ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីពិធីបិទវគ្គសិក្សារបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាម ចំនួន ៥០០អង្គ/នាក់ ក្នុងវគ្គសិក្សាស្តីពី “របៀបអត្ថាធិប្បាយព័ត៌មាន របៀបកាន់កម្មវិធី(ពិធីករ) និងរបៀបនិយាយជាសាធារណៈ” នៅសាកលវិទ្យាល័យធនធានមនុស្ស ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានសម្តែងនូវការកោតសរសើរ និងគាំទ្រចំពោះសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលបានរៀបចំបើកវគ្គសិក្សាដ៏មានសារៈសំខាន់នេះឡើង ដើម្បីចូលរួមពង្រឹងសមត្ថភាព និងបំពេញបន្ថែមដល់បងប្អូនអ្នកសារព័ត៌មាន មន្ត្រីរាជការ ក្រុមហ៊ុនឯកជន យុវជន យុវនារី សិស្ស និស្សិត ទាំងអ្នកនៅរាជធានីភ្នំពេញ និងមកពីបណ្តាខេត្តនានា ។

ឯកឧត្តម ស សុខា ក្នុងនាមប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជំរុញឲ្យសមាគម បន្តបើកវគ្គសិក្សាលើប្រធានបទដដែលនេះ ក៏ដូចជាប្រធានបទផ្សេងៗទៀត សំដៅចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ពិសេសវិស័យសារព័ត៌មាន ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានស្នើទៅដល់បងប្អូនសិក្ខាកាមទាំងអស់ ដែលបានបញ្ចប់វគ្គសិក្សានេះ បន្តសិក្សាស្រាវជ្រាវបន្ថែម និងយកចំណេះដឹងដែលទទួលបាននេះ ទៅអភិវឌ្ឍខ្លួន និងអង្គភាពដែលខ្លួនបម្រើការងារ ឲ្យបានកាន់តែប្រសើរថែមទៀត ។

វគ្គសិក្សាស្តីពី “របៀបអត្ថាធិប្បាយព័ត៌មាន របៀបកាន់កម្មវិធី(ពិធីករ) និងរបៀបនិយាយជាសាធារណៈ” ផ្តល់ជូនសិក្ខាកាមដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី រៀបចំដោយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សហការជាមួយសាកលវិទ្យាល័យធនធានមនុស្ស និងសារព័ត៌មានត្រយង៕









Powered by Blogger.