ក្រិកជួយសង្គ្រោះជនចំណាកស្រុករាប់រយនាក់ចេញពីក្នុងកប៉ាល់ទ្រុឌទ្រោម និងអំពាវនាវដល់ប្រទេសអឺរ៉ុបផ្សេងទៀត ឱ្យជួយទទួលយកជនចំណាកស្រុក
អាជ្ញាធរប្រទេសក្រិក បានផ្ដល់ជម្រកដល់ជនចំណាកស្រុករាប់រយនាក់ឱ្យស្នាក់អាស្រ័យនៅលើកោះក្រេត (Crete) ក្រោយពីបានជួយសង្គ្រោះពួកគេចេញពីកប៉ាល់នេសាទដ៏ចាស់ទ្រុឌទ្រោម អំឡុងធ្វើដំណើរតាមសមុទ្រឆ្លងកាត់ទៅកាន់ប្រទេសអ៊ីតាលី ។
កប៉ាល់នេសាទខាងលើនេះ ត្រូវបានអូសយកទៅកាន់កំពង់ផែ ផាឡេអូចូរ៉ា (Paleochora) ស្ថិតនៅភាគខាងត្បូងកោះក្រេត (Crete) កាលពីល្ងាចថ្ងៃអង្គារ សប្តាហ៍នេះ ដោយក្រុមមន្ត្រីបានរាប់ចំនួនជនចំណាកស្រុក មុនពេលបញ្ជូនបន្តទៅក្នុងរថយន្ត ។ ក្នុងនោះ មន្ត្រីឆ្មាំឆ្នេរសមុទ្រ បានបញ្ជាក់ថា ជនចំណាកស្រុកមានចំនួនប្រមាណជា ៤០០ ទៅ ៥០០ នាក់ ប៉ុន្តែទាំងសញ្ជាតិ និងកន្លែងដែលពួកគេចេញដំណើរមកនោះ គឺមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ។
រដ្ឋមន្ត្រីអន្តោប្រវេសន៍របស់ក្រិក ក៏បានអំពាវនាវដល់គណៈកម្មការអឺរ៉ុប ឱ្យជួយជាបន្ទាន់ជុំវិញបញ្ហាជនចំណាកស្រុក ដោយលោកនឹងស្នើសុំសហភាពអឺរ៉ុប "ធ្វើយ៉ាងណាឱ្យមានការផ្លាស់ប្តូរទីលំនៅពួកគេ ទៅកាន់ប្រទេសសមាជិកផ្សេងទៀត និងជាផ្នែកមួយនៃសាមគ្គីភាពរបស់សហភាពអឺរ៉ុប" ។
នៅប៉ុន្មានខែចុងក្រោយនេះ ប្រទេសក្រិកបានជួយសង្គ្រោះជនចំណាកស្រុកជាច្រើននាក់ ដែលបានធ្វើដំណើរតាមសមុទ្រឆ្លងកាត់ប្រទេសក្រិក អំឡុងស្ថិតនៅក្នុងលក្ខខណ្ឌអាកាសធាតុមិនអំណោយផល ដែលបណ្តាលឱ្យមានការលិចកប៉ាល់ និងបាត់បង់អាយុជីវិតជាដើម ៕
ប្រភព៖ Reuters
Post a Comment