កម្ពុជាចម្រាញ់មាសសរុបបានជិត ៥តោនហើយ

ក្រុមហ៊ុនកំពុងធ្វើអាជីកម្មរ៉ែមាស នៅព្រះរាជាណាចក្រកម្ពុជា មានចំនួន ៤ ចម្រាញ់មាសសរុបបានជិត ៥តោនហើយ គិតមកដល់ចុងខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ នៅក្នុងប្រតិបត្តិការរុករក និងការចម្រាញ់រ៉ែមាសរបស់ខ្លួន។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុង ពិធីសំណេះសំណាលជាមួយនិវត្តជន នៃក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា ជុំវិញការធ្វើអាជីវកម្មរ៉ែមាសនេះ ក្នុងរយៈពេល ២ ទៅ ៣ឆ្នាំ ចុងក្រោយនេះ ក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងបានឈានទៅធ្វើអាជីវកម្មជាបណ្តើរៗ នៅតាមតំបន់ទីតាំងផ្សេងៗគ្នា ជាលក្ខណៈឧស្សាហកម្មខ្នាតតូចផង និងជាឧស្សាហកម្មខ្នាតធំផង។
ទាក់ទងអាជីវកម្មរ៉ែមាសនេះ គិតមកដល់ចុងខែវិច្ឆិកា ឆ្នាំ ២០២២ ក្រុមហ៊ុនចំនួន ៤ ដែលកំពុងប្រតិបត្តិធ្វើអាជីវកម្មចម្រាញ់មាស សរុបបានជិត ៥ តោនមាសរួចហើយ ក្នុងនោះក្រុមហ៊ុន Xing Yuan Kanng Yeak ចម្រាញ់មាសបានចំនួន ២២ គីឡូក្រាម, ក្រុមហ៊ុន Xinshan Industrial Cambodia បាន ៤៥ គីឡូក្រាម, ក្រុមហ៊ុន Delcom Kampuchea ចំនួន ១៦០ គីឡូក្រាម ដោយក្រុមហ៊ុនទំាងបីនេះចម្រាញ់ចេញជាមាសទឹក១០ ។ ចំណែកក្រុមហ៊ុន Renaissance Minerals Investment ដែលជាក្រុមហ៊ុនឧស្សាហកម្មខ្នាតធំ ចម្រាញ់មាសទឹក ៩ បានចំនួនប្រមាណ ៤ ៥៩៨ គីឡូក្រាមផងដែរ។
សូមបញ្ជាក់ថា៖ ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មរ៉ែមាសទាំង៤ ខាងលើ ក្នុងនោះ Renaissance Minerals Investment មានទីតាំងធ្វើអាជីវកម្ម និងចម្រាញ់មាស ស្ថិតនៅតំបន់អូរខ្វាវ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី, ក្រុមហ៊ុន Xinshan Industrial Cambodia តំបន់ភ្នំម្លុង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ, ក្រុមហ៊ុន Xing Yuan Kanng Yeak នៅតំបន់អូរខ្លិកខ្លក់ ស្រុកសំបូរ ខេត្តក្រចេះ, និងក្រុមហ៊ុន Delcom Kampuchea មានទីតាំងនៅតំបន់ភ្នំអន្លុង ស្រុករវៀង ខេត្តព្រះវិហារ៕
Powered by Blogger.