ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាល ប្រគល់អំណោយ និងពិសាអាហារសាមគ្គីជាមួយអាជីវករក្នុងក្រុងព្រៃវែង

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល ប្រគល់អំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ និងពិសាអាហារសាមគ្គីជាមួយបងប្អូនអាជីវករក្រៅប្រព័ន្ធ ចំនួន ៥០០នាក់ ក្នុងក្រុងព្រៃវែង រួមនឹងថ្នាក់ដឹកនាំខេត្ត ក្រុង មន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំង សរុបប្រមាណ ៧១៤នាក់ ។


ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំថ្នាក់ ក្រុង និងក្រុមការងារពាក់ព័ន្ធ ដែលបានរៀបចំឲ្យមានពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីនេះឡើង ដើម្បីឲ្យឯកឧត្តម បានជួបសំណេះសំណាល និងស្វែងយល់អំពីសុខទុក្ខរបស់បងប្អូនអាជីវករក្រៅប្រព័ន្ធក្នុងក្រុងព្រៃវែង ទាំង ៥០០នាក់ ។


តាមរយៈពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីនេះ ឯកឧត្តម ស សុខា សង្ឃឹម និងជឿជាក់ថា នឹងក្លាយជាឱកាសនៃការរឹតចំណងមិត្តភាព ភាតរភាព សាមគ្គីភាព និងភាពចម្រុងចម្រើនរវាងបងប្អូនអាជីវករ និងថ្នាក់ដឹកនាំខេត្ត ក្រុង ក៏ដូចជាមន្ទីរ អង្គភាពជុំវិញខេត្ត ក្រោមដំបូលសុខសន្តិភាពរបស់កម្ពុជា ដែលបាននិងកំពុងចាក់គ្រឹះយ៉ាងរឹងមាំ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។


ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានអំពាវនាវដល់បងប្អូនអាជីវករទាំង ៥០០នាក់ ឲ្យបន្តយកចិត្តទុកដាក់ចំពោះបញ្ហាមួយចំនួនដូចខាងក្រោម ៖  

១. សូមបងប្អូនអាជីវករទាំងអស់ បន្តយកចិត្តទុកចំពោះសុវត្ថិភាពចំណីអាហារ កុំលក់ ឬចែកចាយចំណីអាហារដែលគ្មានគុណភាព ហួសកាលបរិច្ឆេទ ប្រើប្រាស់ផលិតផលក្លែងក្លាយ និងប្រើប្រាស់សារធាតុគីមីហួសកម្រិតដែលអាចនាំឲ្យគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ក៏ដូចជាខាតបង់ថវិកា ស្របពេលដែលបងប្អូនប្រជាពលរដ្ឋរបស់យើង បាន និងកំពុងរងផលប៉ះពាល់ពីវិបត្តិនានា ជាពិសេសសម្ពាធអតិផរណា។

២. សូមបងប្អូនអាជីវករ បន្តពង្រឹងខ្លួន និងបង្កើតផលិតផលថ្មីៗបន្ថែមទៀត ពាក់ព័ន្ធទៅនឹងអាជីវកម្មរបស់ខ្លួន ក្នុងន័យទ្រទ្រង់អាជីវកម្មរបស់ខ្លួនផង និងឈានទៅប្រកួតប្រជែងផងដែរ។ ពិសេសសូមបន្តចាប់យកឱកាសពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដើម្បីជួយជំរុញដល់ដំណើរការនៃអាជីវកម្មរបស់ខ្លួន ក៏ដូចជាការផ្សព្វផ្សាយឲ្យបានកាន់តែឆាប់រហ័ស និងឆាប់ទៅដល់ដៃអតិថិជន។

៣. នៅពេលដែលបងប្អូនអាជីវករ មានបញ្ហាកើតឡើងពាក់ព័ន្ធនឹងដំណើរការអាជីវកម្មរបស់ខ្លួន សូមរួសរាន់ទាក់ទៅកាន់ស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីឲ្យស្ថាប័នទាំងនោះ ជួយអន្តរាគមន៍បានទាន់ពេលវេលា៕





Powered by Blogger.