ស្ត្រី​ម្នាក់​វ័យ ៥៦​ហើយ នៅ​តែ​តស៊ូមក​ប្រឡង​ដើម្បី​សម្រេច​ក្ដី​សុបិន​ធំ​១

មាន​ការ​លេច​ចេញ​នូវ​បេក្ខភាព​ប្រឡង​បាក់​ឌុប​ម្នាក់ មានវ័យ​ដល់​ទៅ ៥៦​ឆ្នាំ​ហើយ នៅ​តែ​តស៊ូ​មក​ប្រឡង ព្រោះ​តែ​ក្នុង​ចិត្ត​មាន​បំណង​ប្រាថ្នា​ដ៏​ធំ​មួយ។ នេះ​បើ​តាម​បុរស​ម្នាក់​ជា​ម្ចាស់​ម​គណនី​ហ្វេសប៊ុក​មាន​ឈ្មោះLav Tola Serey Sophorn។

ម្ចាស់​គណនី​ដែល​បាន​អះអាង​ខ្លួន គឺ​ជា​អ្នក​អង្កេត​ការ​ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ មណ្ឌលសកលវិទ្យាល័យជាតិមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ បាន​បញ្ចេញ​ឲ្យ​ដឹង​ខ្លះ​ៗ​ថា បេក្ខជន​ប្រឡង​ដែល​ជា​ស្ត្រី​ចំណាស់​នោះ បច្ចុប្បន្ន គឺ​មាន​អាយុ៥៦ ឆ្នាំ​ទៅ​ហើយ ហើយ​ស្ថានភាព​នេះ​បាន​ធ្វើ​ឲ្យ​រូប​គេ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​តាំង​ចិត្ត​របស់​អ៊ុំស្រី។

"អ្នកម្ដាយអើយ ម៉ែចាស់ហើយ ម៉ែគេម៉ែយើង អ្នកម្ដាយតស៊ូណាស់ ដើម្បីបំពេញក្ដីស្រម៉ៃ ដើម្បីយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០២២"។ តាម​ការ​ជជីក​សួរ​ខ្លះ ម្ចាស់​គណនី​ដដែល បាន​ឲ្យ​ដឹង​ថា ស្ត្រី​វ័យ ៥៦​ឆ្នាំ មក​ប្រឡង​ព្រោះ​តែ​ក្នុង​ចិត្ត​មាន​បំណង​ប្រាថ្នា​មួយ គឺ​ចង់​ក្លាយ​ជា​គ្រូ​បង្រៀន។ ប្រភព​ថ្លែង​ថា ៖ "ខ្ញុំបានលួចសួរគាត់ថា អ្នកម្ដាយយកសញ្ញាបត្រធ្វើអីម្ដាយចាស់ហើយ គាត់ថាចង់ធ្វើគ្រូបង្រៀនបានលុយមកចិញ្ចឹមកូន ហើយគាត់ថាម៉ែគ្មានកំលាំងឯណាទៅធ្វើការធ្ងន់បានទេ ម្ដាយគ្មានកំលាំង ម្ដាយដើរក៏មិនចង់រួច ឈឺដៃឈឺជើង កូននៅផ្ទះគ្មានអីហូប"។

ស្ត្រី​វ័យ​ចំណាស់ មាន​ប្រភព​ មកពីវត្តថ្មរមៀល មកម្នាក់ឯង​ទេ ហើយ​បច្ចុប្បន្ន មានភារកិច្ចចិញ្ចឹមកូន៤នាក់។ រឹត​តែ​ស្រណោះ តាម​ការ​ឲ្យ​ដឹង​របស់​អ្នក​អង្កេត​ការ​ដដែល ស្ត្រី​ចំណាស់ ហាក់​មិន​មាន​ការ​ចងចាំ​ល្អ​នោះ​ទេ។ "បងប្អូនដឹងទេ ជីវិតនៃការតស៊ូគឺធំធេងណាស់ ។ ហើយម្ដាយមកមានស្ពាយទឹកមួយដប បាយមួយប្រអប់ដាក់កាបូបមក គាត់ចាស់ហើយ ការចងចាំក៏មិនសូវជាល្អដូចក្មេងយើងដែរ ខ្ញុំអាណិតណាស់"៕

Powered by Blogger.