បាតុកម្ម​ប្រឆាំង​វិធានការ​វីរុស COVID-19 កើនឡើង​នៅ​ទីក្រុង​ក្វាង​ចូ​វ ខណៈ​កំហឹង​ចំពោះ​ការ​បិទ​ខ្ទប់​នៅ​ចិន​ផ្ទុះឡើង

ការប៉ះទង្គិច​គ្នា​បាន​កើន​ឡើង ​បន្ទាប់ពី​ការ​តវ៉ា​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទីក្រុង​សៀង​ហៃ រដ្ឋធានី​ប៉េកាំង និង​ទីក្រុង​ផ្សេងទៀត​កាលពី​ចុង​សប្តាហ៍ ​ជា​ការ​មិន​ស្តាប់​បង្គាប់​ស៊ីវិល​ដ៏​ធំ​បំផុត​ជា​បន្ត​បន្ទាប់​របស់​ប្រទេស​ចិនដីគោក​ ចាប់​តាំងពី​ប្រធានាធិបតី​លោក Xi Jinping ឡើង​កាន់​តំណែង​រយៈ​ពេល​មួយ​ទសវត្សរ៍​កន្លង​ទៅ​នេះ​។

​នៅ​ក្នុង​វីដេអូ​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម Twitter នគរបាល​បង្ក្រាប​កុប្បកម្ម​ច្រើន​នាក់​ដែល​ពាក់អាវ​ការពារ​ជំងឺ​រាតត្បាត​ពណ៌​ស បាន​កាន់​ខែល​ដាក់​នៅ​លើ​ក្បាល​របស់​ពួកគេ ខណៈ​វត្ថុ​ជាច្រើន​ត្រូវ​បាន​គប់​មក​លើ​ពួកគេ​។​ វីដេអូ​ដាច់ដោយឡែក​មួយ​បាន​បង្ហាញ​ពី​បាតុករ​គប់​វត្ថុ​រឹង​មក​លើ​នគរបាល ខណៈ​ពេល​នោះ​មាន​ធុង​ឧស្ម័ន​បង្ហូរទឹកភ្នែក​បាន​ធ្លាក់​ នៅ​កណ្តាល​ហ្វូង​មនុស្ស​មួយ​ក្រុម​នៅ​លើ​ផ្លូវ​តូច​ចង្អៀត​មួយ ដោយ​ក្រោយមក​មនុស្ស​ជាច្រើន​បាន​រត់​គ្រប់​ទិសដៅ​ដើម្បី​គេច​ចេញ​ពី​ផ្សែង​។ សារព័ត៌មាន Reuters បាន​ផ្ទៀងផ្ទាត់​ថា វីដេអូ​ទាំងនោះ​ត្រូវ​បាន​ថត​នៅ​ក្នុង​សង្កាត់ Haizhu ទីក្រុង​ក្វាង​ចូ​វ ​(Guangzhou) ប៉ុន្តែ​មិន​អាច​កំណត់​ពី​ដំណើរ​បន្ត​គ្នា​ជាក់លាក់​នៃ​ព្រឹត្តិការណ៍​នោះ និង​អ្វីដែល​បណ្តាល​ឱ្យ​មានការ​ប៉ះទង្គិច​គ្នា​នោះ​ទេ​។

ការ​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​និយាយ​ថា​ ការ​ប៉ះ​ទង្គិច​គ្នា​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​អង្គារ ហើយ​បណ្តាលមកពី​ជម្លោះ​ជុំវិញ​វិធាន​ការ​បិទ​ខ្ទប់​។ នៅ​ទីក្រុង Zhengzhou ជាទី​តាំង​នៃ​រោងចក្រ Foxconn ដ៏​ធំ​ផលិត Apple iPhones ជាទី​តាំង​នៃ​ភាពចលាចល​របស់​បុគ្គ​លិ​ករ​ជុំវិញ​វីរុស COVID-19 ក្រុមមន្ត្រី​បានប្រកាស​ពី​ការ​ដំណើរ​ការ​ពាណិជ្ជកម្ម​ឡើងវិញ​ដោយ​របៀបរៀបរយ រួមទាំង​ផ្សារ​ទំនើប កន្លែង​ហាត់ប្រាណ និង​ភោជនីយដ្ឋាន​។ ទោះជា​យ៉ាងណា បន្ទាប់មក​ពួកគេ​ក៏បាន​ចេញផ្សាយ​បញ្ជី​អគារ​ដែល​មាន​ហានិភ័យ​ខ្ពស់ នឹង​នៅតែ​ស្ថិត​ក្រោម​វិធាន​ការ​បិទ​ខ្ទប់​៕

Powered by Blogger.