ពលរដ្ឋ​ជិត​១០០​នាក់​នាំ​តវ៉ា​នៅ​មុខ​សាលាខេត្ត ស្នើសុំ​កុំ​​ឱ្យ​ដក​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ចារ​ថ្មី​ចេញពី​វត្ត​

ប្រជាពលរដ្ឋ​ជិត​១០០​នាក់ បាន​នាំ​គ្នា​មក​ធ្វើការ​តវ៉ា និង​គាំទ្រ​ព្រះសង្ឃ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ចារ​ថ្មី មិន​អោយ​ដក​ចេញពី​វត្ត​នោះ​ទេ ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២២ នៅ​ចំណុច​មុខ​សាលា​ខេត្តបន្ទាយមានជ័យ​។

បើ​តាម​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ហេតុផល​ដែល​ពួក​គាត់ រួម​ទាំង​ព្រះសង្ឃ មក​ធ្វើការ​តវ៉ា​នៅ​មុខ​សាលា​ខេត្តបន្ទាយមានជ័យ​នេះ គឺ​សុំ​អោយ​អភិបាលខេត្ត ឯកឧត្តម អ៊ុ រាត្រី ជួយ​អន្តរាគមន៍​មិន​អោយ​ដក ឬ​រំសាយ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ចារ​ថ្មី នៅ​ឃុំ​គោ​កប​ល្ល័​ង្គ ស្រុក​មង្គល​បូ​រី ចេញ​នោះ​ទេ​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា មូលហេតុ គឺ​បណ្តាល​មក​ពី​គណៈកម្មការ និង​អាចារ្យវត្ត​ចារ​ថ្មី បាន​យក​លុយ​អង្គ​កឋិន​សាមគ្គី និង​ដង្ហែ​ផ្កាប្រាក់ ដែល​មាន​ប្រាក់​បាត​ចំនួន​១៣​ម៉ឺន​បាត និង​ប្រាក់​រៀល​២៣​លាន​រៀល ដោយ​មិនឃើញ​យក​មក​ប្រគល់​ជូន​ព្រះ​គ្រូ​ចៅអធិការ​វត្ត ដើម្បី​កសាង​វត្ត ទើប​ម្ចាស់​អង្គ​កឋិនទាន​បាន​ទារ​លុយ​នោះ​យក​មក​ប្រគល់​ជូន​ចៅអធិការ​វត្ត ដើម្បី​កសាង​វត្ត ធ្វើ​ឱ្យ​គណៈកម្មការ និង​អាចារ្យវត្ត ខឹង​ក៏​បាន​សុំ​ទៅ​មន្ត្រី​សង្ឃ និង​អាជ្ញាធរ​ស្រុក​-​ឃុំ​ដើម្បី​ដក​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ចារ​ថ្មី​ទាំង​អយុត្តិធម៌ ដូច​ពាក្យចាស់​ពោល​ថា ខឹង​គោ​វ៉ៃ​រទេះ​។

លោក បៀ​ល ថា​ន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថា មន្ត្រី​សង្ឃ និង​អាជ្ញាធរ​ស្រុក​-​ឃុំ​បាន​ប្រជុំ​សម្រេច​រំសាយ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ចារ​ថ្មី និង​គណៈកម្មការ​អាចារ្យវត្ត ក្រោយ​ពី​មាន​អធិករ​រឿង​លុយ​កឋិនទាន​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​វត្តមាន​អធិករ​ក្នុង​វត្ត ដែល​ប៉ះពាល់​ដល់​សាសនា ដែល​ជា​សាសនា​រដ្ឋ ទើប​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត និង​ស្រុក​មង្គល​បូ​រី ឃុំ​គោ​កប​ល្ល័​ង្គ បាន​ប្រជុំ​សម្រេច​រំសាយ​ទាំង​ចៅអធិការ​វត្ត និង​គណៈកម្មការ​អាចារ្យវត្ត ដើម្បី​រៀបចំ​ព្រះ​គ្រូ​ចៅអធិការ​និង​គណៈកម្មការ​អាចារ្យ​ថ្មី មក​បម្រើ​លើ​វិស័យ​សាសនា​៕

Powered by Blogger.