ធនាគារពិភពលោក សម្រេចផ្ដល់ឥណទាន ២៧៤លានដុល្លារ សម្រាប់ជួយកម្ពុជាស្ដារសេដ្ឋកិច្ច

ធនាគារពិភពលោក​បាន​សម្រេច​អនុម័ត​ផ្ដល់​ហិរញ្ញប្បទាន​ថ្មី​ចំនួន​២៧៤​លាន​ដុល្លារ​ថែម​ទៀត​សម្រាប់​ប្រតិបត្តិការ​គោលនយោបាយ​កំណើនសេដ្ឋកិច្ច និង​អភិវឌ្ឍន៍ភាព​ធន់​របស់​កម្ពុជា បន្ទាប់​ពី​រង​ការ​ប៉ះទង្គិច​ពី​វិបត្តិ​នា​ពេល​ថ្មី​ៗ​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារពិភពលោក​នា​ពេល​ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា «​ហិរញ្ញប្បទាន​ដែល​ទើបនឹង​ត្រូវ​បាន​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​របស់​ធនាគារពិភពលោក​អនុម័ត​រួច​នឹង​ជួយ​ដល់​កំណែទម្រង់​សម្រាប់​ជំរុញ​កំណើន និង​ពង្រឹង​ភាព​ធន់​របស់​កម្ពុជា​»​។

ធនាគារពិភពលោក បាន​លើក​ឡើង​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ពី​សំណាក់​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ដោយ​ធ្វើ​ឲ្យ​ផលិតផល​ក្នុងស្រុក​សរុប​បាន​ធ្លាក់​ចុះ​ដក​៣.១​ភាគរយ​ក្នុង​ឆ្នាំ​២០២០ ដែល​ជា​ការ​ធ្លាក់​ចុះ​ដ៏​ខ្លាំង​លើក​ដំបូង​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ​។ការ​វិភាគ​ទិន្នន័យ​បាន​បង្ហាញ​ថា អត្រា​នៃ​ភាព​ក្រីក្រ​បាន​កើនឡើង​ចំនួន​២.៨​ភាគរយ ដោយ​រុញ​មនុស្ស​ប្រហែល​៤៦០០០០​នាក់ ឲ្យ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​វិញ​។

រដ្ឋាភិបាល​បាន​ឆ្លើយ​តប​យ៉ាង​រហ័ស និង​ប្រកបដោយ​ប្រសិទ្ធភាព​ទៅ​នឹង​ជំងឺ​រាតត្បាត​តាម​រយៈ​អន្តរាគមន៍​ជួយ​ដល់​អាជីវកម្ម និង​គ្រួសារ​ដែល​ងាយ​រង​គ្រោះ ប៉ុន្តែ​ដោយសារ​ចំណាយ​ពាក់ព័ន្ធ​មានការ​កើនឡើង​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ពង្រឹង​មូលដ្ឋាន​សារពើពន្ធ​ឲ្យ​បាន​រឹង​មាំ ចាប់ពី​ពេល​នេះ​ទៅ​មុខ​ទៀត​។

