មន្រ្តីជំនាញរម្លឹកពលរដ្ឋប្រុងប្រយ័ត្នពីជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យអុំទូក

 លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន​គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សហការ​ជាមួយអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៥ និងទី៦ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំទីតាំងចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ និងពិនិត្យសុខភាព ជូនប្រជាពលរដ្ឋ ស្ថិតក្នុងវត្តចំប៉ាចារ៍ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ការរៀបចំទីតាំងចាក់វ៉ាក់សាំង និងពិនិត្យសុខភាព ក្នុងវត្តនាពេលនេះ ធ្វើឡើងស្របពេលដែល​លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងក្រុមគ្រួសារផ្តួចផ្តើមរៀបចំពិធីបុណ្យកឋិនទាន។

នៅឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន មានប្រសាសន៍ បើទោះបីបច្ចុប្បន្នស្ថានភាព​ជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា មានភាពធូស្រាលក្តី តែប្រជាពលរដ្ឋមិនត្រូវ​ធ្វេសប្រហែស​នោះទេ ជាពិសេសក្នុងឱកាសពិធីបុណ្យអុំទូកនៅពេលខាងមុខ។

ក្រៅពីនេះ លោកជំទាវ បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវទៅទទួលការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ ទី៤ និងទី៥ ឱ្យបានគ្រប់ៗគ្នា ដើម្បីរក្សាបាននូវភាពស៊ាំ​បុគ្គល និងភាពស៊ាំសហគមន៍ ធានាបាននូវ​និរន្តរភាព​នៃការរស់នៅប្រចាំថ្ងៃក្នុងប្រក្រតីភាពថ្មីរបស់បងប្អូនបានយូរអង្វែងតទៅ។

ប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ បានលើកឡើងដែរថា បន្ទាប់ពីចាក់វ៉ាក់សាំងដូស​ជំរុញរួចសុខភាពធម្មតា ​កាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ និងមិនចង់ឲ្យប្រទេសកម្ពុជាវិលទៅ​រក​ការឆ្លង​ជំងឺកូវីដ-១៩ ដូចកាលឆ្នាំមុននោះទេ។លើសពីនេះ ពួកគាត់បានអរគុណដល់រាជរដ្ឋាភិបាល ដែលស្វះស្វែងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ចាប់ពីតាំងពីថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២១មក ប្រទេសកម្ពុជា បើកដំណើរការប្រទេសឡើងវិញធម្មតា តាមបែបគន្លងថ្មី ជាមួយវត្តមានជំងឺកូវីដ-១៩ ក្រោយពេលរាជរដ្ឋាភិបាលទទួលបានជោគជ័យ លើ​នយោបាយចាក់វ៉ាក់សាំងកូវីដ ស្រោចលើប្រជាពលរដ្ឋបានជាច្រើនលាននាក់។ បច្ចុប្បន្នការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាល បន្តចាត់ទុកជាយុទ្ធសាស្រ្ត​ដ៏សំខាន់មួយ ដើម្បីធានានិរន្តរភាព សេដ្ឋកិច្ច និងការរស់នៅជាធម្មតា តាមបែបគន្លងថ្មី ជាមួយជំងឺកូវីដ-១៩៕

Powered by Blogger.