ប្រធានាធិបតី​ចិន​បន្ទោស​នាយករដ្ឋមន្ត្រី​កាណាដា​យ៉ាងខ្លាំង​ជុំវិញ​ទង្វើ​មិន​សមរម្យ

ប្រធានាធិបតី​ចិន​លោក Xi Jinping ដែល​ខឹងសម្បាបាន​ស្តីបន្ទោស​លោក Justin Trudeau នាយករដ្ឋមន្ត្រី​កាណា​ដា​នៅក្នុង​កិច្ចប្រជុំ G20 សម្រាប់​ការចោទប្រកាន់ថា ​បាន​បែកធ្លាយ​កិច្ចសន្ទនា​របស់​មេដឹកនាំ​ទាំង២ ​ទៅដល់​អ្នកសារព័ត៌មាន​។

មេដឹកនាំ​ទាំងពីរ​ត្រូវបាន​គេ​ថត​បាន​ដោយ​កាម៉េរា កំពុង​ពិភាក្សាគ្នា​យ៉ាង​ក្តៅគគុក​តាមរយៈ​អ្នកបកប្រែ​ម្នា​ក់ នៅ​កិច្ចប្រជុំ​កំពូល​ក្នុងប្រទេស​ឥណ្ឌូនេស៊ី​។ ​លោក Xi ហាក់ដូចជា​មានការ​ខកចិត្ត ​ខណៈ​លោក​បាន​និយាយ​ទម្លាយ​ទៅកាន់​នាយករដ្ឋមន្ត្រី​កាណាដា អំពី​របៀប​នៃ​ព័ត៌មាន​លម្អិត​នៃ​ជំនួប​រវាង​មេដឹកនាំ​ទាំងពីរ​កាលពី​ថ្ងៃ​អង្គារ ដែល​ត្រូវបាន​បែកធ្លាយ​ដល់​សារព័ត៌មាន​ដោយ​ប្រភព​រដ្ឋាភិបាល​កាណាដា​។ លោក Xi បាន​ប្រា​ប់លោក Trudeau តាមរយៈ​អ្នកបកប្រែ​ដោយ​ញញឹម​ថា អ្វី​គ្រប់យ៉ាង​ដែល​យើង​បាន​ពិភាក្សា​ត្រូវបាន​បែកធ្លាយ​លើ​សារព័ត៌មាន វា​មិន​សមរម្យ​នោះទេ​។​

​ប្រសិនបើ​មាន​ភាពស្មោះត្រង់ យើង​អាច​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន​យ៉ាង​ល្អ​ដោយ​ការគោរព​គ្នា​ទៅវិញទៅមក បើ​មិន​ដូច្នេះ​ទេ​លទ្ធផល​នឹង​ពិបាក​និយាយ​។ លោក Trudeau បាន​និយាយ​កាត់​មេដឹកនាំ​ចិន ហើយ​បាន​ដើរ​ទៅរក​មេដឹកនាំ​រូបនេះ​។ លោក Trudeau បាន​និយាយថា នៅក្នុង​ប្រទេស​កាណាដា យើង​ជឿជាក់​លើ​កិច្ចសន្ទនា​ដោយ​សេរី និង​បើក​ចំហ និង​ស្មោះត្រង់ ហើយ​នោះ​ជា​អ្វីដែល​យើង​នឹង​បន្ត​ឲ្យ​មាន ហើយ​យើង​នឹង​បន្ត​ស្វែងរក​ការងារ​រួមគ្នា​ប្រកបដោយ​ការស្ថាបនា​។ លោក Xi បាន​ងាក​ចេញ​នៅពេលដែល​លោក Trudeau ឆ្លើយតប​៕

Powered by Blogger.