៊ានស្តីពីព័ត៌មានក្លែងក្លាយ (ASEAN TFFN) និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចប្រជុំលើកដំបូងរបស់ខ្លួនដែលបានធ្វើឡើងនៅក្នុងខែតុលាឆ្នាំនេះ។ ក្រសួងក៏ស្វាគមន៍ចំពោះសកម្មភាពដែលបានស្នើឡើងដោយប្រទេសអូស្ត្រាលី ដើម្បីគាំទ្រ TFFN ក្រោមការឧបត្ថម្ភនៃភាពជាដៃគូនយោបាយ-សន្តិសុខអាស៊ាន-អូស្ត្រាលី។
កិច្ចប្រជុំលើកទី៧ នៃក្រុមការងារ SOMRI ស្តីពីព័ត៌មានប្រព័ន្ធផ្សព្វផ្សាយ និងការបណ្តុះបណ្តាល ជាការចូលរួមចំណែកជួយអ្នកសារព័ត៌មានអាស៊ាន និងអង្គការប្រព័ន្ធផ្សព្វផ្សាយឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការពង្រឹងសារព័ត៌មានឲ្យមានគុណភាពខ្ពស់៕








Powered by Blogger.