ធនាគារពិភពលោក​បន្ថែម​ថា បើ​ទោះជា​សេដ្ឋកិច្ច​បាន​ងើបឡើង​វិញ នៅ​ឆ្នាំ​២០២១ និង​២០២២ មែន​ក្តី​បរិយាកាស​ចុះ​ខ្សោយ​នៅ​ខាងក្រៅ​មាន​ន័យ​ថា លទ្ធភាព​វិល​ទៅ​ទទួល​បាន​អត្រាកំណើន​ដ៏​រឹង​មាំ​ដែល​ធ្លាប់​មាននៅ​មុន​ការ​ផ្ទុះ​ជំងឺ​រាតត្បាត ពិតជា​នឹង​មិន​ងាយ​រកបាន​ទេ​។សង្គ្រាម​ដែល​នៅ​តែ​បន្ត​មាន​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​នៅ​សហរដ្ឋអាមេរិក ដែល​ជាទី​ផ្សារ​នាំ​ចេញ​ដ៏​ធំ​បំផុត​របស់​កម្ពុជា និង​កំណើន​យឺត​នៅ​ក្នុង​ប្រទេស​ចិន​កត្តា​ទាំង​អស់នេះ​នឹង​ជះ​ឥទ្ធិពល​មិនល្អ​មក​លើ​ទស្សនវិស័យ​ពាណិជ្ជកម្ម​របស់​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​លើក​ឡើង​ថា ប្រទេស​នេះ​ក៏​ងាយ​រង​គ្រោះ​ខ្លាំង​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ផង​ដែរ ដោយសារ​ត្រូវ​ប្រឈម​នឹង​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត​ញឹកញាប់​។​ហិរញ្ញប្បទាន​នេះ ទ្រទ្រង់​ដល់​កំណែទម្រង់​ដែល​នឹង​សម្រួល​ដំណើរការ​ចុះបញ្ជី​អាជីវកម្ម​, លើកកម្ពស់​ការ​ប្រកួតប្រជែង និង​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​។កំណែទម្រង់​ផ្សេង​ទៀត​នឹង​បង្កើន​ភាព​ធន់​នៃ​សារពើពន្ធ រួម​ទាំង​ការ​កែ​លម្អ​ការ​គ្រប់គ្រង​ភាព​ជា​ដៃគូ​រវាង​ផ្នែក​សាធារណៈ និង​ឯកជន និង​ការ​សម្រួល​ដល់​ការ​លក់​ប័ណ្ណបំណុល​របស់​រដ្ឋាភិបាល​ក្នុង​ទីផ្សារ​ក្នុងស្រុក​។

ប្រតិបត្តិការ​របស់​ហិរញ្ញប្បទាន​នេះ​ក៏​នឹង​ជួយ​សម្រួល​ដល់​ការ​ផ្តល់​ជំនួយ​ទាន់​ពេលវេលា​ដល់​ក្រុម​គ្រួសារ​ដែល​ងាយ​រង​គ្រោះ​ក្នុង​ករណី​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ ឬ​វិបត្តិ​សេដ្ឋកិច្ច​ណាមួយ​កើតឡើង​។

លោកស្រី ម៉ា​រៀម សាលី​ម ប្រធាន​គ្រប់គ្រង​របស់​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍​ថា​«​ខណៈ​ដែល​យុទ្ធសាស្ត្រ «​រស់​ជាមួយ​កូ​វី​ដ​-១៩» បាន​ជួយ​ស្តារ​សេដ្ឋកិច្ច​ឲ្យ​ងើបឡើង​វិញ​ក៏​ពិតមែន ប៉ុន្តែ​កម្ពុជា​នៅ​តែ​ងាយ​រង​គ្រោះ​ដោយសារ​តែ​ចរន្ត​ធ្លាក់​ចុះ​នូវ​តម្រូវការ​ក្រៅប្រទេស និង​ការ​រអាក់រអួល​នានា​នៅ​ក្នុង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​សកល​នៅឡើយ​។ប្រតិបត្តិការ​របស់​ហិរញ្ញប្បទាន​នេះ​នឹង​ជួយ​កម្ពុជា​ក្នុង​ការ​ជំរុញ​ភាព​ប្រកួតប្រជែង​របស់​ផ្នែក​ឯកជន​, ពង្រឹង​ស្ថានភាព​សារពើពន្ធ​របស់​កម្ពុជា និង​ផ្តល់​ជំនួយ​ដល់​ប្រជាជន​ងាយ​រង​គ្រោះ​បំផុត​របស់​ខ្លួន​»​។

សូម​រំលឹក​ថា ហិរញ្ញប្បទាន​នេះ​ឈរ​លើ​ផែនការ​របស់​រដ្ឋាភិបាល សម្រាប់​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ ក្រោយ​សម័យ​ជំងឺ​រាតត្បាត​ដែល​មាន​គោលបំណង​ទូលំទូលាយ​បី គឺ​ការ​ស្តារ​សេដ្ឋកិច្ច​, កំណែទម្រង់ និង​ការ​បង្កើន​ភាព​ធន់ និង​បន្ថែម​ពីលើ​ហិរញ្ញប្បទាន​ចំនួន​២០០​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់ Cambodia Relief, Recovery, and Resilience Development Policy Financing ដែល​ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​ឆ្នាំ​២០២១៕

Powered by Blogger.