យោធាកូរ៉េខាងត្បូង បានហៅការលួចជ្រៀតចូលយន្ដហោះគ្មានមនុស្សបើករបស់​កូរ៉េខាងជើងថាជា​ការ​បង្ក​រឿង​ច្បាស់​ក្រឡែត

យោធាកូរ៉េខាងត្បូង បាននិយាយថា យន្ដហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូន​របស់​កូរ៉េខាងជើងចំនួន ០៥គ្រឿង បាន​ឆ្លងចូលក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃច័ន្ទនេះ​ ហើយកូរ៉េខាងត្បូង បានឆ្លើយតបវិញ​ដោយ​ប្រើប្រាស់​យន្ដ​ហោះ​ចម្បាំង និងឧទ្ធម្ភាគចក្រវាយប្រហាបណ្ដេញចេញ ហើយក៏បានព្យាយាមបាញ់ទំលាក់យន្ដហោះ របស់យោធាកូ​រ៉េខាងជើងផងដែរ។

យោធា​បាននិយាយថា កូរ៉េខាងត្បូង​បាន​តាម​ដាន​មើល​ដ្រូន​ទាំង​នោះ កំពុង​ឆ្លង​ចេញ​ពីកូរ៉េខាងជើង​នូវ​អ្វី ​ដែល​គេ​ស្គាល់​ថាជាខ្សែបន្ទាត់កម្រិតព្រំដែន រវាងប្រទេសទាំងពីរ បន្ទាប់​ពី​បាន​រក​ឃើញ​ដ្រូន​ទាំងនោះ កំពុង​ស្ថិត​ក្នុង​ដែន​អាកាស​ក្រុងជីមប៉ូខាងលិច វេលាម៉ោង ១០និង២៥នាទី​ព្រឹកមក។ មន្រ្ដីយោធាកូរ៉េខាងត្បូងម្នាក់ បាននិយាយថា ការ​លួច​ជ្រៀត​ចូល​ព្រំដែន​របស់​កូរ៉េខាងជើង គឺ​ជា​សកម្មភាពបង្ក​រឿង​ច្បាស់​ក្រឡែត​។

លោកមិនបាននិយាថា មានដ្រូនណាមួយបាញ់ទំលាក់ទេ ប៉ុន្ដែ ទីភ្នាក់ងាព័ត៌មានយុនហាប់ ក្រោយមក​បាននិយាយថា យោធាកូរ៉េខាងត្បូង បានបាញ់ប្រមាណជា ១០០គ្រាប់ ប៉ុន្ដែ មិនបានបាញ់ទម្លាក់ដ្រូនណា​មួយទេ។ មន្រ្ដីយោធា បានបន្ថែមថា ទាក់ទងនឹងការឆ្លើយតបនេះ យោធាកូរ៉េខាងត្បូងបានបញ្ជូនយន្ដហោះស៊ើបការអោយ ចូល​ទៅថតរូបប៉ុស្ដិ៍យោធារបស់ខ្លួននៅភាគខាងជើងជាបន្ទាន់៕

Powered by Blogger.