កិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងបង្ហាញសមិទ្ធផលជាច្រើនក្នុងការទាក់ទាញ វិនិយោគិនបរទេស

ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម យឿន យឿត បានលើកឡើងថា ខណៈកម្ពុជា​កំពុង​ធ្វើ​ជាម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០២២នេះ កម្ពុជានឹងមានសមិទ្ធផលជាច្រើន ជាពិសេសសុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ដើម្បីបង្ហាញ និងទាក់ទាញ​ដល់​វិនិយោគិន​បរទេស​ឲ្យ​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​កាន់​តែ​ច្រើន​​ឡើង​​បន្ថែមទៀត។

ឯកឧត្តម យឿន យឿត បានលើកឡើងទៀតថា ដូចអ្វីដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២នេះ បានមានប្រសាសន៍​នា​ពេល​កន្លង​មក​ហើយ​ថា ដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាពគ្មានអំពើភេរវកម្មនេះហើយ ទើបកម្ពុជា​មាន​ភាពរីក​ចំរើន​លើ​គ្រប់វិស័យរហូតដល់សព្វថ្ងៃនេះ។ ជាងនេះទៅទៀត​កត្តា​សន្តិភាព​នេះ​ទើប​កម្ពុជា​មាន​ឱកាស​ដឹកនាំ​កិច្ចប្រជុំធំៗជាច្រើនជាពិសេសកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត នា​ពេល​ប៉ុន្មាន​​​ថ្ងៃ​ខាងមុខនេះដោយកិច្ចប្រជុំនេះនឹងមានថ្នាក់ដឹកនាំអង្គការ និងប្រទេសធំៗ​ នៅ​លើ​ពិភពលោក​ចូល​រួម​ដូច​ជាលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក នាយករដ្ឋមន្រ្តីចិន.ជប៉ុន. កូរ៉េ. ឥណ្ឌា. កាណាដា. អូស្ត្រាលី និងប្រទេសជាច្រើនទៀត។

ឯកឧត្តមទីប្រឹក្សារាជរដ្ឋាភិបាលបានលើកឡើងទៀតថា «ខណៈប្រទេសកម្ពុជា​កំពុង​ធ្វើ​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​ខាង​លើ ដោយមានថ្នាក់ដឹកនាំប្រទេសធំៗនៅលើពិភពលោកចូលរួមផងនោះ កម្ពុជានឹងមាន សមិទ្ធ​ផល និងសក្កានុពលជាច្រើនសម្រាប់បង្ហាញ និងទាក់ទាញនូវក្រុមវិនិយោគបរទេសទាំងនោះឲ្យមក ធ្វើ​ការ​រក​ស៊ី និងវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ ហើយប្រសិនបើមានអ្នកវិនិយោគបរទេស មក​កាន់តែច្រើន ការងារក៏កាន់តែច្រើនសម្រាប់បងប្អូនជនរួមជាតិខ្មែរយើងទាំងអស់គ្នាផងដែរ»។ អគុណ សន្តិភាព មានសន្តិភាពគឺមានអ្វីៗគ្រប់យ៉ាងទាំងអស់៕

Powered by Blogger.